សម្តេច​តេ​ជោ​នឹង​អញ្ជើញ​សម្ពោធ​រោងចក្រ​ទឹកស្អាត ​តម្លៃ​ជិត​៣០​លាន​ដុល្លារ ​និង​សមត្ថភាព​ផលិត​ជិត​៨​ពាន់​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​នៅ​កំពត​ដើមខែ​មេសា​

892
ចែករម្លែក
  • 108
    Shares

ដោយៈ​សុផល​/​កំ​ពតៈ​រោងចក្រ​ទឹកស្អាត​ថ្មី​ដែលមាន​តម្លៃ​ជាង ​២៦​លាន​ដុល្លារ​អាម៉េរិក​និង​មាន​សមត្ថភាព​ផលិត​ទឹកបាន​៧.៥០០​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ ​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ​នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​។ ​គម្រោង​ពង្រីក​ប្រព័ន្ធគ្រប់គ្រង​ទឹកស្អាត​ខេត្តកំពត​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​តូច សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។​

​ថ្លែងប្រាប់​អ្នកកាសែត​ក្នុង​កម្មវិធី​ទស្សនកិច្ច​អ្នកសារព័ត៌មាន​លើ​គម្រោង​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​(ODA)​កាលពី​រសៀល​ថ្ងៃទី​២៨​ខែ មីនា ឆ្នាំ​២០១៩ លោក ទី គាន ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩​។​

​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ​២០១៤​ដល់​២០១៨​បាន​កំណត់ថា ​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​១០០%​នៅ​ឆ្នាំ​២០២៥​។​រដ្ឋាករទឹក​ស្វយ័ត​ខេត្តកំពត​បាន​ជួប​បញ្ហា​ប្រឈម​ជាច្រើន​រួមមាន​សមត្ថភាព​ផលិត​ទឹកស្អាត ​អត្រា​បាត់បង់​ទឹក​ខ្ពស់ ​គុណភាព​ទឹក​មិនល្អ​ ដែល​បណ្តាលមកពី​បណ្តាញ​ចែកចាយ​ចាស់​ខ្លាំងពេក​ ដែល​តម្រូវ​ឲ្យ​មានការ​កែលម្អ​ការផ្គត់ផ្គង់​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ជាបន្ទាន់​។​ជាមួយ​គម្រោង​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត​នេះ​ រោងចក្រ​ផលិត​ទឹក​ថ្មី​នឹង​ផលិត​ទឹកស្អាត​បានល្អ​និង​ធ្វើ​ឲ្យ​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត​បាន​ប្រសើរ​ជាង​មុន​។​

​លោក​ទី​គាន​បានឱ្យដឹងថា​៖​ គម្រោង​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត​នេះ​ជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ចៃ​កា​(JICA)​។​គម្រោង​នេះ​មាន​ទឹកប្រាក់​២៦​លាន​ដុល្លារ​អាម៉េរិក​និង​ត្រូវបាន​សិក្សា​តាំងពី​ឆ្នាំ​២០១២ ​ហើយ​ចូល​ផ្លូវការ​នា​ឆ្នាំ​២០១៥​។​ដំណើរការ​សាងសង់​នៅ​ឆ្នាំ​២០១៥ និង​ស្ថាបនា​រួច​នៅ​ខែសីហា ឆ្នាំ​២០១៦​។​

​លោក​បាន​បន្ត​ឱ្យដឹងថា​៖ ​គម្រោង​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត​នេះ​រួមមាន​ការសាងសង់​រោង​ចក្រ​ផលិត​ទឹកស្អាត​ដែលមាន​សមត្ថភាព​ផលិត​៧៥០០​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​,​រោងចក្រ​បូមទឹក​ឆៅ​ដែលមាន​សមត្ថភាព​ផលិត​៨.២៥០​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​,​ពង្រីក​បណ្តាញ​ចែកចាយ​ទុយោ​៨៨.៩​គីឡូម៉ែត្រ​ក្នុង​តំបន់​សេវា​ផ្គត់ផ្គង់​ទឹក​ខេត្តកំពត​ដែលមាន​ប្រជាជន​១៣១៣៥​គ្រួសារ​ មកពី​៥​សង្កាត់​៦​ឃុំ​,​ សាងសង់​បណ្តាញ​បញ្ជូន​ទឹក​ឆៅ​ទៅកាន់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក ៥,២​គីឡូម៉ែត្រ​ សាងសង់​អគារ​រដ្ឋបាល​និង​អគារ​ចាំបាច់ និងផ្សេងៗ​ គម្រោង​នេះក៏បាន​ជួយ​កា​រត​បណ្តាញទឹក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៩០០​គ្រួសារ​។​

