សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​មហាសន្និបាត អ​.​ស​.​ប នៅ​ទីក្រុង​ញូវយ៉ក នា​ចុងខែ​កញ្ញា​នេះ​

615
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ពីថ្ងៃ​ទី ២៧ ដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូវយ៉ក​។ មហាសន្និបាត​នេះ​នឹង​ប្រព្រឹត្តទៅ ក្រោម​មូលបទ “​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​មាន​សារៈសំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់​: ភាពជា​អ្នកដឹកនាំ​សកល និង​ការទទួលខុសត្រូវ​រួម សំរាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌ និង​និរន្តរភាព​”​។​ នេះ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២១​កញ្ញា​២០១៨​នេះ​។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ព្រមទាំង​ឥស្សរៈជន​សំខាន់ៗ​មួយចំនួនទៀត​។​

​នៅ​ទីក្រុង​ញូវយ៉ក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ផ្តោតលើ​ការវិវត្ត​នាពេល​ថ្មីៗ និង​សមិទ្ធិផល​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការព្រួយបារម្ភ​រួម​។

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បូ​យ​កូ បូរី​ស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី លោក ខាដ​ហ្កា ប្រ៉ា​សាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​ជួបពិភាក្សា​ដោយ​មិត្តភាព​ជាមួយ​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួនទៀត​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា ផងដែរ​។​

​នៅក្នុង​កំរិត​ថ្នាក់​រដ្ឋមន្ត្រី​វិញ លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជា​បន្តបន្ទាប់ ជាមួយ​សម​ភាគី​របស់​លោក​មកពី​ប្រទេស​អូស្ត្រាលី កាណាដា ហ្ស៊​ក​ហ្ស៊ី អេ​ស្តូ​នី ហុង​ហ្គ្រី ស៊ែ​ប៊ី និង​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក ក្រសួងការបរទេស​ច​ក្រ​ភព​អង់គ្លេស និង​ពី​បណ្តា​ប្រទេស​មួយចំនួនទៀត​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​នឹង​ចុះហត្ថលេខា​ជាមួយ​លោក Zohrab Mnatsakanyan រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​អារ​មេ​នី លើ​អនុស្សរណៈ ស្តីពី​ការបង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​អារ​មេ​នី​។​

​គណៈប្រតិភូ​កម្ពុជា​ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្រៅផ្លូវការ (IAMM) កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ប្រធាន​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (AUMM) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​យឺត កិច្ចប្រជុំ​ក្រុម​ប្រទេស ៧៧ និង​ចិន និង កិច្ចប្រជុំ​ជាច្រើន​ទៀត​៕