សម្តេច​ចក្រី ហេង សំរិន ជំរុញ​សមាជិកសភា ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​

889
ចែករម្លែក
សម្តេច​ចក្រី ហេង សំរិន ជំរុញ​សមាជិកសភា ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន ជំរុញ​ឲ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​រដ្ឋសភា និង​ព្រឹទ្ធសភា ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង រួមគ្នា​បន្ថែមទៀត ក្នុងការ​ពិនិត្យ​សិក្សា និង​វិភាគ​សេចក្តីព្រាងច្បាប់ ស្តីពី​ការ​គ្រប់ គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​នេះ ឱ្យបាន​ល្អិតល្អន់ ស៊ីជម្រៅ និង គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើឱ្យ​ប្រាកដថា សេចក្តីព្រាងច្បាប់​ប្រេងកាត ដែល​នឹង អនុម័ត នៅពេល​ដ៏​ខ្លី​ខាងមុខ ស្របទៅនឹង​បរិបទ និង​សង្គម​កម្ពុជា ជាពិសេស ការមិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ទទួលបាន​ផលប្រយោជន៍ ជា​អតិប្បរមា ដល់ សង្គម និង​ប្រជាពលរដ្ឋ​។​
​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា​ជាមួយគ្នានេះ ក៏ត្រូវ​ពិនិត្យ និង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​និរន្តរភាព និង​ផលប្រយោជន៍ យូរអង្វែង ដែល កើតចេញពី​វិស័យ​ប្រេងកាត ដោយ​ត្រូវ​ធ្វើឱ្យ​ប្រាកដថា វិស័យនេះ មិន​ត្រឹមតែ ផ្តល់​អត្ថប្រយោជន៍ ដល់​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវធ្វើ យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ចូលរួម​ទទួលបាន​នូវ​ចំណេះដឹង បទ​ពិ​សោ ធន៍ ពី​ការរុករក ការទាញយក​ផល និង​ការធ្វើ​អាជីវកម្ម​ប្រេងកាត ដោយ​ឯក រាជ្យ ក្នុង​កម្រិត​ណាមួយ នៅពេល​អនាគត​។​
​សម្តេច​ចក្រី ហេង សំរិន បានលើកឡើង​ដូច្នេះ នៅក្នុង​ឱកាស​សម្តេច​អញ្ជើញ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​សិក្ខាសាលា ស្តីពី​ការស្វែងយល់ អំពី​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ដែល​រៀបចំឡើង ដោយ​គណៈកម្មការ​សាធារណការ ដឹក​ជ​ញ្ចូ​ន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។​

លោកស្រីនិន សាផុន


​ ​លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ សាធារណការ ដឹក​ជ​ញ្ចូ​ន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា បាន​គូសបញ្ជាក់ថា នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​កម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា បាន​ផ្តោត​អាទិភាព​លើ​ការជំរុញ​ការអភិវឌ្ឍ​ធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន ដើម្បី​ប្រែក្លាយ​ធនធាន​ទាំងនេះ ឲ្យ​ទៅជា​ប្រភព​ថ្មី និង​សំខាន់​មួយទៀត សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ពិសេស​បន្ថែម​សន្ទុះ​ថ្មី សម្រាប់​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាប់ៗ​គ្នា ឈានទៅ​សម្រេច​ចក្ខុវិស័យ​នៅ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។​
​លោកស្រី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេស​ក្រសួង​រ៉ែ និង​ថាមពល បានរៀបចំ​តាក់តែង សេចក្តីព្រាងច្បាប់​នេះ​ឡើង ដោយ​បានគិត​ហ្មត់ចត់ អំពី​បច្ចុប្បន្នភាព សេដ្ឋកិច្ច នយោបាយ និង​សង្គម ព្រមទាំង​អនាគត​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ជំនាន់​ក្រោយ​។​
​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ចែកចេញជា ៩ ជំពូក និង ៧២ មាត្រា និង​ឧបសម្ព័ន្ធ​ចំនួន ០១​។​

