សម្តេច​ក្រឡាហោម ស ខេងៈ ការពង្រាយ​កម្លាំង​តាម​បណ្តោយ​ព្រំដែន​គឺ​ដើម្បី​ចាប់ខ្លួន​ក្រុម​ឧទ្ទាម​

572
ចែករម្លែក
សម្តេច​ក្រឡាហោម ស ខេងៈ ការពង្រាយ​កម្លាំង​តាម​បណ្តោយ​ព្រំដែន​គឺ​ដើម្បី​ចាប់ខ្លួន​ក្រុម​ឧទ្ទាម​(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការខកខាន​នៃ​ដំណើរ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​របស់​ទណ្ឌិត សម រង្ស៊ី ដែល​តាំងខ្លួន​ជា​មេដឹកនាំ​គណ​ក្ស​ប្រឆាំង​ដែល​ត្រូវបាន​រំលាយចោល​ដោយ​តុលាការ​កំពូល នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​បានធ្វើ​ឲ្យ​មានការ​វិភាគ​វែកញែក​តាម​ទស្សនៈ​ផ្សេងៗ​គ្នា​ជាច្រើន​ហើយ​មាន​ទស្សនៈ​ខ្លះ​បាន​ស្តីបន្ទោស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ថា​បាន​ចាត់វិធានការ​ជាច្រើន រួមទាំង​ការប្រើប្រាស់​កងកម្លាំង ក្នុង​កិច្ច​រារាំង​ដំណើរ​វិលត្រឡប់​នេះ ។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម ស ខេង នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​។​

​សម្តេច​ក្រឡាហោម សខេង បាន​ចោទ​ជា​សំណួរ​ថា តើ​ការខកខាន​មិនអាច​ចូលមក​ក្នុងប្រទេស របស់លោក សម រង្ស៊ី និង​បក្ខពួក​របស់គាត់ នៅពេលនេះ​ជា​កំហុស​របស់​នរណា​? មិនមាន​អ្វីដែល​ត្រូវ​ប្រកែក​បានឡើយ ! ជាមួយនឹង​ការប្រកាស​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​វិញ ទណ្ឌិត សម រង្ស៊ី បាន​ថ្លែង​ជា​បន្តបន្ទាប់ និង​ធ្វើ​សកម្ម​ភាពមិន​ឈប់ឈរ តាម​មធ្យោបាយ និង​រូបភាព​ផ្សេងៗ ដោយបាន​បំផុសបំផុល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជំនឿ​លើ​ខ្លួន ទាំង​ក្នុង និង​ក្រៅប្រទេស​ថា ការវិលត្រឡប់​របស់​គាត់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា នេះ នឹង​បង្កើត​ឡើងជា​ចលនា​មហាជន​ដ៏​ធំ​មួយ​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ តាមរយៈ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល ការចាប់ខ្លួន​នាយករដ្ឋមន្ត្រី ព្រមទាំង​បានប្រកាស​ញុះញង់​បំបែកបំបាក់​កងទ័ព​ជាតិ ដោយ​បង្កើត​មូលនិធិ​ចិញ្ចឹម​កងទ័ព ហើយ​ហ៊ាន​រហូតដល់​ប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ​ដែល​ព្រះអង្គ​គង់​ជា​និមិត្តរូប​ជាតិ និង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ​។


​សម្តេច​ក្រឡាហោម​បាន​បន្តថា សកម្មភាព​ទាំងនេះហើយ ដែល​ទណ្ឌិត​សម រង្ស៊ី និង​បក្ខពួក​ត្រូវបាន​តុលាការ​ចោទ​ប្រកាប​ពីបទ​ល្មើស​ឧបឃាត និង​រួមគំនិត​ក្បត់ ព្រមទាំង​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវតែ​អនុវត្ត​ច្បាប់​តាម​ដីការ​តុលាការ និង​ចាត់វិធានការ​នានា ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​សុខសន្តិភាព ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​មួយ ដែល​ទើបតែ​ងើប​ផុតពី​សង្គ្រាមស៊ីវិល ដ៏​រ៉ាំរ៉ៃ និង​របប​ប្រល័យពូជសាសន៍ ដែល​បាន​បំផ្លិចបំផ្លាញ​សង្គមជាតិ​យើង​ស្ទើរ​រលាយ​សូន្យសុង ។ ទោះជា សម រង្ស៊ី និង​បក្ខពួក បាន​នឹង​កំពុង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​យ៉ាងធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ក៏​គេ​មិន​បោះបង់ចោល​នូវ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដោយ​កម្លាំង​ខុសច្បាប់​នោះឡើយ ហើយ​នៅតែ​ផ្គេ​ី​ន​អះអាង​អំពី​ផែនការ​នេះ​ចំពោះ​អ្នកគាំទ្រ​មួយក្រុម​តូច​រហូតមកដល់​បច្ចុប្បន្ន ។ ប៉ុន្តែ​ផែនការ​នេះ​មិនត្រូវ​បានទទួល​ស្វាគមន៍​ដោយ​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នោះឡើយ ។​


