សម្តេច​ក្រឡាហោម ស ខេង : ករណី​បង្កៃ​គ្រាប់បែក​បេ ៤០​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​ចេតនា​បង្កចលាចល

1193
ចែករម្លែក
សម្តេចក្រឡាហោមសខេង

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពង្រឹង​កិច្ចការពារ​តាម​មូលដ្ឋាន ដោយបាន​លើក​ពី​ករណី​បង្កៃគ្រាប់​បែក​បេ​៤០ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ថា​ជា​ចេតនា​បង្កចលាចល ដើម្បី​បង្កើត​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។
​សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​សំណាង​ហើយ ដែល​គ្រាប់​នោះ​មិន​ផ្ទុះ​។ តែ​ត្រូវ​ស្រាវជ្រាវ​ឲ្យ​ឃើញថា​វា​យ៉ាងម៉េច​»​។ ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង​នេះ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​បាត់ដំបង ។​

គ្រាប់បង្កៃ

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា នេះ​ថា កម្លាំង​ជំនាញ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះទៅ​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​ករណី​បង្កៃគ្រាប់​បេ ប្រភេទ បេ​៤០(B40) ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​កប់​ដើម្បី​ត្រៀម​បំផ្ទុះ​នៅក្រោយ​អនុវិទ្យាល័យ ហ៊ុនសែន រួច​ចំប៉ី ស្ថិតក្នុង​សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ម្សិលមិញ​នេះ​។

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា មាន​ករណី​ករណី​បង្កៃគ្រាប់​បេ ប្រភេទ B40 (​ផលិត​នៅ​សូ​វៀត​) ចំនួន​បួន​គ្រាប់ ដែល​បាន​ត្រូវបាន​កប់​នៅ ក្រោយ​អនុវិទ្យាល័យ ហ៊ុនសែន រួច​ចំប៉ី ស្ថិតក្នុង​សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ។ គ្រាប់​បេ ទាំង ៤​គ្រាប់​នោះ ត្រូវបាន​កប់ នៅ​ចំណុច​ទីតាំង​បី ក្បែរៗ​គ្នា (២​គ្រាប់ កប់​ជាមួយគ្នា និង ១ គ្រាប់​នៅ ទីតាំង មួយ និង ១ គ្រាប់​នៅ​តាំង​ផ្សេង​មួយទៀត​)​។ របៀប​នៃ​ការ​កប់ គឺ​ដូចគ្នា ដោយ ជីក​កប់ ដាក់​ចុង​គ្រាប់​ផ្តេក​ឡើងលើ យក​រំសេវ​ចាក់​ជុំវិញ និង ដោត​ធូ​កមួ​យស​សៃ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជាក់ថា ប​ច្បុ​ប្បន្ន​សមត្ថកិច្ច​បាន​ប្រមូល​គ្រាប់​ទាំងនោះ មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​ឧ​ត្ត​រ​មានជ័យ ដើម្បី​មន្ត្រី​បច្ចេកទេស​ធ្វើ​កោសល​វិ​ច្ច័​យ​។ អគ្គស្នងការ​ដ្នា​ន​នគរបាលជាតិ បាន​បញ្ជូន​កម្លាំង​ជំនាញ​ទៅ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។​


​លោក ហម ភិរម្យ អធិការ​ក្រុង​សំរោង បានឱ្យដឹងថា​បន្ទាប់​ទ​ទូល​បាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កើតហេតុ​ពិនិត្យឃើញ​មាន​គ្រាប់​ពិតប្រាកដ​មែន ដែលជា​គ្រាប់​ប្រភេទ​បេ​៤០ ថ្មី ផលិត​នៅ​ប្រទេស​សូ​វៀត សរុប​ចំនួន​បួន​គ្រាប់ បានដាក់​បង្កៃ​បី​ទីតាំង​ខុសគ្នា ។ ដោយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​មាន​ចំងាយ ១០​ម៉ែត្រ ។​
​លោក​បន្តថា ចំណុច​ទី​១. ជីក​កប់​ចំនួន​ពីរ​គ្រាប់ ដាក់​ចុង​គ្រាប់​ផ្តេក​ឡើងលើ ហើយ​មាន​យក​រំសេវ​មកចាក់​ជុំវិញ និង​មាន​ដោត​ធូប មួយ​សរសៃ ។ ចំណុច​ទី​២. ជីក​កប់​ចំនួន មួយ​គ្រាប់ ដាក់​ចុង​គ្រាប់​ផ្តេក​ឡើងលើ ហើយ​មាន​យក​រំសេវ​មកចាក់​ជុំវិញ និង​មាន​ដោត​ធូប មួយ​សរសៃ និង​ចំណុច​ទី​៣ ជីក​កប់​ចំនួន​មួយ​គ្រាប់ ដាក់​ចុង​គ្រាប់​ផ្តេក​ឡើងលើ ហើយ​មាន​យក​រំសេវ​មកចាក់​ជុំវិញ និង​មាន​ដោត​ធូប​មួយ​សរសៃ​៕​សរន​