សម្តេច​ចក្រី​ហេង​សំរិន​ដឹកនាំ​ប្រតិភូ​សភា​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​នៅ​ប្រទេស​ថៃ​

305
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​នៅ​រសៀល​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា​AIPA​លើក​ទី​៤០​នៅ​ទីក្រុង​បាងកក​ព្រះរាជាណាចក្រ​ថៃ​ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​។​

​អញ្ជើញ​ជូន​ដំណើរ​សម្តេច​ប្រធានរដ្ឋសភា​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​វត្តមាន​លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា លោកស្រី​ឃួន​សុ​ដា​រី​អនុប្រធាន​ទី​២​រដ្ឋសភា​ព្រមទាំង​សមាជិក សមាជិកា​រដ្ឋសភា​និង​មន្ត្រីជាន់ខ្ពស់​អគ្គលេខាធិកា​រដ្ឋា​ន​រដ្ឋសភា​។​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា​(AIPA)​ជា​អង្គការ​អន្តរ​សភា​ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(ASEAN)​។​

ក្នុងនោះ​មាន​សមាជិក​១០​ប្រទេស​គឺ​ប្រ៊ុយណេ​,​កម្ពុជា​,​ឥណ្ឌូណេស៊ី​,​ឡាវ​,​ម៉ាឡេស៊ី​,​មី​យ៉ាន់​ម៉ា​,​សឹង្ហ​បុរី​,​ថៃ​,​វៀតណាម​,​និង​ហ្វីលីពីន​។​AIPA​ជាការ​ប្រមូលផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន​ជា​ដៃគូ​អាស៊ាន​ក្នុង​ការជំរុញឱ្យ​បានសម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែមួយ​។​

​មហាសន្និបាត​អាយ​ប៉ា​បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​ដោយ​ប្រទេស​ជា​សមាជិក​ផ្លាស់​វេន​គ្នា​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ប្រទេស​តាម​អក្សរ​ឡាតាំង​ដើម្បី​រៀបចំ​។​សភា​ប្រទេស​ថៃ​រៀបចំ​មហាសន្និបាត​អាយ​ប៉ា​នៅ​ឆ្នាំនេះ​គឺ​ក្រោម​ប្រធានបទ​”​ជំរុញ​ភាពជា​ដៃគូ​សភា​ដើម្បី​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព​”​។

នៅ​កំឡុងពេល​មហាសន្និបាត​នេះ នឹងមាន​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​ជំនាញ ជាច្រើន​របស់ AIPA ដូចជា​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី​(WAIPA)​។​គណៈកម្មាធិការ​នយោបាយ​គណៈកម្មាធិការ​សេដ្ឋកិច្ច​គណៈកម្មាធិការ​សង្គមកិច្ច​គណៈកម្មាធិកា​រ​រៀបចំ​និង​កិច្ចប្រជុំ​រវាង AIPA​ជាមួយ​បណ្តា​ប្រទេស​សង្កេតការណ៍​ជាដើម​។​

​វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​គឺជា​ការបំពេញ​បេសកកម្ម​ការទូត​សភា​នៅក្នុង​ការចូលរួម​កសាង​សុខសន្តិភាព​ស្ថិរភាព​សង្គម​និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅក្នុង​តំបន់​និង​ពិភពលោក​និង​ជាការ​កសាង​កិត្យានុភាព​ដល់​សភា​និង​ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​៕S/

​ចំណងជើង​រូ​បថ​តៈ​សម្តេច​ចក្រី​ហេង​សំរិន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន នៅ​ប្រទេស​ថៃ​

#