សម្តេច​តេ​ជោ​ជួប​មិត្ត​ចាស់​ដែល​រាប់អាន​ជាង​៣០​ឆ្នាំ​

292

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ទៅដល់​អាកាស យានដ្ឋាន​យោធា​ដន​មឿង​ទីក្រុង​បាងកក​ព្រះរាជាណាចក្រ​ថៃ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ចសហ​ប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​(​អេ​ច​មិច​,ACMECS)​លើក​ទី​៨​និង កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម​(​ស៊ី​អិ​ល​អឹម​វិ​,CLMV)​លើក​ទី​៩​កាលពី​ម៉ោង ៤:៤០​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​។​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឥស្សរជន​ថៃ​ដែល​សម្តេច​តេ​ជោ​បាន​ជួប​នោះ​គឺ​លោក ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែលជា​មិត្ត​ចាស់​។​

សម្តេចតេជោហ៊ុនសែននិងលោកឆាវ៉ាលីត យ៉ុងឆៃយុទ្ធអតីតនាយករដ្ឋមន្រ្តីថៃ

​សេចក្តីរាយការណ៍​ពី​អ្នកយកព័ត៌មាន​ពិសេស​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា​បានបញ្ជាក់​ថាស​ម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ លោក ឆា​វ៉ា​លី យ៉ុង​ឆៃ​យុទ្ធ អតីត​នាយករដ្ឋមន្ត្រី​ថៃ​និង​ក្រុម​គ្រូ​សារ ចូលជួប​សំណេះ​សំណាល​និង​សំដែង​ការគួរសម​។ នៅក្នុង​ពេលនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ ឆា​វ៉ា​លី យ៉ុង​ឆៃ​យុទ្ធ បាន​សំដែង​នូវ​ភាពស្និទ្ធស្នាល​រាក់​ដូច​បង​និង​ប្អូន ព្រោះថា​ថ្នាក់ដឹកនាំ​ទាំងពីរ​គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ​ធ្លាប់បាន ធ្វើ​ទំនាក់ទំនង​និង​ស្គាល់​រាប់អាន​គ្នា​រយៈពេល​ជាង​៣០​ឆ្នាំ ក្នុងអំឡុង​ពេលដែល​លោក ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​ក្នុង​ទសវត្ស​៨០ និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​នាយករដ្ឋមន្ត្រី​នៃ​អតីត​រដ្ឋ​កម្ពុជា​។​

​ប្រភព​ដដែល​បន្តថា​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​តួនាទី​យ៉ាងសកម្ម​របស់លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​បានរួម​ចំណែក​ដល់​ដំណើរការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ដំណើរការ​សន្តិភាព​រហូត​ទទួលបាន​នូវ​កិច្ច​ព្រៀន​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​។
(សម្តេចតេជោហ៊ុនសែននិងលោកឆាវ៉ាលីត យ៉ុងឆៃយុទ្ធអតីតនាយករដ្ឋមន្រ្តីថៃ)

ដោយឡែកនៅក្នុងផេកផ្លូវការរបស់សម្តេចតេជោវិញបានបរិយាយថា​នៅ​ម៉ោង​ប្រមាណ ៦:១៥​នាទី​ល្ងាច​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោក ឆាវ​វ៉ា​លី​ត យ៊ុ​ង​ឆៃ​យុ​ទ្ឋ អ​តី​នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ នៅ​សណ្ឋាគារ​សាំង​ហ្គ្រី​ឡា​។ នៅក្នុង​ឱកាស​នោះ ក៏មាន​ក្រុមគ្រួសារ​សាច់​ញា​តិ និង​តំណាង​ក្រុមហ៊ុន​ធំៗ​របស់​ថៃ​ជាច្រើន​ក៏បាន​ចូលរួម​ផងដែរ​។​

