សម្តេច​ក្រឡាហោម ស ខេង: “​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត មិនមែនជា​ប្អូនបង្កើត​របស់ខ្ញុំ​ទេ​”

459

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទីនិង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បដិសេធថា ​ឧ​ត្ត​ម​សេនីយ៍ឯក ស ថេត មិនមែនជា​ប្អូនបង្កើត​របស់​សម្តេច​ទេ​។ ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពីសារ​ព័​ត៌មាន​មួយចំនួន​បាន​ផ្សាយ​ថា ​ឧ​ត្ត​ម​សេនីយ៍ ស ថេត ជា​ប្អូនបង្កើត​សម្តេច​ក្រឡាហោម ស ខេង ទទួល​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​លោក​ជួន សុវណ្ណ​។​

​ឧ​ត្ត​ម​សេនីយ៍ ស ថេត

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម ស ខេង រដ្ឋមន្រ្តីស្តីទី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែកញ្ញា​នេះ បាន​បញ្ជាក់ថា “​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​សារព័ត៌មាន ជា​ច្រើន​​បាន​ផ្សព្វផ្សាយ​ពី​ការផ្ទេរ​តំណែង និង​ការប្រគល់​ភារកិច្ច​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជូន លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ។ អ្វីដែល​ខ្ញុំ​កត់សម្គាល់ និង ចង់​បញ្ជាក់​នៅពេលនេះ គឺ សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត គឺជា​ប្អូនបង្កើត​របស់ខ្ញុំ ។ ខ្ញុំ​មិនដឹងថា សារព័ត៌មាន​ទាំងនោះ បាន​ប្រភព​មកពីណា ឬក៏​សន្និដ្ឋាន​ដោយ​គ្មាន​ប្រភព​នោះទេ ប៉ុន្តែ​ខ្ញុំ​សូម​គូសបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត មិនមែនជា​ប្អូនបង្កើត របស់ខ្ញុំ ដូចដែល​សារព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​នោះទេ​” ៕សរន