សម្តេច​តេ​ជោ​ប្តេជ្ញា​ជាថ្មីទៀត​បម្រើ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ខកបំណង​

891
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ទើប​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់ បង្គាប់​ចាត់តាំង ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី ៦ បាន​ប្តេជ្ញាចិត្ត​ជាថ្មីទៀត​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ខកបំណង ហើយនឹង​បន្ត​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ ។
​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​បែបនេះ​នៅក្នុង​សារ​នយោបាយ​ខ្លី​ដែល​បាន​បង្ហោះ​តាម​ផែ​ក ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​នៅ​ថ្ងៃទី ១៨ ខែ សីហា​នេះ ។

​ខ្លឹមសារ​នៃ​សារ​នោះ​មាន​យ៉ាង​ដូច្នេះ​ថា “​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ជូនពរ​ខ្ញុំ​នៅក្នុង​ឱកាស​ដែល ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ កម្ពុជា​ដែល​ព្រះអង្គ​បាន​ព្រះរាជទាន​ត្រាស់បង្គាប់​ចាត់តាំង​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦ (២០១៨-២០២៣)”​។ “​ខ្ញុំ​ប្តេជ្ញា​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​មិន​ឲ្យ​ខកបំណង​ឡើយ ហើយនឹង​បន្ត​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។ បង ប្អូន​ត្រូវ​ចងចាំ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​របស់​យើងទាំងអស់គ្នា​ហើយ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​គឺជា​ជោគជ័យ​រួម​របស់​កម្ពុជា​ទាំងមូល​”​។​
​គួរ​បញ្ជាក់ថា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ១៧​សីហា​នេះ​បានប្រកាស​ចាត់តាំង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី ៦ ។ ព្រះរាជក្រឹត្យ​ប្រកាស​តែងតាំង​នេះ​បានធ្វើ​ឡើង​តែ​ពីរ ថ្ងៃ បន្ទាប់ពី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​ដ៏​លើសលុប​ទទួលបាន ១២៥ អាសនៈ​ក្នុង​រដ្ឋសភា​។
​សម្តេច​តេ​ជោ​ត្រូវ​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦ ជា​បន្តទៀត​។ ជា​នាយករដ្ឋមន្ត្រី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជ រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សុំ​សេចក្តីអនុម័ត​ទុកចិត្ត​ពី​រដ្ឋសភា​។​ ​ ​ ​ ​ ​ ​ក្រោយ​ទទួលបាន​ព្រះរាជក្រឹត្យ​របស់​អង្គ​ព្រះមហាក្សត្រ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្វាយ​សារលិខិត​តប​ភ្លាមៗ​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​អង្គ​ព្រះមហាក្សត្រ និង ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​និង​ស្មារតី ដើម្បី​បំពេញភារកិច្ច​បម្រើ​ប្រទេសជាតិ មាតុភូមិ និង ប្រជារាស្ត្រ​ទូទាំងប្រទេស ។​សម្តេច​តេ​ជោ បានបញ្ជាក់​ថា​នឹង​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​បញ្ជូនទៅ​ព្រឹទ្ធសមាជិក​នៃ​រដ្ឋសភា​នីតិកាល​ទី ៦ ដើម្បី​សុំ​ការផ្តល់​សេចក្តីទុកចិត្ត​ពី​សមាជិក សមាជិកា​នៃ​រដ្ឋសភា​ដែល​នឹង​ប្រជុំ នៅ​ថ្ងៃទី ៦​ខែកញ្ញា​។​
​សូមបញ្ជាក់​ជូន​ថាបើ​តាម​នីតិវិធី​រដ្ឋសភា នីតិកាល​ទី ៦ នឹងត្រូវ​កោះប្រជុំ​ជា​លើកដំបូង​ក្រោម​ព្រះរាជាធិបតីភាព​នៃ​អង្គ​ព្រះមហាក្សត្រ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែកញ្ញា​។​សមាជិក​ទាំងអស់​នឹង​ត្រូវ​ចូល​ស្បថសច្ចា​ប្រណិធាន​នៅពេល​ល្ងាច​ថ្ងៃទី ៥​កញ្ញា​។ ចំណែក​ក្បាលម៉ាស៊ីន​ដឹកនាំ​សភាជាតិ និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦ នឹងត្រូវ​ប្រកាស​បង្កើត​ឡើង​នៅ​ថ្ងៃទី ៦ ខែកញ្ញា​។​គណៈរដ្ឋមន្ត្រី​អណ​ត្តិ​ថ្មី នឹង​បើកប្រជុំ​ជា​លើកដំបូង​នៅ​ព្រឹក​ថ្ងៃទី ៧​ខែកញ្ញា​។​ ​ ​ ​ជាការ​កត់សម្គាល់​ក្នុង​អាណត្តិ​ថ្មី​តំណែង​រដ្ឋលេខាធិការ​នឹងត្រូវ​ឈប់​រាប់បញ្ចូល ទៅក្នុង​សមាសភាព​រាជរដ្ឋាភិបាល​ទៀតហើយ ។ មិនតែប៉ុណ្ណោះ​គណ​:​រដ្ឋមន្ត្រី​ដែល​ត្រូវដាក់​ឆ្លង​រដ្ឋសភា​សុំ​សេចក្តីអនុម័ត មានតែ​រដ្ឋមន្ត្រី​សុទ្ធសាធ​ហើយ​ពុំមាន​រដ្ឋលេខាធិការ​ទេ ។ នេះ​បើតាម​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តិទៅ​នៃ គណៈរដ្ឋមន្ត្រី​ថ្មី ។
​បើ​យោងតាម​សម្តេច​តេ​ជោ​គឺ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី​មាន​ចំនួន ៣០ រូប ប៉ុណ្ណោះ​រួមទាំង​នាយករដ្ឋមន្ត្រី​មួយរូប​ផងដែរ ។​ ​ ​ ​ ​ ​ ​ ​ ​មកដល់ពេលនេះ​សមាសភាព​នៃ​រាជរដ្ឋាភិបាល​ថ្មី​នៅ​មិនទាន់​ត្រូវបាន​បង្ហើប​ចេញ​នៅឡើយ​ទេ លើ កលែង​តែ​លោក ចម ប្រសិទ្ធ មួយរូប​ប៉ុណ្ណោះ​ដែល​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ចេញមក​កាលពីពេល​ថ្មី​កន្លងមកនេះ ។ ចំណែក​សមាសភាព​ផ្សេងទៀត​ត្រូវបាន​សម្តេច​តេ​ជោ អះអាង ថា​មានតែ​មនុស្ស​បួន​នាក់​ប៉ុណ្ណោះ​ដែល​ដឹង​៕សរន