សម្តេច​ក្រឡាហោម ថា​កម្ពុជា​ត្រូវ​ដើរ​លើ​ពណ៌​ចម្រុះ និង​លើផ្លូវ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​

646
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: សម្តេច​ក្រឡាហោម ថ្លែងថា កម្ពុជា​គ្មាន​ផ្លូវ​ណា​ដើរ ក្រៅពី​ត្រូវ​ដើរ​លើ​ពណ៌​ចម្រុះ និង​លើផ្លូវ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​នោះទេ ព្រោះ​អតីតកាល​កន្លងមកនេះ កម្ពុជា​បាន​សាកល្បង​ឬ​ភ្ល​ក្យ​រសជាតិ​របប​នានា​រួចហើយៗ​បរាជ័យ​។​

សម្តេច​ក្រឡាហោម ស ខេង លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹម​យា់ន អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ចូលកាន់​តំណែង​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​អភិបាលរង​ម្នាក់ (​រូប​:​ភ្នំ​ស្វាយ​)​

​សម្តេច​ក្រ​គា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មាន​ប្រសា​ន៍​ដូច្នោះ​កាលពី​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​លោក​អ៊ុ រាត្រី អភិបាល​ថ្មី​និង​លោក​គឹ​ង វ​ណ្ណះ អភិបាលរង​ថ្មី​នៃ​ខេត្តបន្ទាយមានជ័យ​ដែលមាន​អ្នកចូលរួម​ប្រមាណ​១.០០០​នាក់​។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​ត្រូវ​ផ្ទេរ និង​បញ្ចប់​តំណែង​បានលើកឡើង​ពី​ស្ថានភាព​ទូទៅ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ខេត្ត ក្នុងអំឡុង​លោក​កាន់តំណែង​ពី​ខែមីនា​ឆ្នាំ​២០១៦ ដល់​ខែឧសភា​ឆ្នាំ​២០១៩ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការរីកចម្រើន ប្រសើរ​ឡើងជា​បន្តទៀត​។ តែ​ក៏មាន​បញ្ជា​ប្រឈម​មួយចំនួន​ដែល​អភិបាល​ថ្មី​ត្រូ​ង​បន្ត​ដោះស្រាយ​។​

​ប្រធាន​នាយក​រដ្ឋ​បុ​គ្គុ​លិ​ក​ក្រសួងមហាផ្ទៃ​បាន​អាន​ព្រះរាជក្រឹត្យ​លេខ​នសរកត ៥៩៤ ចុះ​ថ្ងៃទី​៨​ឧសភា​ឆ្នាំ​២០១៩ របស់​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ តែងតាំង​លោក អ៊ុ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ជំនួស​លោក​សួន បវរ ដែល​ត្រូវ​មកកាន់​ក្រសួងមហាផ្ទៃ​ដើម្បី​ទទួល​ភារកិច្ច​ថ្មី​។ និង​អនុក្រឹត្យ​មួយទៀត​តែងតាំង​អតីត​ឧ​ត្ត​ម​សេនីយ៍​ឯក​នគរបាលជាតិ លោក​គឹ​ង វ​ណ្ណះ មកជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​

​លោក អ៊ុ រាត្រី អភិបាល​ថ្មី​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​អំណ​គុណ​ថ្វាយ​ព្រះមហាក្សត្រ និង​គោរព​ជូន​សម្តេច​តេ​ជោ សម្តេច​ក្រឡាហោម​.. ដែល​បានផ្តល់​សេចក្តីទុកចិត្ត និង​តែងតាំង​លោក ហើយ​លោក​បាន​ប្តេជ្ញាចិត្ត​ខិតខំ​ទ្វេរ​ឡើង​ក្នុងការ​ដឹកនាំ​អនុវត្ត​ការងារ​តាម​តួនាទី ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​អបអរសាទរ និង​ណែនាំ​ឲ្យ​លោក​អភិបាល អភិបាលរង​ថ្មី​ខេត្តបន្ទាយមានជ័យ និង​ចាស់​ព្រមទាំង​មន្ត្រី​អា់ជ្ញាធរ មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ខិតខំ​អនុវត្ត​ការងារ ក៏ដូចជា​ផ្តល់​សេវា​បម្រើ​ពលរដ្ឋ​។​

