សម្តេច​តេ​ជោ​លើកទឹកចិត្ត​អោយ​ចូលមក​Comment/Message​ក្នុង​Facebook​នាយករដ្ឋមន្ត្រី​អំពី​សេវា​គាំពារ​សន្តិសុខ​សង្គម​សម្រាប់​កម្ម​ការ​នី​ឆ្លងទន្លេ​

212

(​ភ្នំពេញ​)៖​ក្រោយពី​អញ្ជើញ​ជួប​កូនក្មួយ​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​រោងចក្រ​តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ​សម្តេច​ប្រមុខ​រាជ​រដ្ឋា​​ភិ​បាល​បាន​សរសេរ​បង្ហោះ​នៅ​ព្រឹក​នេះ​ថា​«​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ក្តី​ស្រលាញ់​ដល់​កូនក្មួយ​មាន​ផ្ទៃពោះ​។ អត្ថប្រយោជន៍ ដែលជា​​សេវា​គាំពារ​សន្តិសុខ​សង្គម​សម្រាប់​កូនក្មួយ​ឆ្លងទន្លេ គឺ​នឹង​ទទួលបាន​ចាប់ពី​ម៉ោង ១២:00 យប់​ថ្ងៃទី ១ មករា ឆ្នាំ ២០១៨ នេះ​តទៅ គឺ​ក្មួយៗ​កម្ម​ការ​នី​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​គាំពារ​ពី​បេឡា​ជាតិ​ដូចដែល​បានកំណត់​រួចហើយ​(​កម្ម​ការ​នី​សម្រាល​បានកូន​(១)​គឺ​ទទួល​$100 និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ សម្រាល​បានកូន​ភ្លោះ (២) គឺ​ទទួលបាន $200​។ សម្រាល​បានកូន​(៣)​គឺ​បាន $300 បូក​នឹង​ប្រាក់ឧបត្ថម្ភ​ចំនួន​$1,250 ថែមទៀត​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​)​។​

***​ប្រសិនបើ​លើស​២​អាទិត្យ ឬ​លើស​១​ខែក្រោយ​មក កូនក្មួយ​នៅ​មិនទាន់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ខាងលើនេះ​ទេ​សូម​កូនក្មួយ​សរសេរ​សារ​ (Message/Comment) មកកាន់​ផេ​ក Page ពូ​។​

​ទន្ទឹមនឹងនេះ សូម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល តាមដាន​ពិនិត្យ​ជាប្រចាំ​អោយបាន​ហ្មត់ចត់​ប្រាកដប្រជា​។ រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នីមួយ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​ដើម្បី​ធានា​អោយបាន​ចំពោះ​ការ​ផ្តល់នូវ​សេវា​គាំពារ​សង្គម​នេះ​អោយ​កាន់​តែមាន​ប្រ​សិ​ទ្ឋ​ភាពល្អ​ចំពោះ​កូនក្មួយ​កម្ម​ការ​នី ព្រោះ​នៅសល់​ពេល​តែ ៤ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​»​។​

​សូមបញ្ជាក់ថា​ក្នុង​សារសំខាន់​៨​ចំណុច​របស់​នាយករ​ដ្ឋ​មន្ត្រី​នៅ​ចំពោះមុខ​កម្មករ​កម្ម​កា​រ​នី​ជាង​មួយ​ម៉ឺន​នាក់​នៅ​ព្រឹក​នេះ សារ​ទី​៣​និង​ទី​៤​និយាយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ទី​៣)​ត្រូវ​អនុវត្តន៍​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក​ពី​ការងារ​​រយៈពេល​៣​ខែ​ហើយ ហើយ​នៅ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង​៧០%​ដោយ​បេឡា​ជាតិ​)​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​​តាមដាន​ការងារ​អោយបាន​ដិតដល់​ចំពោះ​ការអនុវត្តន៍​សកម្មភាព​នេះ និង​ទី​៤.​ត្រូវអនុវត្ត​ចំពោះ​កម្ម​ការ​នី​សម្រាល​បានកូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បានកូន​ភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បានកូន​(៣)​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​៕​ដោយ​៖​វាសនា​