​លោក​អ​តី​នាយករដ្ឋមន្ត្រី​ថៃ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​កិត្តិយស​​ឲ្យលោក​និង​ក្រុមគ្រួសារ​បាន​ជួប​សម្តែង​ការគួ​សរម​ក្នុង​លក្ខណៈ​ដូចជា​បងប្អូន​ប្រកបដោយ​ភាព​ស្និ​ទ្ឋ​ស្នាល​និង​កក់ក្តៅ​បំផុត​។ លោក ឆាវ​វ៉ា​លី​ត យ៊ុ​ង​ឆៃ​យុ​ទ្ឋ បាន​ជម្រាប​សម្តេច​តេ​ជោ​ថា ប្រសិន​បងប្អូន​កម្ពុជា​ត្រូវការ​អ្វី​ឲ្យ​លោក​ជួយ​គឺ​នឹង​រីករាយ​ជួយ​ដល់​កម្ពុជា​។​

​មកទល់ពេលនេះ គឺ​ទំនាក់ទំនង​ល្អជា​បងប្អូន​រវាង​សម្តេច​តេ​ជោ និង លោក ឆាវ​វ៉ា​លី​ត យ៊ុ​ង​ឆៃ​យុ​ទ្ឋ មាន​រយៈពេល​៣០​ឆ្នាំ​ហើយ ហើយ​នៅពេលនេះ លោក​អ​តី​នាយករដ្ឋមន្ត្រី​ក៏មាន​អាយុកាល​៨៤​ឆ្នាំ​ហើយ​ដែរ​។​

​លោក​ឆាវ​វ៉ា​លី​ត កោតសរសើរ​សម្តេច​តេ​ជោ ដែលមាន​វ័យ​នៅ​ក្មេង ស្រស់ថ្លា​មាន​សុខភាព​មាំទាំ​ដដែល​។ ចំពោះ​លោក​ផ្ទាល់​គឺ​ពេញចិត្ត និង​បាន កោត​សររ​សើរ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ដែល​បានធ្វើឲ្យ​ប្រទេសជាតិ​រីកចម្រើន គឺ​លេខ​១​តែម្តង​!​។ ចំពោះ​សម្តេច​តេ​ជោ​វិញ គឺ​បានចាត់ទុក​លោក​ឆាវ​វ៉ា​លី​ត ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​សម្របសម្រួល​ឈានទៅរក​កិច្ចចរចារ​ជាមួយ​គ្រប់ភាគី​នយោបាយ​ដែល​បានបញ្ចប់​សង្គ្រាម និង​នាំមក​នូវ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​បាន​ចូលរួម​ជួយ​ដល់​កម្ពុជា​កន្លងមក ព្រមទាំង​បាន​ជូនពរ​លោក​ឆាវ​វ៉ា​លី​ត​មាន​សុខ​ភាពល្អ​គ្រប់ពេលវេលា​ទាំងអស់​។

​គួរ​បញ្ជាក់ថា​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ ប្រទេស​អេ​ច​មិច និង​ប្រទេស ស៊ី​អិ​ល​អឹម​វី​បាន​អញ្ជើញ ទៅដល់​ទីក្រុង​បាងកក​ព្រះរាជាណាចក្រ​ថៃ​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃទី​១៤​មិថុនា​នេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​(ACMECS)​លើក​ទី​៨​និង​កិច្ច​ប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម​(CLMV)​លើក​ទី​៩​ដែល​នឹង ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី​១៥-១៦​មិថុនា​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅដល់​អាកាសយានដ្ឋាន​យោធា​ដន​មឿង ទីក្រុង​បាងកក ព្រះរាជា​ណា​ចក្រ​ថៃ​ប្រកបដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ម៉ោង​នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​ក្រោម​វត្ត​មាននៃ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​ពី​លោក Arkhom Terpittayapaisith រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ ,​លោក ឡុង​វីសាលោ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​និង​លោកស្រី​ព្រម ទាំង​វត្តមាន​លោក​លោកជំទាវ​ជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថៃ​និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ជាច្រើនរូប​។​

តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អេ​ច​មិច លើក​ទី​៨ និង​កិច្ចប្រជុំ​កំពូល​ស៊ី​លើ​អិ​ល​អឹម​វី​លើក​ទី​៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​គម្រោង​ជួបពិភាក្សា ទ្វេភាគី​ជាមួយ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ និង​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល អេ​ច​មិច​លើក​ទី​៨៕​មន