សម្តេច​ក្រឡាហោម ស ខេង ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​និមិត្តសញ្ញា​ខេត្តកណ្តាល​

.​និមិត្តសញ្ញា​ខេត្តកណ្តាល​បង្កប់​អត្ថន័យ​ពិសេស ៩​យ៉ាង​

310
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត និង​ដាក់​ឱ្យប្រើ​ប្រស់​និមិត្តសញ្ញា​ខេត្តកណ្តាល​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​។

និមិត្តសញ្ញា​ខេត្តកណ្តាល​

​យោងតាម​ប្រកាស​ស្តីពី​បង្កើត និង​ដាក់​ឱ្យប្រើ​ប្រស់​និមិត្តសញ្ញា​ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ចុះ​ហ​ហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង បានបង្ហាញ​ពី​អត្ថន័យ​ដូចតទៅៈ រង្វង់​មូល​ពណ៌​មាស​ព័ទ្ធជុំវិញ​៖ តំណាងឱ្យ​ទឹកដី​ខេត្តកណ្តាល ដែល​ហ៊ុម​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​។ មហា​ចេតិយ​ចំនួន​៣៖ តំណាងឱ្យ​ជាតិ សាសនា ព្រះមហាក្សត្រ និង​តំណាង​ឱ្យអំណាច​ទាំង​៣​របស់​រដ្ឋ គឺ អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ​។ ព្រះ​សក្យមុនីចេតិយ​៖ តំណាងឱ្យ​ទី​តម្កល់​នូវ​ព្រះ​សារី​រីក​ធាតុ​ជាទីគោរព​សក្ការៈ​របស់​ប្រជាជន​កម្ពុជា ចំពោះ​ព្រះពុទ្ធសាសនា​។ កំពូលចេតិយ​៖ តំណាងឱ្យ​អរិយធម៌ និង​ភាព​ខ្ពង់ខ្ពស់​នៃ​ប្រជាជាតិ​កម្ពុជា តាំងពី​បុរាណសម័យ​។​ក្បូរ​ក្បាច់រចនា​៖ តំណាងឱ្យ​ភាព​ស៊ី​វិ​ល័យ ភាព​រីកចម្រើន ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការ​ប្រែក្លាយ ទឹកដី​ជនបទ​ទៅជា​ទីក្រុង​។ ឆ័​ត្រ​រូត ៧​ជាន់​៖ តំណាងឱ្យ​ថ្ងៃ​ទាំង​៧ នៃ​សប្តាហ៍ និង​ថ្ងៃ​ជ័យជំនះ ៧​មករា​។ ភ្នំ​រាជទ្រព្យ​៖ តំណាងឱ្យ​មណ្ឌល​ដែនដី និង​ការគ្រប់គ្រង​ទឹកដី​នៃ​ខេត្តកណ្តាល​។ ដើមឈើ​ពណ៌​បៃតង​៖ តំណាងឱ្យ​បរិស្ថាន​ល្អ​សំបូរ​ទៅដោយ​ធនធានធម្មជាតិ រុក្ខជាតិ​គ្រប់​ប្រភេទ និង​ភាព​រីកចម្រើន​នៃ​វិស័យ​កសិកម្ម​។ ពពក​៖ តំណាងឱ្យ​ភាពត្រជាក់ត្រជុំ សុខដុមរមនា​របស់​ប្រជាជន​ដែល​រស់​ក្រោម​ដំបូល​នៃ​សុខសន្តិភាព នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រកាស​ដដែល​បាន​បន្តថា និមិត្តសញ្ញា​ដែលមាន​រាង​មូល​នេះ ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ ដូចជាៈ ដាក់​នៅ​កន្លែងធ្វើការ​ងារ ដាក់​នៅលើ​ក្បាល​លិខិត ឯកសារ និង​ស្រោមសំបុត្រ​ផ្លូវការ ប្រើប្រាស់​ក្នុង​ពិធី​នានា​របស់​រដ្ឋបាលខេត្ត​កណ្តាល ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងករណី​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​៕ ល​