សម្តេច​តេ​ជោ​ពន្យល់​ពី​មូលហេតុ​អ្វី​មិនមាន​ការផ្លាស់ប្តូ​រដ្ឋមន្ត្រី​ណា​ម្នាក់​

649
ចែករម្លែក
សម្តេច​តេ​ជោ​ពន្យល់​ពី​មូលហេតុ​អ្វី​មិនមាន​ការផ្លាស់ប្តូ​រដ្ឋមន្ត្រី​ណា​ម្នាក់​(រូបថតផេកសម្តេចតេជោហ៊ុនសែន)

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​បានធ្វើការ​ពន្យល់​អំពី​មូលហេតុ​ដែល​ការមិន​មានការ​ផ្លាស់ប្តូ​រ​រដ្ឋមន្ត្រី​ណា​ម្នាក់​នៅក្នុង​អាណត្តិ​ទី​៦​នេះ ។ សម្តេច​បាន​បរិយាយ​ថាបើ​ការធ្វើកំណែទម្រង់​ណាមួយ​ត្រឹមតែ​ការប្តូរ​មនុស្ស វា​មិន​ខុសពី​ការសម្លាប់​ខ្លួន​នោះទេ ព្រោះ​ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​ការកែទម្រង់​មិនមែន​សំដៅ​ទៅលើ​ការដោះដូរ​មនុស្ស​ទេ ប៉ុន្តែ​សំខាន់បំផុត​ខ្លឹមសារ​ការងារ និង ប្រសិទ្ធភាព​ការងារ​វិញ​ទេ ។​
​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​នា​ព្រឹក​ថ្ងៃទី ៧ ខែ កញ្ញា នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ដែល​សមាសភាព​គណៈរ​ដ្ឋ​មន្ត្រី​អាណត្តិ​ថ្មី​នេះ​មិនមាន​ការផ្លាស់ប្តូរ​នោះទេ ។​

ប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​នា​ព្រឹក​ថ្ងៃទី ៧ ខែ កញ្ញា នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី

​ ​តាមរយៈ​សមាសភាព​ស​មា​ជិ​ក​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​ដែល​ដាក់​សុំ​សេចក្តី​គាំទ្រ​ពី​រដ្ឋសភាជាតិ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​ដោយ​មិន​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​នោះ បាន​បង្កើត​ឲ្យ​មានការ​លើកឡើងថា​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មិនមាន​ការផ្លាស់ប្តូរ​អ្វី​ជា​ដុំ​។ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​មនុស្ស​មួយចំនួន​គិតថា ការកែទម្រង់​គឺជា​ការដូរ​មនុស្ស​។ នេះ​ជាការ​គិត​ខ្លី​។ បើសិនជា​ការកែទម្រង់​ណាមួយ​វា​ត្រឹមតែ​ជាការ​ដូរ​មនុស្ស​នោះ​ គឺ​វា​មិន​ខុសពី​ការសម្លាប់​ខ្លួន​ទេ​។ ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​នៃ​ការអនុវត្ត​សម្រាប់​ប្រទេសជាតិ ការកែ​ទម្រង់​មិន​សំដៅលើ​ការដូរ​មនុស្ស​នោះទេ គឺ​សំដៅលើ​ប្រសិទ្ធភាព​ការងារ​» ។​មាន​អ្នកខ្លះ​គិត​ខ្លី​ធ្វើ​អត្ថាធិប្បាយ​យ៉ាងនេះ​ឬ​យ៉ាងនោះ​។​ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​នៃ​ការអនុវត្ត​សម្រាប់​ប្រទេសជាតិ មិនមែន​ការកែទម្រង់ សំដៅ​ទៅលើ​ការដោះដូរ​មនុស្ស​នោះទេ​។​ប៉ុន្តែ​សំខាន់បំផុត​គឺ​សំដៅ​ខ្លឹមសារ​ការងារ ,​ប្រសិទ្ធ​ការងារ​ឯណោះ​ទៅវិញ​ទេ ។ មាន​មនុស្ស​ជាច្រើន​បាន​រង់ចាំ​មើលថា​តើ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​មាន​ក្មេង​ប៉ុន្មាន​? ចាស់​ប៉ុន្មាន ? ថ្មី​ប៉ុន្មាន ?​។​
​សម្តេច​តេ​ជោ​បន្តថា​សម្តេច​មិនបាន​ខ្វល់​ចំពោះ​រឿងនេះ​ទេ តែ​សម្តេច​ខ្វល់​ទៅលើ​រឿង​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​ការងារ​ទៅវិញ​ទេ​។​ការធ្វើ​នយោបាយ​ប្រសិន​ធ្វើ​គ្រាន់តែ​ដើម្បី​ដោះដូរ​មនុស្ស​ហើយ​ហៅថា​ការកែទម្រង់​នោះ​គណបក្សនយោបាយ​មួយ​នោះ​នឹង​ស្លាប់ ហើយ​មេដឹកនាំ​មួយ​នោះ​នឹង​ស្លាប់​ដោយ​ឯកោ​បំផុត ។​

