សម្តេច​ជំរុញ​ឱ្យ​កងទ័ព​ប្រុងប្រយ័ត្ន​ត្រៀម​វិធានការ​ទប់ស្កាត់​សកម្មភាព​ក្បត់ជាតិ​របស់​ពួក​ឧទ្ទាម​

289
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជំរុញ​ឱ្យ​កងយោធពល​ខេមរភូមិន្ទ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ត្រៀម​វិធានការ​ទប់ស្កាត់​ប្រកបដោយ​ភាពបត់បែន​និង​ម្ចាស់ការ​។​ទប់ស្កាត់​សកម្មភាព​របស់​ជន​ក្បត់ជាតិ​ដែលមាន​មហិច្ឆតា​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​សារ​ជំរុញ​ឱ្យ​កងយោធពល​ខេមរៈភូមិន្ទ​ត្រៀម​វិធានការ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សារលិខិត​ជូនពរ​ចំពោះ​យោធិន​ទាំង​អស់នៃ​កងពលតូច​លេខ​៧០​ក្នុងឱកាស​ខួប​លើក​ទី​២៥​នៃ​កំណើត​កងពលតូច​លេខ​៧០ (១៥ តុលា ១៩៩៤-១៥​តុលា ២០១៩ )​។

​សម្តេច​តេ​ជោ​ហ៊ុនសែន​មានប្រសាសន៍ថា​ទោះបីជា​យើង​មាន​មោទនភាព​ចំពោះ​ស្នាដៃ​និង​សមិទ្ធផល​ជាច្រើន​ដែល​សម្រេចបាន​មកហើយ​យ៉ាងណាក្តី​។​ប៉ុន្តែ​យើងទាំងអស់គ្នា​ក៏​សុទ្ធតែ​បាន​ជ្រួត​ជ្រាបថា​ឆ្នាំ​២០១៩​នេះ​បើទោះបីជា​កម្ពុជា​ទទួលរ​ង​ឥទ្ធិពល​តិចតួច​ឬ​ដោយ​ប្រយោល​ពី​ស្ថានការណ៍​អសន្តិសុខ​របស់​ពិភពលោក​ក៏ដោយ​។​

​បញ្ហា​អំពើ​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​នៅតែ​ជា​កម្មវត្ថុ​ដ៏​សំខាន់​ប្រកបដោយ​គ្រោះថ្នាក់​គួបផ្សំ​នឹង​ភាពផុយស្រួយ​ដែល​បង្កឡើង​ដោយ​ការវិវត្ត​ប្រែប្រួល​នៃ​សភាពការណ៍​អន្តរជាតិ​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច​របស់​មហាអំណាច​។​ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​បញ្ហា​បដិវត្តន៍​ពណ៌​ព្រមទាំង​ការគំរាមកំហែង​លើ​ឯករាជ្យ​អ​ធិ​តេ​យ្យ​និង​បូរណភាព​ទឹកដី​ព្រមទាំង​ម​ហិ​ច្ឆិ​តា​រប​ស់ជន​ក្បត់ជាតិ​។​អ្នកនយោបាយ​មួយ​ក្តាប់​តូច​ដែល​ចាំបាច់​ទាមទារ​ឱ្យ​យើង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ត្រៀម​វិធានការ​ទប់ស្កាត់​ប្រកបដោយ​ភាពបត់បែន​និង​ម្ចាស់ការ​។​

​គោលដៅ​សំខាន់​ពីរ​នៃ​គោលនយោបាយ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល​គឺ​ការធ្វើឱ្យមាន​សន្តិភាព​ស្ថិត ស្ថេ​រ​យូរអង្វែង និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចេរភាព ។ សន្តិភាព ស្ថិរ ភាព​នយោបាយ​និង​ភាព​រីកលូតលាស់​ផ្នែក​សេដ្ឋ កិច្ច​ដែល​កម្ពុជា​កំពុងមាន​ក្នុងពេល​បច្ចុប្បន្ននេះ ក៏​កំពុងតែ​ផ្តល់ឱកាស​មួយ​សម្រាប់​ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។​

