សម្តេច​តេ​ជោ​​ហ៊ុនសែនអញ្ជើញ​ជា​អធិបតី​ខួប​លើក​ទី​១១​ទិវា​អតីតយុទ្ធជន​កម្ពុជា​

1082
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១​ឆ្នាំ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៨ នេះ សមាគម​អតីតយុទ្ធជន មាន​សមាជិក​សរុប​ចំនួន ៧៣.៩០៦​នាក់​។ ក្នុងនោះ និវត្តជន​ចំនួន ២៣.១៧៦​នាក់ ជន​បាត់បង់​សមត្ថភាព​ការងារ​ចំនួន ១.៤៩៧​នាក់ ជនពិការ​ចំនួន ២៥.៩១១​នាក់ គ្រួសារ​ជន​ពលី​ចំនួន ២០.១៤៣​នាក់ គ្រួសារ​ជន​មរណៈ​ចំនួន ៣.១៧៩​នាក់ ដែលមាន​អ្នក​នៅក្នុង​បន្ទុក​ប្រមាណ ១០៨.៨៧១​នាក់​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម​បាន​បន្តថា​ក្នុងនោះ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​ពង្រឹង និង​ពង្រីក​ការងារ​ចាត់តាំង​តាម​រាជធានី ខេត្ត ទាំង ២៥ យ៉ាងរឹងមាំ ក្នុងនោះ​មាន​គណៈកម្មាធិការ ស​.​អ​.​ក​. ក្រុង ស្រុក ខណ្ឌ​ចំនួន ១៨៩ សាខា ស​.​អ​.​ក​. ឃុំ សង្កាត់​ចំនួន ១.៥៥៣ និង​មាន​មន្ត្រី​ប្រតិបត្តិ​សរុប​ចំនួន ១៨.៨៨៨ នាក់ ។​

​សម្រាប់​ការបើក​ផ្តល់ប្រាក់​បេឡា​មរណ​សង្គ្រោះ​វិញ​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​ឲ្យ​ដឹងថា បាន​ដំណើរ​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​។​ពិសេស​ការចុះ​ប្រគល់​ប្រាក់​ដល់ដៃ​គ្រួសារ​សព​បាន​ទាន់​ថ្ងៃបុណ្យ​តែម្តង​។ លើ​ការជាក់ស្តែង​ឃើញថា​នៅ​ក្នង​ខែ​នីមួយៗ មាន​សមាជិកសមាគម​ទទួលមរណភាព គឺ​ប្រមាណ​ពី ១២០​សព ទៅ ១៦០​សព ។​ដោយ​មូលហេតុ សើរើ​មុខរបួស មាន​ជំងឺ​ប្រចាំកាយ ចាស់ជរា​មាន​សុខភាព​ចាស់​ទ្រុឌទ្រោម និង​គ្រោះថ្នាក់​ជាយ​ថ​ហេតុ​ផ្សេងៗ ដែលជា​មូលហេតុ​នៃ​ការកើនឡើង​ជា​បន្តបន្ទាប់​។​

​លោក​អគ្គលេខាធិការ​ស​មា​គម​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​៤ ខែ​ដើមឆ្នាំ ២០១៨ នេះ សមាជិក​ទទួលមរណភាព មាន​ចំនួន ៥៧២​សព បើ​ប្រៀប​ទៅនឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៧ កន្លងទៅ កើនឡើង ៨១ សព ។​ក្នុង​ចន្លោះ​ខួប​ទី ១០ មក​ខួប​ទី ១១ នេះ សមាគម​អតីតយុទ្ធជន​កម្ពុជា​តា​ម​រាជធានី ខេត្ត បាន​បើក​ផ្តល់ប្រាក់​បេឡា​មរណ​សង្គ្រោះ​ជូន​ដល់​គ្រួសារ​សព​សមាជិក​សរុប​បាន​ចំនួន ១.៥៣២ សព ។​ក្នុងនោះ​ថវិកា​របស់​សម្តេច​តេ​ជោ ប្រធាន​មាន​ចំនួន ២៩៧ សព​។​

​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍​គន់គីម​តាមរយៈ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​កន្លង​ទៅបាន​រកឃើញ​អតីតយុទ្ធជន​ជា​សមាជិកសមាគម​ដែល​បានទទួល​របប​ឧបត្ថម្ភ​គោលនយោបាយ​ពីរ​ដ្ឋ​មាន​ចំនួន​សរុប ៧៣.៩០៦​នាក់ ។​មាន​សាច់ញាតិ​នៃ​ក្រុមគ្រួសារ​គាត់​សរុប​មាន​ចំនួន ២៣១.៩៣៨​នាក់ ក្នុងនោះ​កូន​ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើង​ចំនួន ២.២៤០​នាក់​។

សមាគម​បាន​រកឃើញ​ដែរ​ថា អតីតយុទ្ធជន ដែលមាន​ដី​អត់​ផ្ទះ ឬ មានផ្ទះ​មិន​សមរម្យ ចំនួន ៣.០៥៧ គ្រួសារ​។​អតីតយុទ្ធជន​ដែល​លំបាក​ខ្លាំងជាងគេ កំពុង​រស់នៅ​ជាមួយ​សាច់ញាតិ​បងប្អូន គ្មាន​ទាំង​ដី គ្មាន​ទាំង​ផ្ទះ មាន​ចំនួន ៤.២៦១​គ្រួសារ​, អតីតយុទ្ធជន​រស់នៅ​លើដី​សាធារណៈ មាន​ចំនួន ៦០៣​គ្រួសារ​។​

​ឆ្លើយតប​ទៅនឹង​គុណបំណាច់​ដ៏​ធំធេង​របស់​វីរ​អតីតយុទ្ធជន​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​គិតគូរ​យកចិត្តទុកដាក់​ជាប្រចាំ​ដល់​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​។ ជាក់ស្តែង​ជា​រៀងរាល់ឆ្នាំ​សម្តេច​តេ​ជោ​តែង​បាន​អញ្ជើញ​ដោយផ្ទាល់​ឬ​ចាត់​តំណាង​ចុះ​ជួប​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ នៅ​ភូមិ​អភិវឌ្ឍន៍​ទាំង ៣ កន្លែង (​កោះស្លា គូលែន និង​ភ្នំ​ឆ័​ត្រ​)​។ ក្នុង​ឆ្នាំ ២០១៧-២០១៨ នេះ​សម្តេច​តេ​ជោ​ប្រធាន បាន​សាង​សង់ផ្ទះ ជូន​អតីតយុទ្ធជន​ក្រីក្រ និង​គ្រួសារ បាន​សរុប​ចំនួន ៦៩៩​ខ្នង​៕S/

​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​ខួប​លើក​ទី​១១​ទិវា​អតីតយុទ្ធជន​កម្ពុជា​