សម្តេច​តេ​ជោ​ហ៊ុនសែន​កាន់​តែមាន​មោទនភាព​ចំពោះ​វិស័យ​កសិកម្ម​កម្ពុជា​

1324
ចែករម្លែក

ដោយ : តារារិទ្ធិ / ​ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាន់​តែមាន​មោទនភាព​ចំពោះ​វិស័យ​កសិកម្ម​កម្ពុជា ។ សម្តេច​បានធ្វើការ​កត់សំគាល់​ថា​ក្នុង​ឆ្នាំ ២០១៧-២០១៨ វិស័យ​កសិកម្ម​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ក្នុងនោះ​ផលិតផល​ស្រូវ​សរុប​ក្នុង​បរិមាណ​ប្រមាណ ១០,៥២ លាន​តោន​,​កើន ៥,៧% ធៀប​នឹង​ឆ្នាំមុន និង អតិរេក​ស្រូវ​មាន​ច​នួំ​ន​ជាង ៥,៥៦ លាន​តោន ឬ គិត​ជា​អង្ករ​ស្មើនឹង ៣,៥៦ លាន​តោន​។​

​ចំណែក​ដំណាំ​រួមផ្សំ និង ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ក្នុងនោះ​ផលិតកម្ម​កៅស៊ូ​មាន​កំណើន​ប្រមា ណ ៣៣%,​ផលិតកម្ម​សត្វ ១,៥% និង វារីវប្បកម្ម​កើន​ប្រមាណ ២០% ធៀប​នឹង​ឆ្នាំមុន ដែល​នេះ គឺជា​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​មោទនភាព​ចំពោះ​វិស័យ​កសិកម្ម​នេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម​ឆ្នាំ ២០១៧-២០១៨ កាលពី​ល្ងាច​ថ្ងៃទី ២ ខែ ឧសភា នេះ​នៅ​ក្រសួងកសិកម្ម ។​

​របាយការណ៍​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ​បាន​ឲ្យ​ដឹងថា​៖​សម្រាប់​ឆ្នាំ​២០១៧​នេះ ដោយសារ​អាកាសធាតុ​អំណោយផល គួបផ្សំ​នឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ស្រោច ស្រព​កាន់តែ​បានល្អ ព្រមទាំង​ការផ្តល់សេវា​ផ្សព្វផ្សាយ​កសិកម្ម​កាន់តែ​មាន​ប្រសិទ្ធភាព បានធ្វើឱ្យ​ដំណាំ​កសិកម្ម មានការ​ដុះ​លូតលាស់​បានល្អ​។ ជាក់ស្តែង​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ សម្រេចបាន​ចំនួន​៣,២១​លាន​ហ​.​ត បាន​កើន លើស​ឆ្នាំ​២០១៦ ប្រមាណ​២,៩% ក្នុងនោះ ផ្ទៃដី​ប្រមូល​ផល​មាន ចំនួន​៣,១៩​លាន​ហ​.​ត (​ស្រូវវស្សា​មាន ២,៦៤​លាន​ហ​.​ត និង​ស្រូវ​រដូវប្រាំង​មាន​ប្រមាណ​០,៥៥​លាន​ហ​.​ត​) ហើយ​ទិន្នផល​ស្រូវ​គិត​ជា​មធ្យម​ទាំង ប្រាំង និង​វស្សា​គឺ​៣,២៩៨​តោន​/​ហ​.​ត កើន​លើសពី​ឆ្នាំ​២០១៦ ប្រមាណ ២,៧១%​។ បើ​គិត​ត្រឹម​រយៈពេល​៥​ឆ្នាំ បរិមាណ​ផល​ស្រូវ​បាន​កើនឡើង​ពី​៩,៣៩​លាន​តោន​នៅ​ឆ្នាំ​២០១៣ ដល់​ប្រមាណ​១០,៥២​លាន​តោន នៅ​ឆ្នាំ​២០១៧​នេះ ក្នុងនោះ​បរិមាណ​ផល​ស្រូវវស្សា​ទទួលបាន​ប្រមាណ​ជាង​៨,០៥​លាន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង​ទទួលបាន​ប្រមាណ​២,៤៧​លាន​តោន ពោលគឺ​កើន​ប្រហែល​៥,៦៩%​ធៀប​នឹង​ឆ្នាំ​២០១៦​។ នៅ​ឆ្នាំ​២០១៧​នេះ អតិរេក​ស្រូវ​មាន​ចំនួន​ជាង​៥,៥៦​លាន​តោន គិត​ជា​អង្ករ​ស្មើនឹង​៣,៥៦​លាន​តោន កើន​លើស ឆ្នាំ​២០១៦ ប្រមាណ​៨,៧%​។ ម្យ៉ាងទៀត ដំណើរការ​វិវត្តន៍​នៃ​យ​ន្ដូ​ប​នីយកម្ម​កសិកម្ម កំពុងមាន​និន្នាការ​កើនឡើង​គួរឱ្យកត់សម្គាល់ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ កា​​រ​ភ្ជួរ​រាស់​ដាំ​ដុះ​ដំណាំ​ស្រូវ​ដោយ​គ្រឿងយន្ត​មាន​ប្រមាណ​៩៤,៤% កើន​លើស​ឆ្នាំមុន​២,៤%​។ ទន្ទឹមនឹងនោះ ផលិតកម្ម​ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម​រយៈពេល​ខ្លី ទទួលបាន​បរិមាណ​ផល​ប្រមាណ​១៦,៥៤​លាន​តោន នៅ​ឆ្នាំ​២០១៧ គឺ​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​៩,៦% បើ​គិត​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ​។ ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង​ពី​៤,៧​លាន​តោន​នៅ​ឆ្នាំ​២០១៦ ដល់​៥,១៣​លាន​តោន​នៅ​ឆ្នាំ​២០១៧​។

​បរិមាណ​អង្ករ​នាំចេញ ក្នុង​ឆ្នាំ​២០១៧ ក្នុង​ក្របខណ្ឌ​នៃ​ច្រកចេញ​-​ចូល​តែមួយ​សម្រេចបាន​ចំនួន​៦៣៥ ៦៩៧​តោន​គឺ​កើនឡើង​១៧,៣០% ធៀប​នឹង​ឆ្នាំ​២០១៦​។ ក្នុងនោះ​ប្រភេទ​អង្ករ​ក្រអូប​មាន​ចំនួន​៦១,៩៩% អង្ករ ស គ្រប់​ប្រភេទ​មាន​ចំនួន ២៤,៦៤% អង្ករ​ចំហុយ​មាន​ចំនួន​១៣,៣៧% និង​បាន​នាំចេញ​ទៅកាន់​ទិសដៅ​៦៣​ប្រទេស នៅលើ​សាកលលោក និង​មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន​៨៤​ក្រុមហ៊ុន​៕​B