សម្តេច​តេ​ជោ​កំពុង​ស្ថិតនៅ​ប្រទេស​ឡាវ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ រឿង​បញ្ជូនទាហាន​ចូល​ដី​ខ្មែរ​

1123
ចែករម្លែក

ភ្នំពេញៈ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ម៉ោងជាង​៨​ព្រឹក​ថ្ងៃទី​១២​ខែសីហា​នេះ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​ដើម្បី​ជួបចរចា​ជាមួយ​លោក ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ អំពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ដក​កម្លាំងប្រដាប់​អាវុធ​ទាំងអស់​របស់ខ្លួន​ចេញពី​តំបន់​ក្បែរ​អូ​អាឡៃ និង​តំប់​អូរ​តា​ង៉ាវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន និង​ខេត្ត​អា​តា​ពើ ប្រទេស​ឡាវ​។​

សម្តេចតេជោអញ្ជើញចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសឡាវកាលពីព្រឹកថ្ងៃ១២សីហា(រូបផេកសម្តេចតេជោ)

​លោក ស្រ៊ី ថា​ម​រ៉ុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់​ឲ្យ​ដឹងថា គណៈប្រតិភូ​អមដំណើរ​សម្តេច​តេ​ជោ នាពេលនេះ​មាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ឧបនាយក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ និង​សមាជិក​ជាន់ខ្ពស់​មួយចំនួនទៀត នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា​។​

​លោក ស្រ៊ី ថា​ម​រ៉ុង បន្ថែមថា នៅពេល​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឡាវ សម្តេច​តេ​ជោ នឹង​ជួបពិភាក្សា​ការងារ ជាមួយ​លោក​ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បន្ទាប់មក​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ បន្ទាប់មកទៀត នឹង​អញ្ជើញ​ចូលរួម ពិធី​ពិសារ​អាហារ​ថ្ងៃត្រង់ ដែល​រៀបចំឡើង​ដោយ នាយករដ្ឋមន្ត្រី​ឡាវ​។ ក្រោយ​អាហារ​ថ្ងៃត្រង់​រួច​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ នា​រសៀល​ថ្ងៃទី​១២ ខែសីហា ។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​បន្តថា កន្លងមក​ទោះបី​មានការ​ចរចា​ថ្នាក់​បច្ចេកទេស​មន្ត្រីជាន់ខ្ពស់ រហូតដល់​ការជួបពិភាក្សា និង​ចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល ព្រមទាំង​មានកំណត់​ទូត និង​លិខិតតវ៉ា​ជាច្រើន ពិសេស​លិខិត​ចុងក្រោយ​បំផុតរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧ ផ្ញើជូន​លោក ថោង​លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ ថ្មីៗ​នេះ​ក៏​ដោត ក៏​ភាគី​ឡាវ​នៅតែ​មិន​ឆ្លើយតប និង​មិន​ព្រម​ដក​កំលាំងប្រដាប់អាវុធ​រប​ស់​ខ្លួន​ចេញពី​ទឹកដី​កម្ពុជា​ឡើយ​។ ដំណើរ​ទៅ​ជួបចរចា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​នេះ គឺជា​កាយវិការ​ទន់ភ្លន់ ប្រកបដោយ​ការអត់ធ្មត់ និង​សុ​ឆន្ទៈ​ចង់​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ជាមួយ​ភាគី​ឡាវ មុននឹង​ឈានដល់​ការប្រកាន់យក​វិធានការ​ផ្សេងទៀត រាប់ទាំង​វិធានការ​យោធា និង​តាមផ្លូវ​តុលាការ ក្នុងករណី​កិច្ចខិតខំ​ចុងក្រោយ​នេះ​របស់​កម្ពុជា នឹងមិន​ផ្តល់​ផល​ជា​វិជ្ជមាន​ទេនោះ​។​
​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់ ថា កងកម្លាំង​បាន​ត្រៀមលក្ខណៈ​គ្រប់​លក្ខណៈសម្បត្តិ​រួចរាល់​អស់ហើយ ដើម្បី​ការពារ​ទឹកដី បើសិនណា​ទាហាន​ឡាវ​មិន​ព្រម​ដក​ចេញពី​តំបន់​អូរ​អាឡៃ ដែល​ស្ថិតនៅ​ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ហើយ​ខាង​ក្រសួងការពារជាតិ គឺ​រង់ចាំតែ​បញ្ជា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ​។​
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា “​ទាក់ទង​បញ្ហា​នេះ រហូតមកដល់​ឥឡូវ​យើង​កំពុងតែ​តាមដាន យើង​រង់ចាំ​ឱសានវាទ​របស់​សម្តេច​ប្រកាស​ទុកពេល​ឲ្យ​៦​ថ្ងៃ ហើយ​កម្លាំង​របស់​យើង​គឺ​ត្រៀមលក្ខណៈ​អស់ហើយ​”​។​
​គួររំលឹកថា​កាលពី​ឆ្នាំ ២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ឡាវ​មាន​ប្រវែង ២៥៧ គីឡូម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​៧ ខែត្រ​ស្ទឹងត្រែង រហូតដល់​ខែត្រ​រតនគិរី ។ មកទល់ពេលនេះ​កសាង​សម្រេចបាន​ជាង ១៥០​គីឡូម៉ែត្រ ៕MN
​ដោយៈ​មុនី​រ័ត្ន​, តារា​រិ​ទ្ធ​,​សុខុម​

កងទ័ពកម្ពុជានៅខេត្តស្ទេឹងត្រែងដែលរង់ចាំតែបទបញ្ជា(រូបសុខុម)