​សម្តេច​ក្រឡាហោម​បាន​រំលឹក ក៏ដូចជា​បញ្ជា​ក់នូវ​ការប្រកាន់​ខ្ជាប់​គោល​មាគ៌ា​របស់​កម្ពុជា គឺ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង ហើយ​ចង​ជាប់​មិនអោយ​កែប្រែ​ឬ​ធ្វើ​វិសោធនកម្ម​ឡើយ​នូ​ង​ចំណុច​នេះ​។ ពោលគឺ​មាគ៌ា​នេះ កម្ពុជា​ត្រូវ​ជ្រើសរើស និង​ប្រកាន់យក​ជា​ភាព​ចម្រុះ​ពណ៌ ដែល​ជាល​ក្ច​ណៈ​ជាពិសេស​របស់ខ្លួន សូម្បី​ប្រទេសជិតខាង​កម្ពុជា ក៏​មិន​ដូច​យើង​ផង​។ ប្រជាជាតិ​កម្ពុជា ក៏​ដូច​រាជ​រដ្ឋាក​ភិ​បាល​កម្ពុជា និង​គណបក្ស​ប្រជាជន​ដែល​កាន់អំណាច ត្រូវតែ​ប្រកាន់​ជំហរ​នេះ ត្រូវគោរព អនុវត្ត​ស្របតាម​ពលរដ្ឋ​របស់ខ្លួន​ចង់បាន​។ គឺ​ពលរដ្ឋ​កម្ពុជា​យើង​ចង់បាន​ការបោះឆ្នោត​ដែល​សេរី ពហុបក្ស ។​ចង់បាន​សប្បាយ អភិវឌ្ឍន៍ សន្តិភាព ។​

​ដូច្នេះ ក្នុងនាម​យើង​ជា​អ្នកដឹកនាំ ជា​អ្នកនយោបាយ យើង​មិនអាច​អូសទាញ​ឬ​បង្ខំ​អោយ​ពួកគាត់​ទៅខាង​បង្ហូរឈាម ទៅ​សង្គ្រាម ទៅ​របប​នយោបាយ​ចាស់​ក្នុង​ដាន​អតីតកាល​បានទេ​។ ប្រទេស​កម្ពុជា​ជា​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប មិនមែនជា​របស់​ថ្នាក់ដឹកនាំ​ប៉ុន្មាន​នាក់​ហ្នឹង​ទេ យើង​ត្រូវ​ស្តាប់​និង​គោរព​ពួកគាត់​។ មិន​អាចធ្វើ​បដិវត្ត​ពណ៌ណា​ផ្លាស់ប្តូរ​របប ដូច​បច្ចុប្បន្ន​របស់​ក​ម្ពុ​ជា​ឡើយ​។ ព្រោះ​ការប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ដោយ​គណបក្សប្រឆាំង​កាលពី​ឆ្នាំ​២០១៣ នោះ ក៏​បរាជ័យ​។ គ្មាន​ពលរដ្ឋ គ្មាន​កងកម្លាំង​ណា​គាំទ្រ​ទេ​។ កម្ពុ​ជាមាន​ពណ៌​ចម្រុះ​ហើយ កុំ​បាច់​លាប​ពណ៌ ធ្វើ​បដិវត្ត​ពណ៌​អី​ទៀត​។​

​ទោះជា​យ៉ាងណា​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា​: ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​ចាក់ឫស​រឹងមាំ យើង​ត្រូវ​ពង្រឹង ហើយ​ត្រូវការ​ពេលវេលា​សមស្រប​បន្តទៀត​៕ ល​