​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ លោកស្រី មួរ សុខ​ហួរ ជា​មនុស្ស​ជំនិត​នឹង​ទណ្ឌិត សម រង្ស៊ី បាន​សាកល្បង​វិលត្រឡប់ ដោយ​ប្រើប្រាស់​ប្រទេស​ថៃ​ជា​កន្លែង​ផ្លាស់ប្តូរ​យន្តហោះ ហើយ​ត្រូវបាន​នគរបាល​អន្តោ​ប្រវេ​ស្តន៍​ថៃ​បដិសេធ​មិន​ឲ្យ​ចូល​ប្រទេស​ក្រោម​ហេតុផល​ថា​វត្តមាន​របស់លោក​ស្រី​នៅក្នុង​ប្រទេស​នេះ​អាច​នាំឱ្យមាន​ភាពវឹកវ​រ​ក្នុងសង្គម ឬ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ ទណ្ឌិត សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ផ្ញើជូន​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ដើម្បី​ស្នើសុំ​អនុញ្ញាត​ឆ្លងកាត់​ទឹកដី​ប្រទេស​ថៃ​ចូលមក​កម្ពុជា ប៉ុន្តែ​មិនមាន​ការឆ្លើយតប​ជា​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ​ឡើយ ។ រហូតមកដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ជា​សាធារណៈ​ថា លោក​សម រង្ស៊ី នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ប្រទេស​កម្ពុជា​ដោយ​ឆ្លងកាត់​ទឹកដី​ថៃ​នោះឡើយ ។ លោក​ប្រា​យុទ្ធ​បាន​លើកឡើងថា​កាតព្វកិច្ច​របស់​ប្រទេស​ថៃ​ដែលជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​គឺ​ចៀសវាង​ការប្រើប្រាស់​ទឹកដី​ប្រទេស​របស់ខ្លួន​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសជិតខាង​របស់ខ្លួន ។​


​លោក​ប្រា​យុទ្ធ​បាន​មានប្រសាសន៍ថា​“ យោងតាម​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​អាស៊ាន​យើង​នឹងមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅវិញទៅមក​ទេ ហើយ​យើង​ក៏​នឹងមិន​អនុញ្ញាត​ឱ្យមាន​អ្នកប្រឆាំង​រដ្ឋាភិបាល​ប្រើប្រាស់​ប្រទេស​ថៃ​សម្រាប់ធ្វើ​សកម្មភាព​” ដែរ ។​
​ការប្រកាស​របស់​ប្រទេស​ថៃ​មួយ​លើក ជា​ពីរលើក​នេះ ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ពិតជា​ដឹង​យ៉ាងច្បាស់​ហើយ​ថា​មិន​អាចមាន​វិធី​ដឹកនាំ​កម្លាំង​របស់ខ្លួន​ចូលមក​ប្រទេស​កម្ពុជា​បានឡើយ ប៉ុន្តែ​លោក សម រង្ស៊ី នៅតែ​បន្ត​ភូតកុហក​អ្នកគាំទ្រ​ថា​នឹង​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ រហូត​ពេលនេះ​ជាមួយនឹង​ការបិទបាំង​ភាពអាម៉ាស​នៃ​ការបរាជ័យ​ក្នុង​ផែនការ​ចូលមក​កម្ពុជា ទណ្ឌិត សម រង្ស៊ី និង បក្សពួក បាន​ខិតខំ​ស្វែងរក​លេស​ជាច្រើន​ដើម្បី​ចោទប្រកាន់ថា​រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​រារាំង ។​


​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​មួយរូប លើ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​បានបញ្ជាក់​ច្បាស់​ហើយ​ថា ការពង្រាយ​កងកម្លាំង​នៅតាម​បណ្តោយ​ព្រំដែន ជាពិសេស​ជាប់​នឹង​ប្រទេស​ថៃ​នោះ គឺជា​ការត្រៀម​អនុវត្តតាម​ដីកា​តុលាការ ដើម្បី​ចាប់ខ្លួន​សមាជិក​ក្រុម​ឧទ្ទាម និង​ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់​សាធារណៈ និង​របៀបរៀបរយ​សាធារណៈ នៅតាម​តំបន់​ព្រំដែន គឺ​ពុំមែន​ជា​ការបិទច្រក​ព្រំដែន​នោះឡើយ ។ រហូតមកទល់​ពេលនេះ​មិនមាន​ការបិទ​ច្រកព្រំដែន​ណាមួយ​ឡើយ ហើយ​សកម្មភាព​ចរាចរ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​ព្រំដែន​នានា មាន​ដំណើការ ជាធម្មតា​។ នៅពេលនេះ​មិនមាន​ការប្រកាស​ណាមួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ហាមប្រាម​ទណ្ឌិត សម រង្ស៊ី និង​ក្រុម​របស់គាត់ មិន​ឲ្យ​ចូល​ប្រទេស​ឡើយ ។ បានន័យថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​គោរព និង អនុវត្ត​យ៉ាង​ខ្ជាបខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោរព​សិទ្ធិសេរីភាព​របស់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​ដោយ​ស្មើភាព​។ ដូច្នេះ​ការវិលត្រឡប់​ចូល​ប្រទេស​របស់​ទណ្ឌិត សម រង្ស៊ី និង បក្ខពួក ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​គឺ​ពុំមាន​អ្វី​រារាំង​ឡើយ ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រកាស​ផងដែរ​ពី​ការរក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​ច្បាប់​ចំពោះ​សកម្មភាព​ទាំងឡាយ​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​សន្តិភាព ស្ថិរភាព​សង្គម និង​សន្តិសុខ​នៃ​រដ្ឋ ដើម្បី​ធានា​ការពារ​ឲ្យ​បានជា​ដាច់ខាត​នូវ​សន្តិភាព សន្តិសុខ និង​សុវត្ថិភាព​សង្គម ជូន​ជាតិ​និង​ប្រជាជន​កម្ពុជា​៕​សរន​