​លោក​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​បាន​គូសបញ្ជាក់ថា​៖​ក្រោយ​គម្រោង​បានបញ្ចប់​មាន​ពលរដ្ឋ​៨៨១៤​គ្រួសារ​ស្មើនឹង​៦៧​ភាគរយ បាន​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ ហើយ​នៅ​ឆ្នាំ​២០២៣ យើង​សង្ឃឹមថានឹង​អាច​ផ្គត់ផ្គង់​យ៉ាងហោចណាស់​៩០​ភាគរយ​នៃ​តំបន់​សេវា​ផ្គត់ផ្គង់​ទឹក​។​ក្រោយ​គម្រោង​នេះ​ដាក់ឱ្យ​ដំណើរការ បាន​ជួយ​ប្រជាជន​ដែល​អត់​បណ្តាញ​ប្រើប្រាស់​បានមក​សម្រុក​ដា​ក់​ពាក្យ​ត​បណ្តាញ ដែល​រហូតមក​ដល់ពេលនេះ​មាន​ប្រជាជន​ជាង​២០០០​គ្រួសារ​មក​ត​បណ្តាញ​។​

​លោក ទី គាន បាន​បន្តថា​៖​ មុន​គម្រោង​ដំណើរការ​ឬ​មុនពេល​រោងចក្រ​ថ្មី​ចាប់ដំណើរការ ខេត្តកំពត​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​ខ្លាំង​សម្ពាធ​ទឹក​ចុះខ្សោយ​ឬ​អត់​ចេញ​ ហើយ​ផ្គត់ផ្គង់​ទឹក​បានតែ​៦​ពាន់​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​។​តែ​ឥឡូវ​អាច​ផលិត​៧.៥០០​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​។​សព្វថ្ងៃ​ផ្គត់ផ្គង់​បាន​១.០០០​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​ហើយ​សរុប​ទាំង​រោងចក្រ​ថ្មី​និង​រោងចក្រ​ចាស់​អាច​ផលិត​បាន​១៣០០០​គុប​ក្នុង​១​ថ្ងៃ​និង​ផ្គត់ផ្គង់​១​ម៉ឺន​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​។​

​យោងតាម​ចៃ​កា​បានឱ្យដឹងថា​៖​លទ្ធផល​នៃ​គម្រោង​នេះ​នឹង​បង្កើន​ការទទួលបាន​ទឹកស្អាត​ប្រើប្រាស់​និង​កែលម្អ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​,​អត្រា​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​តំបន់​នឹង​កើន​ពី​៤៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៣(​មុន​ចាប់ផ្តើម​គម្រោង​)​ដល់​៩២​ភាគរយ​ក្នុង​ឆ្នាំ​២០២១​។​

គិត​ត្រឹម​ឆ្នាំ​២០២១ ​ចំនួន​ប្រជាជន​ដែល​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ក្នុង​ក្រុង​កំពត​និង​កើនឡើង​ពី​ចំនួន​២៣.៦៥៧​នាក់​(​មុន​ចាប់ផ្តើម​គម្រោង​)​ដល់​៥៥ .៨៧៤​នាក់​។​សុខភាព​សាធារណៈ​និង​អនាម័យ​ផ្ទាល់ខ្លួន​នឹងត្រូវ​បាន​កែលម្អ​តាមរយៈ​ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការប្រើប្រាស់​ទឹកភ្លៀង​និង​ទឹក​អណ្តូង​មកប្រើប្រាស់​ទឹកស្អាត​ដែល​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​៕S/Ha

​ចំណងជើង​រូ​បថ​តៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​នៅ​ថ្ងៃទី​២ ខែ មេសា ឆ្នាំ​២០១៩(​រូបៈ​សុផល​)