សម្តេច​ក្រឡាហោម ស ខេង អញ្ជើញទៅ ​វៀតណាម​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២០

159
ចែករម្លែក
សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ទៅវៀតណាម​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២០

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ទៅ​បំពេញ​ទស្សនកិច្ច​ការងារនៅ​ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ តប​តាម​ការអញ្ជើញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាលនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ដោយបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​សម្តេច​ក្រឡាហោម ស ខេង ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ទីក្រុង​ហូជីមិញ រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧-១៩ ខែមករា ។ ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការបន្ត​អនុវត្ត​យន្តការ​សហប្រតិបត្តិកា​រ​ទ្វេភាគី​ប្រចាំឆ្នាំ រវាង​ក្រសួងមហាផ្ទៃនៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រសួង​នគរបាលនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​


​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ និង​ចុះហត្ថលេខា លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២០ សម្រាប់​អនុវត្ត​បន្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយ​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​តួនាទី និង​ភារកិច្ច​កងកម្លាំង​នគរបាល ក្នុងការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​៕​សរន​/Ha