សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ទៅ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ពីថ្ងៃ​ទី​១០-១២ ខែកញ្ញា

1610
ចែករម្លែក

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ខណៈ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ កាលពីឆ្នាំ​២០១៧(​រូបថត​ឯកសារ​)​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ពីថ្ងៃ​ទី​១០ ដល់ ១២ ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ទីក្រុង​ណាន​នី​ង​ខេត្ត​ក្វាង​ស៊ី​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រប​តិ​ប​ត្តិ​ការ​អន្តរជាតិ នៅ​ថ្ងៃទី​៧ ខែកញ្ញា​នេះ​។​នេះ​ក៏​ជា​សកម្មភាព​ចេញដំណើរ​ទៅ​ក្រៅប្រទេស​លើកដំបូង​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ដែល​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋសភាជាតិ​កាលពី​ថ្ងៃទី​៦​ខែកញ្ញា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ខណៈ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ កាលពីឆ្នាំ​២០១៧(​រូបថត​ឯកសារ​)​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងត្រូវ​អមដំណើរ​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រួមទាំង​ឥស្សរជន​រាជរដ្ឋា​ភិបាល​​ដទៃទៀត និង​ធុរជន​ពី​សភាពាណិជ្ជកម្ម​កម្ពុជា​។

​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ដែល​នឹង​ប្រារព្ធ​ឡើង​ក្រោម​មូលបទ «​រួមគ្នា​កសាង​វិថី​សូត្រ សមុទ្រ​សតវត្ស​ទី​២១ និង​ន​វា​នុ​វត្ត​សហគមន៍​ចិន​-​អាស៊ាន​» នឹងដាក់​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​គ្នា ជាច្រើន​ពី​អាស៊ាន និង​ចិន ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​រ​បស់​វិស័យ​ឯកជន​នៅក្នុង​ផ្នែក​ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរឡើង​។

​នៅ​ទីនោះ​សម្តេចនាយក​រដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ក្នុង​គោលបំណង​លើកស្ទួយ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​អាស៊ាន និង​ចិន រួមទាំង​ទាក់ទាញ​វិនិយោគ​គិ​ន និង​ភ្ញៀវទេសចរ​ចិន​ដែលមាន​សក្តានុពល មកកាន់​តំបន់​អាស៊ាន​។

​ក្នុងនាម​កម្ពុជា ជា​ប្រទេស​កិត្តិយស​នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក ហាន់ ចឹ​ង ឧបនាយករដ្ឋមន្ត្រី​ចិន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូរ ដើម្បី​សម្ពោធ ព្រះ​ពន្លា​ជាតិ​កម្ពុជា រួមទាំង​អញ្ជើញ​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​។

​អំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន​សម្តេច​តេ​ជោ​នឹង​ជួបពិភាក្សា​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​ឥស្សរជន​ចិន និង​ទទួល​ការជួប​សម្តែង​ការគួរ​សមពី​ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី និង​ថ្នាក់ដឹកនាំ​ផ្នែក ធុរកិច្ច​សំខាន់ៗ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នានា​របស់​ចិន ព្រមទាំង​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ចិន​ផងដែរ​។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា ពិព័រណ៍​ចិន​-​អាស៊ាន ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​សំខាន់​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កាលានុវត្តភាព​ធុរកិច្ច និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ ស៊ីជម្រៅ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​វិនិយោគទុន​នូវ​ទំហំ​ទឹកប្រាក់​១​ទ្រី​លាន​ដុល្លារ​អាមេរិក ពី​ប្រទេស​ចិន​មកកាន់​តំបន់​អាស៊ាន និង​១៥០​ពាន់​លាន​ដុល្លារ​អាមេរិក ពី​តំបន់​អាស៊ាន​ទៅកាន់​ប្រទេស​ចិន នៅត្រឹម​ឆ្នាំ ២០២០៕សរន

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ខណៈ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៤ កាលពីឆ្នាំ​២០១៧(​រូបថត​ឯកសារ​)​