(ភ្នំពេញ)៖ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យលោកប៉ុល លឹមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជួបពិភាក្សាជាមួយក្រុមអង្គការ សមាគមក្រៅរដ្ឋាភិបាលដើម្បីជជែកពិភាក្សាអំពីសិទ្ធិស្របច្បាប់ក្នុងការសហការរបស់ដៃគូអង្គការសង្គមស៊ីវិលអំពីសកម្មភាពសង្កេតការណ៍បោះឆ្នោត។ ប៉ុន្តែការកំណត់ថ្ងៃជួបគ្នានៅមិនទាន់បានកំណត់នៅឡើយទេ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឲ្យដឹងថាសម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យលលោកប៉ុល លឹម ជួបជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាលដែលចង់បកស្រាយអំពីគោលបំណង និងសកម្មភាពបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត។
ចំណែលោកប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ថាការជួបគ្នានៅមិនទាន់កំណត់ថ្ងៃនៅឡើយទេ ដោយសារតែលោកទើបតែទទួលបានលិខិតកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។ហើយលោកកំពុងតែពិនិត្យអង្គហេតុនិងកម្មវត្ថុ ដែលខាងក្រុមអង្គការក្រៅរដ្ឋាភិបាលបានដាក់មក។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ អង្គការខុមហ្វ្រែល និងនិចហ្វិក បានធ្វើលិខិតដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំជួបជាមួយសម្តេចក្រឡាហោម ស ខេង ឬតំណាងក្រសួងមហាផ្ទៃដើម្បីបកស្រាយអំពីគោលបំណង និងសកម្មភាពបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ដែលចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។ ហើយសង្ឃឹមថា ការជួបពិភាក្សាក៏អាចទទួលបានការផ្តល់យោបល់ ឬការណែនាំដោយសម្តេចក្រឡាហោម ស ខេង ឬក្រសួងមហាផ្ទៃក្នុងការលើកស្ទួយ និងការពង្រឹងការគោរពសិទ្ធិស្របច្បាប់ស្តីពីការសហការ និងសម្របសម្រួលរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងសកម្មមភាពសង្កេតការណ៍បោះឆ្នោតនៅពេលខាងមុខ។
សូមជម្រាបថា នៅក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យមើលបន្ទប់ស្ថានការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើកិច្ចការបោះឆ្នោត តើស្របច្បាប់ ឬមិនស្របច្បាប់ ដោយសម្តេចបានសង្កត់ធ្ងន់ថា បើបន្ទប់ស្ថានការណ៍នោះមិនស្របច្បាប់ ហើយអ្វីដែលបានធ្វើកន្លងមកត្រូវទទួលទោសបែបណា។ក្នុងពេលដែលកម្ពុជាមានច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល។ បន្ទប់ស្ថានការណ៍ជាមួយនឹងគណបក្សប្រឆាំង គឺដើរស្របគ្នា។ យើងបានដឹងហើយថាអង្គការក្រៅរដ្ឋាភិបាលមួយៗ បានចុះឈ្មោះ ប៉ុន្តែរបស់ដែលហៅថា បន្ទប់ស្ថានការណ៍ដែលជាអ្នកខោកក្បាលទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តើពួកគេមានសិទ្ធិបង្កើតនៅទីតាំងបែបនេះ ជាមូលដ្ឋានបញ្ជា នៃគោលការណ៍បដិវត្តន៍ពណ៌ ប្រសិនបើយ៉ាងដូច្នោះ ក្រសួងមហាផ្ទៃត្រូវចាត់ការជាបន្ទាន់នៅអ្វីដែលពួកគេបាននឹងកំពុងធ្វើ ក្រោមឡេះតាមការពិនិត្យមើល នៃការបោះឆ្នោត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទជាសំនួរថា តើអ្វីទៅដែលហៅថា បន្ទប់ស្ថានការណ៍ ដែលនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យអាប់អួរយ៉ាងខ្លាំង ជាមួយនឹងលទ្ធផលនៃការបោះឆ្នោត។ តើបន្ទប់ស្ថានការណ៍បានចុះឈ្មោះនៅក្រសួងមហាផ្ទៃឬទេ? ៕ដោយ៖មុនីរត្ន