ក្នុងន័យនេះ​ចំពោះ​កងពលតូច​លេខ​៧០​ក៏ដូចជា​បណ្តា​កងឯកភាព​ទូទាំង​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​បន្ត​ជំរុញ​យកចិត្តទុកដាក់​លើ​ការងារ​កែទម្រង់​របស់ខ្លួន​ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព​និង​ធ្វើយ៉ាងណា​កសាង​ពង្រឹង​អង្គភាព​ឲ្យ​បាន​រឹងមាំ​លើ​គ្រប់​វិស័យ​ដែលជា​មូលដ្ឋាន​ដ៏​ចាំបាច់​ធានា​ឲ្យ​ការដឹកនាំ​បញ្ជា ការកសាង​កម្លាំង និង​ការពង្រឹង​ប្រៀប​ការពារជាតិ​រឹងមាំ​។​

​តាមរយៈ​សារលិខិត​ដែល​បានបង្ហាញ​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​ការកោតសរសើរ និង​ការលើកទឹកចិត្ត​ដោយស្មោះ​ចំពោះ​យោធិន​ទាំងអស់ ដែលជា​និច្ចកាល​តែងតែបាន​ខិតខំ​ព្យាយាម​ជម្នះ​ឧបសគ្គ​ប្រកៀក​ស្មា​គ្នា​យ៉ាងរឹងមាំ​។​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​និង​សហការ​បានល្អ​ជាមួយ​បណ្តា​កងឯកភាព​ទូទាំង​កងយោធពល​ខេមរភូមិន្ទ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​បុព្វហេតុ​ការពារ​សន្តិភាព​អធិបតេយ្យភាព​បូរណភាព​ទឹកដី​។​

​រួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​ជាតិ​ក្នុងពេល​កន្លងមក​ដែលជា​ពលិកម្ម​ដ៏​ធំធេង​ដើម្បី​ជាតិ​មាតុភូមិ​និង​ភាពសុខសាន្ត​របស់​ប្រជាជន​ក្នុងខណៈ​ពេលដែល​ប្រទេស​មួយចំនួន​នៅក្នុង​សកលលោក​កំពុង​ប្រឈម​និង​រងគ្រោះ​ដោយសារ​សង្គ្រាម​អំពើរ​ភេរវកម្ម​និង​ព្រឹត្តិការណ៍​អសន្តិសុខ​ផ្សេងៗ​ទៀត​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​គូសបញ្ជាក់​ទៀតថា​គ្រប់​ស្នាដៃ​និង​សមិទ្ធផល​ជាច្រើន​ដែល​កងពលតូច​លេខ​៧០​សម្រេចបាន​នាពេល​កន្លងមកនេះ​គឺ​ពិតជា​មិនអាច​ធ្វើបាន​នោះទេ​បើសិន​មិនមាន​ការចូលរួមចំណែក​ពី​យោធិន​គ្រប់​លំដាប់ថ្នាក់ ក្នុងការ​បំពេញភារកិច្ច ប្រកបដោយ​ភាព​អង់អាច​ក្លា ហាន មោះមុត វិន័យ​ម៉ឺងម៉ាត់ និង​ការប្តេជ្ញា​ទទួល ខុសត្រូវ​នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថាន ភាព​។​

ជាមួយនឹង​ការអបអរសាទរ​ខួប​លើក​ទី​២៥​នៃ​ថ្ងៃកំណើត​កងពល​តូ​ចលេ​ខ​៧០​នាពេលនេះ​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុង​នាមខ្លួន​សម្តេច​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​មោទន ភាព និង​មនោសញ្ចេតនា​រីករាយ​ថ្លែង​នូវ​សារលិខិត​ជូន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេ​បញ្ជា ការ​កងពលតូច​លេខ​៧០​។

​ក៏ដូចជា​ជូន​ចំពោះ​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ទាំងអស់​ក្នុងន័យ​បង្ហាញ​អំពី​ឆន្ទៈ​គាំទ្រ​និង​ជាការ​លើកទឹកចិត្ត​ចំពោះ​ការដឹកនាំ​បញ្ជា​ដ៏​មោះមុត​ការតស៊ូ​លះបង់​មាន​ភក្តីភាព​និង​មនសិការ​ខ្ពស់​។​ក្នុង​បុព្វហេតុ​ការពារ​ថែរក្សា​សន្តិភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ភាពសុខដុមរមនា និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ នៃ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​៕S/​