សម្តេច​ក្រឡាហោម​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កំទេចចោល​ផលិតផល​ក្លែងក្លាយ​ជាង​៦០​តោន​

1041
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កំទេចចោល​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ប្រមាណ​ជាង​៦០​តោន នៃ​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​បង្ក្រាប​និង​រឹបអូស​ពី​ជនល្មើស​ដែល​ចរាចរ ផលិត ស្តុក​ទុក និង​ចែកចាយ​នាពេល​កន្លងមក​។ ពិធី​នេះ​កំទេចចោល​ផលិត​ក្លែងក្លាយ​ខុសច្បាប់ ធ្វើ​នៅ​បរិវេណ​ជាប់​នៅ​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែងថា កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៧ កន្លងទៅនេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចាប់​ឃាត់​នៅ​គ្រឿងសំអាង​ក្លែងក្លាយ​ខុសច្បាប់​នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ មាន​ចំនួន​ជាង​៦០​តោន ដែល​ជនល្មើស​បាន​នាំចូល ផលិត ចែកចាយ ដោយ​ខុសច្បាប់ ។ បន្ទាប់ពី​ចាប់​ឃាត់​គណៈកម្មការ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី រហូត​ទទួលបាន​ការសម្រេច​ពី​តុលាការ​ផ្តន្ទាទោស​ជនល្មើស​ចំនួន​៣​នាក់ ដោយ​ម្នាក់ៗ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​សម្រេច​រឹបអូស​វត្ថុតាង ម៉ាស៊ីន​ផលិត​ចំនួន​១៦​គ្រឿង និង​រថយន្ត​មួយគ្រឿង​ជា​សម្បត្តិ​រដ្ឋ ព្រមទាំង​បង្គាប់​អោយ​កំទេចចោល​វត្ថុតាង​គ្រឿងសំអាង​ក្លែងក្លាយ​ខុសច្បាប់​ជាង​៦០​តោន​។​

​លោក​បញ្ជាក់ថា ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ពី​បណ្តា​សមត្ថកិច្ច​អនុវត្ត​ច្បាប់​យ៉ាងណាក៏ដោយ ក៏​ជនល្មើស​នៅតែ​ព្យាយាម​បន្ត​ប្រព្រឹត្ត ពីព្រោះថា ផ្អែក​តាម​ការស្រាវជ្រាវ​ពី​សំណាក់​អង្គការ​អន្តរជាតិ​នានា បាន​បង្ហាញថា ឧក្រិដ្ឋជន​ដែល​ចរាចរ​ចែកចាយ​លើ​ផលិតផល​ក្លែងក្លាយ​ដែលមាន​ហានិភ័យ​ខ្ពស់​ដូចជា បារី សុរា ឱសថ​ក្លែងក្លាយ និង​គ្រឿងសំអាង​ក្លែងក្លាយ​ជាដើម គេ​នឹង​ទទួលបាន​ប្រាក់ចំណេញ​រាប់រយ បើ​ប្រៀប​ទៅនឹង​បទល្មើស​ដ៏ទៃទៀត ហើយ​ចំពោះ​ការដាក់ទោសទណ្ឌ​ទៀតសោត​នៅមានកម្រិត​ស្រាល​។​

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ក្នុង​ឆ្នាំ​២០១៧ បាន​១៩​ករណី រឹបអូស​វត្ថុតាង​សរុប​ចំនួន ៥៩៧,៥​តោន ធ្វើ​ពិធី​ដុតបំផ្លាញ​ចោល ៨១​តោន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