សម្តេច​តេ​ជោ​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ក្នុង​សប្តាហ៍​នេះ​

327
ចែករម្លែក
សម្តេច​តេ​ជោ​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ក្នុង​សប្តាហ៍​នេះ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នៅ​ថ្ងៃទី​២​ខែតុលា​នេះ​បាន​ឲ្យ​ដឹងថា​តប​តាម​ការអញ្ជើញ​របស់លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៩​។​

​ប្រភព​ដដែល​បន្តថា អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល បន្ទុក​កិច្ចការ​ព្រំដែន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ព្រមទាំង​ឥស្សរៈជន ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ​ធុរកិច្ច នៃ សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ចូលជួប​សម្តែង​ការគួរសម​ដាច់ ដោយឡែក​ពីគ្នា ជាមួយ លោក ង្វៀន ហ្វ៊ូ ជុង (Nguyen Phu Trong) អគ្គលេខាធិការ​បក្ស និង​ជា​ប្រធាន​រដ្ឋ​វៀតណាម និង​លោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធាន រដ្ឋសភា​វៀតណាម​។​


សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក ដែល​នៅក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក និង​ការ បារម្ភ​រួមគ្នា​។ ក្រោយ​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ ឯកសារ​មួយចំនួន ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​


នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងចូលរួម​ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​ស្តីពី​ការជំរុញ​វិនិយោគ និង ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម នៅ​រសៀល​ថ្ងៃទី​៤​តុលា​។​នៅ​ថ្ងៃទី​ពីរ​នៃ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ទាំងពីរ​នឹងចូលរួម​ជា​អធិបតី​ក្នុង​សន្និសីទ​បូកសរុប​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ដែល​រំពឹងថា​នឹង​បញ្ចប់​ដោយ​ការចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ពីរ ដើម្បី​ទទួលស្គាល់​លទ្ធផល​ការងារ​ខណ្ឌសីមា ព្រំដែន ៨៤​ភាគរយ ដែល​សម្រេចបាន​។​


ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ហាណូយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិ​ញ្ញា​ក្ខ​ន្ធ​នៅ​វិមាន​អនុស្សាវរីយ៍​បុព្វបុរស​និង​យុទ្ធជន​ពាលី និង​នៅ​វិមាន​តម្កល់សព​លោក​ហូជីមិញ​៕​សរន​