សម្តេច​តេ​ជោ​ប្រាប់​រដ្ឋមន្ត្រី​ដែនដី​ឲ្យ​ដោះស្រាយ​បញ្ចប់​បញ្ហាដីធ្លី​លើ​កោះរ៉ុង​

1044
ចែករម្លែក
សម្តេចតេជោហ៊ុនសែន

ដោយៈ​តារា​រិ​ទ្ធ​/​ព្រះសីហនុៈ​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​លោក ជា សុផារ៉ា ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ឲ្យ​ធ្វើការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជា​ជន និង​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់​ចប់​ដែល​កន្លងមក​មាន ១.២២១ ក្បាលដី ដែល​បានរៀបចំ​តែ​បានប្រគល់​សម្រាប់ ៦៣៧ ក្បាលដី ដែលមាន​ទំហំ ៦២៥ ហិកតា ពាក់ព័ន្ធ​នឹង​ប្រជាជន​ចំនួន ២៩៤ គ្រួសា រ​រស់នៅ​អចិន្ត្រៃយ៍​លើ​កោះ​នេះ ។ ប៉ុន្តែ​នៅសល់ ៥៨៤ ក្បាលដី​ទៀត​មិនទាន់​បានចេញ​ឲ្យ​ដោយសារតែ​នៅមាន​ទំនាស់ និង ភាព​មិន​ច្បាស់លាស់ ។​

សម្តេច​បាន​លើកឡើងថា​ក្បាលដី​ទាំងអស់នេះ​ត្រូវ​ពិនិត្យពិច័យ​ឲ្យ​បានច្បាស់លាស់ ព្រោះ​មុន​ឆ្នាំ ២០០៨ មិន​មាន​មនុស្ស​ប៉ុន្មាន​នាក់​នោះទេ​រស់នៅ​ទីនេះ​ក៏ប៉ុន្តែ​ម្ចាស់​ក្បាលដី​ដែល​មិនទាន់​ចេញ​ឲ្យ​នេះ​ដោយសារ​ថា​មួយ​ចំនួន​អ្នក​មកពី​ចំងាយ ពី​ក្រុងព្រះសីហនុ ពី​ក្រុងភ្នំពេញ មក​កាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​។ នោះ​ហើយ​ជា​បញ្ហា ។ ដូចនេះ​ត្រូវ​ស្រាវជ្រាវ​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់​មុននឹង​ផ្តល់​ឲ្យ​។​សម្តេច​បន្តថា​យើង​មិនអាច​អង្គុយ​បក់ផ្សែង​នោះទេ​។​យើង​ត្រូវ​ពន្លត់ភ្លើង​។​បើ​មិន​ដូច្នេះ​ទេ​ភ្លើង​នៅតែ​បន្ត​ឆេះ​។​សម្តេច​ក៏​ចង់ឃើញ​មុខ​អ្នកមានអំណាច​និង​អ្នកមាន​លុយ​មួយចំនួន​ដែល​បានមក​កាង​នៅ​ពីក្រោយ​ការទន្ទ្រាន​កាន់​កាត់​ដីធ្លី​នៅលើ​បណ្តា​កោះ​នេះដែរ​។​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បន្តថា​យើង​គួរតែ​ឲ្យ​ពួក​អ្នក​ដែលមាន​អំណាច មាន​លុយ ទទួល​បានការ​ចាញ់​ខ្លះ ដើម្បី​​ឲ្យ​ពួកគេ​រាងចាល ។​

​ ​សម្តេច​ក៏បាន​សំនូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កោះរ៉ុង​នេះ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក៏ដូចជា ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ដើម្បី​ថែរក្សា និង អភិវឌ្ឍន៍​កោះរ៉ុង​នេះ​ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង​បន្ថែម​ទៀត ។ ​ ​

​ ​សម្តេច​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ការដែល​ស្តេច​មកកាន់​កោះរ៉ុង​នៅថ្ងៃនេះ​គឺ​ដើម្បី​បិទ​បញ្ចប់​ជម្លោះដីធ្លី​នៅទីនេះ​ទាំងស្រុង​និង​បញ្ចប់​អំពើ​កាប់​រាន​ដី​កោះ​ល្មើសច្បាប់​ទាំងស្រុង​ព្រមទាំង​ដកយក​កោះ​ដែលជា​សម្បត្តិ​របស់​រដ្ឋ​ទាំងអស់​ត្រឡប់មកវិញ​ពី​ក្រុមហ៊ុន​នានា​ដែល​បានទទួល​អាជ្ញាប័ណ្ណ​វិនិយោគ​ប៉ុន្តែ ពួកគេ​មិនបាន​ធ្វើ​អ្វី​ទាំងអស់​។
​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​»​ស្ថិត​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ មេសា ៕​មន​

ទិដ្ឋភាពលើកោះរ៉ុង(រូវផេកសម្តេចតេជោ)