សម្តេច​ក្រឡាហោម ស ខេង ជួប​ជាមួយ​អគ្គនាយករង​នាយកដ្ឋាន​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ក្រសួង​សន្តិសុខ​ចិន​

865
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ស៊ីន ស៊ី​កូ អគ្គនាយករង​នាយកដ្ឋាន​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ក្រសួង​សន្តិសុខ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​បន្ទាប់ពី​ជំនួប​ចប់​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ក្រុម​ដែល​ចូលជួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង គឺជា​ក្រុម​ដែល​មក​ប្រជុំ​លើក​ទី​២ ប្រចាំឆ្នាំ បន្ទាប់ពី​បានធ្វើការ​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀងទ្វេភាគី រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​២០១៦ ដែល​កាលនោះ​មាន​លោក​ស៊ី ជី​ង​ពីង ប្រធានាធិបតី​ចិន មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​បាន​ធ្វើជា​អធិបតី​នៅក្នុង​ការចុះ​កិច្ចព្រមព្រៀង​ទាំងនោះ​។ ហើយ​ទាំងពី​នោះមក គឺ​ឃើញថា មានការ​ជម្រុញ​ការអនុវត្ត និង​ធ្វើ​ឲ្យ​មានការ​រាយការណ៍ ផ្លាស់ប្តូរ​ព័ត៌មាន​ជំរុញ​ការអនុវត្ត​សម្រាប់​ឆ្នាំក្រោយ​ទៀត​។ កិច្ចប្រជុំ​លើក​ទី​២​នេះ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ហើយ​ភាគី​កម្ពុជា គឺជា​អ្នកទទួលបន្ទុក​ជា​ម្ចាស់ផ្ទះ​។​

​លោកស្រី​បាន​បន្តថា នៅក្នុង​ជំនួប​ពិភាក្សា សម្តេច​ក្រឡាហោម​បាន​សម្តែង​ការ​សាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ច​ពិភាក្សាគ្នា​របស់​ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ ដោយហេតុថា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ទៅលើ​របាយការណ៍ ក៏ដូចជា​ឯកភាព​ទៅលើ​ចំណុច​ដែល​ខ្វះចន្លោះ ហើយ​និង​ត្រូវ​បន្ត​ជម្រុញ​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៨​។ ដោយ​សម្តេច​ក្រឡាហោម ស ខេង បាន​ជូនពរ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ នៅក្នុង​ការកំណត់​ដែល​បានដាក់​ចេញរួច​ហើយ ដើម្បី​ឲ្យ​ស្របទៅតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល ដែលមាន​ឆន្ទៈ​ដូចគ្នា នៅក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​៕