លោកដ៊ុយសែម


​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​តាក់តែងឡើង ដោយមាន​ការជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស ពី​អ្នកជំនាញការ​ច្បាប់ នៃ​ធនាគារ​អភិវឌ្ឍន៍ នៅ​ឆ្នាំ​១៩៩៦ និង​មានការ​ពិនិត្យ​បន្ថែមទៀត ពី​អ្នកជំនាញការ​ច្បាប់ មកពី​ក្រុមហ៊ុន​ជប៉ុន Idemitsu Oil and Gas​។ ចាប់ពី​ឆ្នាំ​២០០៦ អតីត​អាជ្ញាធរ​ប្រេងកាត​កម្ពុជា បាន​យក​សេចក្តីព្រាងច្បាប់​នេះ មក​កែសម្រួល​ឡើងវិញ ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ អ្នកជំនាញ​បច្ចេកទេស និង​ច្បាប់​ជាតិ និង​អន្តរជាតិ​នានា​។ ក្រោយ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា បានធ្វើ​សមាហរណកម្ម មកក្រោម​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ឆ្នាំ​២០១៣​មក សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​កែសម្រួល​បន្ថែម ដោយ​បញ្ចូល​បរិបទ​ថ្មីៗ​មួយចំនួន ផ្អែកលើ​បទពិសោធន៍ ពី​បណ្តា​ប្រទេស​នានា​។​


​ ​សម្តេច​ប្រធានរដ្ឋសភា បាន​បន្ត​លើកឡើងថា រហូតមកទល់​ពេលនេះ ប្រទេស​មួយចំនួន នៅក្នុង​តំបន់ និង​ពិភពលោក ដែលមាន​ធនធាន​ប្រេងកាត​ទទួលបាន​ពរជ័យ ពី​ការទាញយក​ផល ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ហើយ​ក៏មាន​ប្រទេស​មួយចំនួន ក៏ត្រូវ​រង​បណ្តាសារ​ពី​ការវិនិយោគ​លើ​វិស័យនេះ ផងដែរ​។ ដូច្នេះ​នេះ ជា​បទពិសោធ​ន៌​ដ៏​សំខាន់ ដែល​កម្ពុជា​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ហានិភ័យ​នានា ដែល​អាច​នឹង​កើតមានឡើង ដោយ​ចៃដន្យ ពី​ការវិនិយោគ​លើ​វិស័យនេះ​។ ត្រូវ​ចាំ​ថា ធនធាន​រ៉ែ ជា​ធនធាន​មួយ​ដែល​ងាយ​នឹង​រីងស្ងួត ហើយ​ងាយ​នឹង​ទទួលរង​នូវ​ផលប៉ះពាល់​។ ដូចនេះ ទាំងអស់គ្នា ត្រូវតែ​ពិចារណា​ឱ្យបាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជៀសវាង​ឱ្យ​ខាន​តែ​បាន​ពី​ផល​អវិជ្ជមាន ដែល​អាច​កើតមានឡើង​ពី​វិស័យ នេះ​។​
​សម្តេច​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​បន្តថា សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត មាន​សារៈសំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា​ជាពិសេស​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា ក្នុងការ​ពង្រីក​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច តាមរយៈ​ការជំរុញ​ការអភិវឌ្ឍ​ធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន ដើម្បី​ប្រែក្លាយ​ធនធាន​នេះ ឱ្យទៅជា​ប្រភព​ថ្មី និង​សំខាន់​មួយទៀត សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់ខ្លួន ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ឱ្យទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​
​សម្តេច​ចក្រី ហេង សំរិន បានផ្តល់​ជា​អនុសាសន៍​បន្ថែមថា បន្ត​ពង្រឹង និង​លើកកម្ពស់​តួនាទី​ត្រួតពិនិត្យ​របស់​សភា ដើម្បី​ធានាថា ការអភិវឌ្ឍ និង​ការគ្រប់គ្រង​វិស័យ​ប្រេងកាត ត្រឹមត្រូវ និង​ស្របតាម​និយាម​បច្ចេកទេស​និង​ការគ្រប់គ្រង​ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ដែល​នឹង​អាច​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច ជា​អតិបរមា ដែល​នឹង​ជួយ​បង្កើនល្បឿន​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យ​កាន់តែ​លឿន​មួយកម្រិត​ថែមទៀត​។ អគ្គលេខាធិការដ្ឋាន​ស​ភា​ទាំងពីរ ត្រូវ​ចូលរួម​សិក្សា ពិនិត្យ និង​ផ្តល់យោបល់ ព័ត៌មាន​លម្អិត​បែប​វិភាគ និង​គ្រប់​ជ្រុងជ្រោយ ជូន​សមាជិក សមាជិកា​សភា​ទាំងពីរ ដើម្បីឱ្យ​ពួកគាត់ មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់ ត្រឹមត្រូវ ក្នុង​ការវិភាគ​វាយតម្លៃ​មុននឹង​ឈានទៅ​អនុម័ត លើ​សេចក្តីព្រាងច្បាប់​នេះ ឱ្យមាន​សង្គតិភាព និង​ល្អប្រសើរ​៕សរន