ដោយ​លើក​អំពី​បទពិសោធន៍​ក្នុងការ​ដឹកនាំ​រាជរដ្ឋាភិបាល​អស់​រយៈ​ពេល​ជាង ៤០ ឆ្នាំ​មកហើយ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​ជោគជ័យ​របស់​ហ៊ុនសែន​គឺ​បានចាប់ផ្តើម​តាំងពី​មាន​មនុស្ស​តែ​ប្រាំ​នាក់ រហូតដល់​មាន​មនុស្ស​រាប់លាន​នាក់មក​នៅ​ជាមួយ ហ៊ុន សែន បាន​ទាំងអស់​តាមរបៀប​រក្សា​ចាស់ បង្កើត​ថ្មី នេះហើយ​ជា​ទម្លាប់​របស់ ហ៊ុន សែន​…” ។​
​សម្តេច​តេ​ជោ​បន្តថា «​ក្នុង​ចំណុច​នេះ​យើង​ក៏ត្រូវ​មើល​ឲ្យ​ឃើញ​ផងដែរ​ថា ប្រសិនជា​ទទួលជោគជ័យ​ហើយ​យើង​បែរជា​នាំគ្នា​បោះបង់ចោល​មន្ត្រី​ដែល​ធ្លាប់​ប្រយុទ្ធ​ដើម្បី​យកឈ្នះ​នេះ តើ​ហ៊ុនសែន​អ​គុណធ៌ម​ប៉ុណ្ណា​ទៅ​»​។
​សម្តេច​តេ​ជោ​​បាន​លើក​ជា​ឧទាហរណ៍​ថា “​ឧទាហរណ៍​១ នឹង​ក្លាយជា​ឧទាហរណ៍​ទី​២​។​ឧទាហរណ៍​ការប្រកួត​មួយ​ដែល​ត្រូវ​យកឈ្នះ ទី​ចុង​បំផុត​ត្រូវបាន​ទាត់ចោល​។​តើ​ដល់​ទៅ​អាណត្តិ​ក្រោយ​ហ៊ុន សែន​នឹង​ប្រើ​អ្នកណា​ទៀត?​តើ​នេះ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​សមរភូមិ​ឬ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​សង្គ្រាម​? ។​ខ្ញុំ​មិន​ត្រូវការ​ឈ្នះ​តែមួយ​សមរភូមិ​នោះទេ ខ្ញុំ​ត្រូវការ​យកឈ្នះ​សង្គ្រាម​ជា​រៀងរហូត​តាមរយៈ​បញ្ជាការ​ម្នាក់នេះ​ការរក្សា​កម្លាំង​ចាស់ និង បង្កើន​កម្លាំង​ថ្មី ។ អ្នក​ដែល​មក​នៅ​ជាមួយ​ហ៊ុនសែន​ហើយ​តិច​ណាស់​ដែល​បាន ចាក​ចេញពី ហ៊ុន សែន ត្រឡប់​ទៅវិញ​នោះ គឺមាន​តែ​នៅ និង ចូល​ថែម​…” ។​

​ទោះបីជា​ថាស​ម្តេច​មិន​បោះបង់ចោល​មន្ត្រី​ណា​ម្នាក់​ក៏ដោយ​តែ​សម្តេច​តេ​ជោ ក៏បាន បញ្ជាក់​ផងដែរ​ថា សម្តេច​មិនបាន​អោបក្រសោប​មន្ត្រី​ដែល​ធ្វើការ​មិនកើត​នោះទេ​។ ដូចជា​មន្ត្រី​ខ្លះ​មាន​សុខ ភាព​ទ្រុឌទ្រោម​ហើយ​ហើយ​ខ្ញុំ​នៅតែ​បង្ខំ​ប្រើ​នោះទេ​។​ដូចជា​ករណី លោក គាត ឈន់ និង លោក ច័ន្ទ សារុន សុខភាព​របស់គាត់​បា​ន​ស្តារ​ត្រឡប់មកវិញ​មែន​តែ​នៅ​ខ្សោយ​ណាស់​។​ដូចនេះ​សម​ហេតុ​សម​ផល​ទុក​គាត់​ឲ្យ​នៅ​អង្គុយ​ក្នុង​សភា​។ ចំពោះ​រដ្ឋមន្ត្រី​ក្នុង​ស្ថាប័ន​ត្រូវ​នៅ​បន្តការងារ ។​

​សម្តេច​តេ​ជោ​បន្តថា​ពិត​ហើយ​យើង​ត្រូវ​គិតថា​មិនមាន​ការកែសម្រួល​រាជរដ្ឋាភិបាល​នៅពេល​អនាគត​នោះទេ​។ នៅពេលណា​យើង​ឃើញថា​នៅពេល​មានការ​ចាំបាច់​ដើម្បី​ធ្វើការ​កែសម្រួល​នៅ​ពាក់កណ្តាល​អាណត្តិ ឬ ពេល​សមស្រប​ណាមួយ​នោះ ចាំបាច់​ត្រូវតែ​ធ្វើការ​កែសម្រួល​ដើម្បី​ធានាថា​យើង​នឹង​បន្តដំណើរ​ក្នុងស្ថានភាព​មួយ​ដែល​ខ្លាំង ។ ដូច្នេះ​ស្ថានភាព​ចម្រុះ​រវាង​អ្នក​ចាស់ទុំ​ដែលមាន បទពិសោធន៍ និង ក្មេងជំនាន់ក្រោយ​ទៅ​នៅ​ជា​មួយ​​ជាការ​ចាំបាច់​ណាស់​។ នៅពេលដែល​ចាស់ទុំ​បាន​ចាកចេញ​ទៅ​គឺ​អ្នកជំនាន់ក្រោយ​ចូលទៅ​ជំនួស ៕សរន