ដោយៈ មុនីរ័ត្ន/ភ្នំពេញៈសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកនេះបានអញ្ជើញជាអធិបតីក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន ៧០តោន ដែលសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានបង្ក្រាបរឹបអូសពីជនល្មើស ។ពិធីបានប្រារព្ធនៅទីលានតាមបណ្ដោយមហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន ៧០តោន។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានយកចិត្តទុកដាក់ពង្រឹង និងជំរុញកាន់តែសកម្ម និងមានលទ្ធផលល្អគួរកត់សម្គាល់ ជាពិសេសកំពុងទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធនានា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨ តាមរយៈការខិតខំលើកកម្ពស់ការអនុវត្តយន្តការនានាដែលមានស្រាប់ នឹងការប្រជុំពិភាក្សាផ្លាស់ប្ដូរយោបល់ជាញឹកញាប់ជាមួយគ្រប់តួអង្គពាក់ព័ន្ធដើម្បីដាក់ចេញវិធានការអនុវត្តស្របតាមភាពបត់បែន នៃសភាពការណ៍បទល្មើស ជាពិសេសក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សម្រេចបានលទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះលទ្ធផលលេចធ្លោរួមមានៈ ការនាំចូលផលិតផលក្លែងក្លាយ ផលិតផលខូចគុណភាព ផលិតផលក្រោមស្តង់ដារគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ ក៏ដូចជាទីតាំងស្តុកទុក និងចែកចាយផលិតផលក្លែងក្លាយសារធាតុគីមីខុសច្បាប់ ទីតាំងកែច្នៃ និងចែកចាយផលិតផលពីសាច់សត្វដែលខុសច្បាប់ ទីតាំងកែច្នៃគ្រឿងទេសគ្មានស្តង់ដារ ឬគ្មានអនាម័យ និងទីតាំងផ្ដល់សេវាសុខាភិបាលឯកជនខុសច្បាប់ ត្រូវបានទប់ស្កាត់និងបង្ក្រាបបានជាច្រើនករណី។
ប្រភពដដែលបន្តថា ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវទទួលស្គាល់ថា ការចរាចរផលិតផលក្លែងក្លាយទាំងអស់នៅក្នុងតំបន់និងពិភពលោក រួមទាំងកម្ពុជាផងដែរនៅតែជាប្រធានបទដ៏ស្មុគស្មាញ ព្រមទាំងកំពុងវិវឌ្ឍន៍ទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវបង្កើនកិច្ចសហការនិងកិច្ចខិតខំប្រឹងប្រែងព្យាយាមបន្ថែមទៀតដើម្បីចូលរួមការពារផលប្រយោជន៍និងសុខុមាលភាពប្រជាពលរដ្ឋ៕សរន/Ha