សម្តេច​ក្រឡាហោម ស ខេង ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ថ្មី​

758
ចែករម្លែក
សម្តេច​ក្រឡាហោម ស ខេង ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ថ្មី​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានទទួល ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អូ ណាក់ យ៉ុង​(Oh Nak-yuong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ថ្មី​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៨​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។​ក្នុងជំនួបនេះភាគីទាំងពីរសុទ្ធបង្ហាញនូវការពេញចិត្ត។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា នៅក្នុង​ជំនួប​ពិភាក្សា សម្តេច​ក្រឡាហោម ស ខេង បាន​អំណរគុណ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា កូរ៉េ ដែលជា​ច្រើន​ឆ្នាំ​កន្លងមកនេះ បាន​បង្កើត​ផល​ជា​ផ្លែផ្កា​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​រវាង​ស្ថាប័ន​អនុវត្ត​ច្បាប់​ក្រសួងមហាផ្ទៃ​ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​ក្រសួងមហាផ្ទៃ​របស់​កូរ៉េ​ផងដែរ​។​
​ ​លោក​បន្តថា ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​របស់​កម្ពុជា និង​ពេញចិត្ត​ចំពោះ​ការជួយ​គាំទ្រ​របស់​ក្រសួងមហាផ្ទៃ​ទៅដល់​ដំណើរការ​ឬក៏​សំណូមពរ​ផ្សេងៗ របស់​ស្ថានទូត​កូរ៉េ ដែល​ទទួល​ការចាប់​ងារ​ម្មណ៍ និង​ដោះស្រាយ​យ៉ាង​ល្អប្រសើរ​ពី​ក្រសួងមហាផ្ទៃ​កម្ពុជា​។ ដោយ​លោក​មានបំណង​ក្នុង​ការជួយ​ដល់​ការងារ​បណ្តុះបណ្តាល​ទៅលើ​ការងារ​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​កម្ពុជា​ស្របពេល​ដែល​កំណើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​មានការ​កើនឡើង និង​ជួយ​គាំទ្រ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​។​
​ ​តប​ទៅ​លោក​ទូត​វិញ​សម្តេច​ក្រឡាហោម ស ខេង បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ដោយ​សម្តេច​បានលើកឡើង​ថា ទំនាក់ទំនង​របស់​ក​ម្ពុ​ជា​ជាមួយនិង​កូរ៉េ​កើន​ឡើងជា​បន្តបន្ទាប់​។ សម្តេច​ក៏បាន​ស្នើ​ទៅដល់​ស្ថានទូត​បើ​មាន​កិច្ចការ​អ្វី​អាច​ស្នើ​មហា​ក្រសួងមហាផ្ទៃ ដើម្បី​សហការ​ដោះស្រាយ​ជាមួយគ្នា​។ សម្តេច​បានលើកឡើង​អំពី​ទំនាក់ទំនង​ដោយផ្ទាល់​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា​ជាមួយនិង​ខាង​ភាគី​កូរ៉េ​ដែល​យើង​មាន​ខេត្ត ក្រុង សម្ព័ន្ធភាព​ជាមួយនិង​ខាង​ភាគី​កូរ៉េ​។​សម្តេច​បន្តថា​ក្រសួងមហាផ្ទៃ​ក៏​ទើបតែ​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួងមហាផ្ទៃ​កូរ៉េ​កាលពីពេល​ថ្មីៗ​នេះ លើ​ការងារ​កំណែ​ទម​ម្រ​ង់​រដ្ឋបាល​មូលដ្ឋាន​។ ហើយ​ជាពិសេស​ទៅទៀត កងកម្លាំង​រវាង​ប្រទេស​ទាំងពីរ​ក៏មាន​ទំនាក់ទំនង​គ្នា​ល្អ​លើ​ការងារ​ថែរក្សា​សន្តិសុខ ជាពិសេស​នៅលើ​ការងារ​សន្តិសុខ​ដោយផ្ទាល់​៕មន

 

#