សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​សូ​ហ្វី​យ៉ា​សាធារណរដ្ឋ​ប៊ុល​ហ្ការី​ហើយ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​

194
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​បន្ទាប់ពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក​លើក​ទី​៣​ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រយៈពេល​២​ថ្ងៃ​រួចមក​ នៅ​រសៀល​ថ្ងៃទី​១៥​ខែតុលា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ធ្វើដំណើរ​ចាក​ចេញពី​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស​ប្រទេស​ហុង​គ្រី​ក្នុង​ដំណើរ​អញ្ជើញ​បំពេញទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទីក្រុង​សូ​ហ្វី​យ៉ា​សាធារណរដ្ឋ​ប៊ុល​ហ្ការី​។

​យន្តហោះ​ពិសេស​បានធ្វើការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តជាតិ​ទីក្រុង​សូ​ហ្វី​យ៉ា​សាធារណរដ្ឋ​ប៊ុល​ហ្ការី​ប្រកបដោយ​សុ​វត្ថិភាព​កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃទី ១៥ ខែតុលា​ ក្រោម​វត្តមាន​នៃ​ការអញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទា​ក់បំ​ផុតពី​លោក ហ្គ័​រ ហ្គ័​រ​ហ្គើ​អេ​វ អនុរដ្ឋមន្ត្រីក្រសួងការបរទេស​ប៊ុល​ហ្ការី ,​លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូត​វិសាមញ្ញនិង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប៊ុល​ហ្ការី​ប្រចាំ​កម្ពុជា​ ព្រមទាំងឥស្សរជន​ការទូត​នៃ​ប្រទេស​កម្ពុជា​ជាច្រើនរូប​ទៀត​។

​សូមបញ្ជាក់ថា​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ស្នាក់នៅ​ទីក្រុង​សូ​ហ្វី​យ៉ា​សាធារណរដ្ឋ​ប៊ុល​ហ្ការី​រយៈពេល២ យប់ ៣ ថ្ងៃ សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​សូ​ហ្វី​យ៉ា​សាធារណរដ្ឋ​ប៊ុល​ហ្ការី ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ធ្វើ​ជំនួប​កំពូល​ជា មួយ​សម​ភាគី​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១៦ ខែតុលា​ស្អែក​នេះ ៕/Ha