សម្តេច​តេ​ជោ​បាន​ស្នើអោយ​ភាគី​ជប៉ុន សិក្សា​ជាមួយ​អ្នកជំនាញ​កម្ពុជា​អំពី​ការកែច្នៃ​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​

177

(​តូ​ក្យូ​)៖​នា​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​និង​​គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​រោងចក្រ​កែច្នៃ​សំរាម SHIN-KOTO INCINERATION PLANT​ដែល​គ្រប់​​គ្រង​ដោយ “​អាជ្ញាធរ​សម្អាត​ទីក្រុង​តូ​ក្យូ​”​។​

​ការអញ្ជើញ​ដល់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​ប្រធាន អាជ្ញាធរ លោក តៃ​ជី​រ៉ូ នី​ហ្សី​កា​វ៉ា ។ នាឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​អោយ​ភាគី​ជប៉ុន​សិក្សា​ជាមួយ​អ្នកជំនាញ​កម្ពុជា​អំពី​ការកែច្នៃ​​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​។ ច្បាស់​ណាស់ សំរាម​គឺជា​បញ្ហា​ចម្បង​ធំ​ទី​ពីរ​បន្ទាប់ពី​បញ្ហា​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​។ អាគារ​រោច​ក្រ​កែឆ្នៃ​សំរាម​នេះ​មាន​កំពស់ ៦​ជាន់ បំពាក់​ដោយ​ម៉ាស៊ីន​កិនកំទេច​សំរាម ហើយ​បែងចែក​ទៅតាម​ប្រភេទ​សំរាម​នីមួយៗ ដែល​ផលិត ចេញ​ជាវ​ត្ថុ​សម្រាប់​ប្រើប្រាស់​បាន​ឡើងវិញ​។ កាកសំណល់​មួយចំនួន​គឺ​យកទៅ​ធ្វើ​ជីរ និង​ប​ម្លែ​ង​ទៅជា​ថាមពល​អគ្គិសនី សម្រាប់​ប្រើប្រាស់​ផងដែរ​។ កម្ពុជា​ត្រូវការ​រោងចក្រ​បែបនេះ​ដើម្បី​កែឆ្នៃ​សំរាម​ដែល​ដឹកចេញទៅ​គរ​នៅ​ជាយក្រុង​សព្វថ្ងៃ​។​

​បន្ទាប់ពី​បាន​ទស្សនកិច្ច​នៅ​រោងចក្រ​កែឆ្នៃ​សំរាម​ខាងលើ​នេះហើយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​បន្តដំណើរ​ទៅ​ជិះ​រថភ្លើង​​ស្វ័យប្រវត្តិ Yarikamome (​គ្មាន​មនុស្ស​បើកបរ​) ចាប់ពី​ស្ថានីយ​តូ​យ៉ូ​សឺ ទៅដល់​ស្ថានីយ​អា​រី​កិ ទីក្រុង​តូ​ក្យូ​។​

​សូម​រំ​ឮ​ក​ផងដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ការងារ​រយៈពេល ៤ ថ្ងៃ​នៅ​ប្រទេស​ជប៉ុន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ជួយ​គិតគូរ​ក្នុងការ​ផ្ដល់ជំនួយ​ជា​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន​ជាពិសេស​រៀបចំ​អោយ​​មាន​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​បែបនេះ (Sky Train) ដើម្បី​កាត់បន្ថយ​នូវ​ការចំណាយ​របស់​ពលរ​ដ្ឋ​ព្រមទាំង​កាត់បន្ថយ​នូវ​ការ​កក​​ស្ទះចរាចរណ៍ និង​គ្រោះថ្នាក់​ផ្សេងៗ​៕​ដោយ​៖​វាសនា​
​ប្រភព​៖​ហ្វេ​ស​ប៊ុ​ក​សម្តេច​