សម្តេច​ក្រឡាហោម​: សម្តេចនាយក​រដ្ឋមន្ត្រី សម្រេច​ឲ្យ​អង្គការ​អេ​អាយ​អឹម​បន្ត​នៅ​កម្ពុជា​

628

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២១ ខែសីហា ថា ទាក់ទង​អង្គការ​មេត្រី​អន្តរជាតិ ឬ​អេ​អាយ​អឹម​(AIM) សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ឲ្យ​បន្ត ហើយ​អង្គការ​បានធ្វើ​សន្និសីទកាសែត​ដើម្បី​បកស្រាយ​បំភ្លឺ​បញ្ហា​នានា​ដែលមាន​កន្លង​ទៅដោយ​ខ្លួន​។​

​សម្តេច​ក្រឡាហោម ស ខេង ផ្តល់​សំភាសន៍​ដល់​រស្មី​កម្ពុជា (​រូប​ថ​តៈ មុនី​រ័ត្ន​)

​ការផ្តល់​សំភាសន៍​ដល់​រស្មី​កម្ពុជា បានធ្វើ​នៅក្រៅ​ជំនួប​ពិភាក្សា​ការងារ​ជា មួយ​កញ្ញា ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត នាយក​ប្រតិបត្តិការ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ នៅ​រសៀល​ថ្ងៃទី​២១ សីហា នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា សម្តេច​បានប្រគល់​ការងារ​នេះ ឲ្យ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ទាក់ទង​ជាមួយ​អង្គការ​មេត្រី​អន្តរជាតិ (AIM) ពីព្រោះ​អគ្គស្នងការ​នគរបាល​ជាតិ មាន​ចុះ​អនុស្សរណៈ (MOU) ជាមួយ​អង្គការ AIM​។

​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម គឺ​ស្រប​ពេលដែល​លោក Don Brewster ប្រធាន​អង្គការ​មេត្រី​អន្តរជាតិ (AIM) បានធ្វើ​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​របស់ខ្លួន​ដើម្បី​បកស្រាយ ចំពោះ​ការផ្សាយ​ព័ត៌មាន​ខុស ពី​ការពិត​របស់​ទូរទស្សន៍ CNN និង​ទូរទស្សន៍ ABC NEWS កាលពីពេល​ថ្មីៗ កន្លងមកនេះ​។​

​ការធ្វើ​សន្និសីទកាសែត​របស់​ប្រធាន​អង្គការ​មេត្រី​អន្តរជាតិ គឺ​បន្ទាប់ពី​ការផ្សាយ​របស់​ទូរទស្សន៍ CNN និង ABC News ដែល​បាន​ផ្សាយ​ព័ត៌មាន​បំភ្លៃ និង​មួលបង្កាច់​សេចក្តីថ្លៃថ្នូរ​របស់​អ្នក​ម្តាយ និង​ស្ត្រី​ខ្មែរ ក្រោម​ចំណងជើង នៃ​អត្ថបទ​របស់ខ្លួន ដែល​បានសរសេរថា “​ស្ត្រី​កម្ពុជា​ត្រូវបាន​ម្តាយ​យកទៅលក់​ផ្លូវភេទ ដើម្បី​យកលុយ “​នេះ​ក៏​ជាការ​បំភ្លៃ ប្រឌិត និង​បង្ខូច​កិត្តិយស​ប្រទេស​កម្ពុជា​ទាំងមូល​ដែរ​។

​លោក Don Brewster បាន​ថ្លែងថា លោក​នឹង​សរសេ​លិខិត​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តែង​សោកស្តាយ ដែល​ទូរទស្សន៍ CNN & ABC NEWS ដែល​បានដាក់​អត្តសញ្ញាណ​ខុស គឺ​មិនមែន​ក្មេងស្រី​កម្ពុជា គឺជា​ក្មេងស្រី​វៀតណាម​។ លោក​សូមទោស​ចំពោះ​ស្ត្រី​កម្ពុជា​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា ជាការ​ពិតណាស់ ទឹកចិត្ត​របស់ខ្ញុំ ដែលមាន​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ឬ​សេចក្តីស្រលាញ់ សេចក្តី​គោរព ដែលមាន​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ប្រទេស​កម្ពុជា​។ ទឹកចិត្ត​មនុស្សធម៌​ក្នុងនាម​ជា​អង្គការ​មនុស្សធម៌ បម្រើ​ជួយ​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ជនរងគ្រោះ​”​។​

​សូមជម្រាបថា ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ខ្លាំងៗ​លើ​បណ្ដាញសារព័ត៌មាន CNN ផងដែរ ចំពោះ​ការផ្សាយ​ព័ត៌មាន ដែលថា ស្ត្រី​កម្ពុជា យក​កូន​ទៅ​លក់ (​ព័ត៌មាន​មិន​ពិត​) ហើយ​បាន​ជំ​រុញឱ្យ​ស្ថានទូត​អាមេរិក ធ្វើការ​ស៊ើបអង្កេត​ផ្ទាល់ខ្លួន លើ​អង្គការ​មេត្រី​អន្តរជាតិ (AIM) ដែល​ចុះ​បំពេញការងារ​ផ្ទាល់ ភាគច្រើន ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​មាន​ទីស្នាក់ការ​កណ្តាល នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ខ្ញុំ​មិនអាច​ទទួល​យ​បានទេ ដែល​ធ្វើការ​ចុះផ្សាយ​របស់​អង្គការ​មួយ បញ្ចាំង​តាម​ទូរទស្សន៍ CNN ក៏ដូចជា ABC ដោយ​និយាយថា ម្តាយ​យក​កូន​ទៅ​លក់​ធ្វើ​ស្រីពេស្យា​នោះ​។ នេះ​ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ​។ ខ្ញុំ​ដាក់​បញ្ជា​ឱ្យ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស ពិនិត្យមើល ហើយ​បិទ​ចោល​ភ្លាមៗ​។ មិនឱ្យ​អ្នកឯង​ប្រមាថ ជនជាតិ​ខ្ញុំ​បាន​នោះទេ​៕MN
ដោយៈមុនីរ័ត្ន

លោក Don Brewster ប្រធាន​អង្គការ​មេត្រី​អន្តរជាតិ ធ្វើ​សន្និសីទកាសែត​