សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់មក​កម្ពុជា​វិញ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ជាមួយ​លទ្ធផល​ដ៏​ល្អប្រសើរ

1006
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​នៅក្នុង​ទំព័រ Facebook របស់​សម្តេច​ថា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ សម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​​អស់​រយៈពេល​៣​ថ្ងៃ​កន្លងទៅ​។​


​ ​
​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​រយៈពេល​៣​ថ្ងៃ​កន្លងទៅនេះ​ផងដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​កន្លងទៅនេះ សម្តេច​បាន​ចូល​បង្គំ​គាល់​ព្រះរាជ​ទាយាទ​ជប៉ុន Naruhito​និង​បាន​ជួបប្រជុំ​កំពូល​ជាមួយ​​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzho Abe​។​
​ ​
​សម្តេច​តេ​ជោ បាន​បន្ថែមថា កម្ពុជា​និង​ជប៉ុន​មាន​ទំនាក់ទំនង​ល្អ នឹង​គ្នា​ជា​យូរយារ​មកហើយ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៥៣​ហើយ​ចាប់​តាំង​​ពី​សង្គ្រាមលោកលើកទី​២​មក​។ ប្រទេស​ជប៉ុន​ទើបបាន​បញ្ជូន​កងទ័ព​មក​បរទេស​ជា​លើក​ទី​១​គឺ​មកកាន់​កម្ពុជា​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​កាលពី​ឆ្នាំ​១៩៩២ ដែល​គិត​មកទល់​ពេល នេះ​គឺមាន​រយៈពេល​២៥ ឆ្នាំ​ហើយ​។​
​ ​
​សម្តេច​ប្រមុខ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​បាន​ចុះ​អនុស្សារណៈ​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ ដែលមាន​ទឹកប្រាក់​ជាង​២៤៤​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ប្រ​ព័​ន្ឋ​កា​ពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ និង​គម្រោង​អភិវឌ្ឍន៍​ចំណត​កំពង់ផែ​ក្រុង​ព្រះ​សី​ហុ​។​
​ ​
​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​សម្តេច​ក៏បាន​ពិភាក្សា​សុំ​ជំនួយ​ពី​ភាគី​ជប៉ុន​ផងដែរ​លើ​គម្រោង​អោយមាន​​រថភ្លើង​ស្វ័យប្រវត្តិ (Sky Train)​នៅ​រាជធានី​ភ្នំពេញ​។ សម្តេច​ក៏បាន​ទៅ​មើល​រោងចក្រ​កែច្នៃ​សំរាម​របស់​រដ្ឋ​ជប៉ុន​ដើម្បី​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​កែច្នៃ​ឲ្យ​មាន​ប្រយោជន៍​យកមកប្រើ​ប្រាស់​វិញ​ដូច​ជប៉ុន​កំពុងមាន​ស្រាប់​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា​ក្នុង​ដំណើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស់​ជប៉ុន​នេះ​សម្តេច​ក៏បាន​ជួបប្រជុំ​ជាមួយ​តំណាង​​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​រយ​នាក់​ដែល​ចាប់អារម្មណ៍​ក្នុងការ​មក​វិនិយោគ​នៅ​កម្ពុជា​។​

​បើតាម​សម្តេច​តេ​ជោ ការចាប់អារម្មណ៍​រប​ស់​អ្នកវិនិយោគ​ជប៉ុន​នេះ ក៏​ដោយសារ​កម្ពុជា​សព្វ​ថ្ងៃ​មាន​សុខសន្តិភាព​និង​ស្ថេរភាព​ន​យោ​​បាយ ជាមួយនឹង​ការអនុគ្រោះ​លើ​ការ​និ​យោគ​។ សម្តេច​ក៏បាន​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​និង​លោកនាយក​រដ្ឋមន្ត្រី Abe នឹង​បន្ត​ខិតខំ​ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កើនឡើង​ជាង ២.០០០​លាន​ដុល្លារ​នៅ​ឆ្នាំ​ខាងមុខ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe​ដែល​បាន​អញ្ជើញសម្តេច​ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន​នៅ​ឆ្នាំនេះ ព្រមទាំង​បាន​សន្យា​នឹង​ជួយ​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​
​ ​
​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​អរគុណ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ដែល​បានរៀបចំ​ខួបកំណើត​ជូន​សម្តេច​នៅលើ​ទឹកដី​ជប៉ុន​ដែល​បាន​​បង្ហាញ​នូវ​ការស្រឡាញ់​រាប់អាន​កម្ពុជា​ដូចជា​បងប្អូន ខណៈ​ប្រទេស​ទាំងពីរ​បានក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​។​សម្តេច​បានបង្ហាញ​​ក្តី​សង្ឃឹមថា ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ជប៉ុន​នឹង​នាំមក​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជាតិ​​នៃ​ប្រទេស​ទាំងពីរ​៕​ដោយ​៖​វិបុល​/sn