សម្តេច​តេ​ជោ​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ហ្សឺ​ណែវ​

592
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់លោក រ៉ូ​បឺ​តូ អា​ហ្សេ​វេ​ដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​«​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩ » ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​។​

អញ្ជើញ​អមដំណើរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឥស្សរជន​ជាន់ខ្ពស់​មួយចំនួនទៀត​របស់​រា​ជ​រដ្ឋាភិបាល​។​
ក្រសួងការបរទេស​បាន​បន្តថា កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩ » ក្រោម​មូលបទ “​គាំទ្រ​ពិពិធ​កម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​” មាន​គោលបំណង​ពិនិត្យមើល​ពី​របៀប​ដែល​ជំនួយ​ពាណិជ្ជកម្ម អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ការធ្វើ​ពិពិធ​កម្ម​សេច្ច​កិច្ច​។​
អាស្រ័យ​ដោយ​សមិទ្ធផល​ដ៏​ធំធេង​របស់​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ជោគជ័យ​ក្នុង​

​ការកាត់បន្ថយ​ភាពក្រីក្រ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​កន្លងមកនេះ សម្តេច​តេ​ជោ
​ត្រូវបាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ ដែល​ក្នុងឱកាស​នោះ សម្តេច​នឹង​គូសបញ្ជាក់​ពីបទ​ពិសោធន៍ កិច្ចប្រឹងប្រែង និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ក្នុងការ​ជម្នះ​ឧបសគ្គ​នានា និង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា ឆ្នាំ​២០១៩-២០២៣ ព្រមទាំង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​កម្មវិធី​សង្គម​ដែល​រៀបចំ​ដោយ​WTO ផងដែរ​។​
ក្រៅពី​កិច្ចប្រជុំ​ខាងលើ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​នឹង​ផ្តល់​សារ​ដ៏​សំខាន់​និង​ច្បាស់លាស់​មួយ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​។
ក្រសួងការបរទេស​បាន​បញ្ជាក់ថា ក្នុងឱកាស​ស្នាក់នៅ​ទីក្រុង​ហ្សឺ​ណែវ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី រំពឹងថា​នឹងមាន​ជំនួប​ទ្វេភាគី​ដោយឡែក​ពីគ្នា​ជាមួយ លោក វិល ស្គី​ន​ណា​រី រដ្ឋមន្ត្រី​សហប្រតិបត្តិ​ការអភិវឌ្ឍ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ហ្វាំ​ង​ឡង់​, លោក រតនា​ការ អា​ឌី​ការី នាយក​ប្រតិបត្តិ​នៃ​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​នៃ​WTO, លោកជំទាវ មី​សែ​ល បា​ឆេ​ឡេ​ត ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ព្រមទាំង​ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត ។
សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ពី​តំណាង​ក្រុមហ៊ុន​អឺរ៉ុប​មួយចំនួន នឹង​ឆ្លៀតឱកាស​ទទួល​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ស្វី​ស និង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​៕​សរន​