សម្តេច​តេ​ជោ​ហ៊ុនសែន​ណែ​នាំឱ្យ​ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​រៀបចំខ្លួន​ឱ្យ​សក្តិ​សមជា​កូន​ខ្មែរ ពិតៗ

233
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន អនុញ្ញាត​ឲ្យ​ប្រតិភូ​យុវជន​កម្ពុជា​ចំនួន ២៩​នាក់​នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​(SSEAYP)​លើក​ទី​៤៦​ឆ្នាំ​២០១៩​ចូលជួប​សម្តែង​ការ គួរ​សមនៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី វិមាន​សន្តិភាព​។​

​សម្ដេច តេ​ជោ នាយករដ្ឋមន្ត្រី​បាន ជម្រាបជូន ប្រតិភូ ទាំងមូល​អំពី​ប្រវត្តិ​កម្ពុជា​យើង​ដែល​ចាប់ផ្ដើម​ពី ការកសាង​រាជធានី​ភ្នំពេញ​មក​រហូតមកដល់​ឆ្នាំ​១៩៩៨​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ហើយ​។ នៅពេល នោះ ឯង​ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ​នូវ​យុទ្ធ សាស្ត្រ​ត្រីកោណ ដោយ មុំ ទី​១​ធ្វើ​សន្តិ​ភាវូបនីយកម្ម​និង​មុំ​ទី​២​ធ្វើ​សមាហរណកម្ម ចូល ក្នុង ឆាក អន្តរជាតិ និង មុំ ទី ៣ ឈរ លើ កត្តា អនុគ្រោះ ទាំង ក្នុង និង ក្រៅប្រទេស ជំរុញ អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ។

​សម្ដេច ហ៊ុន សែន ក៏ បាន ជម្រាបជូន ប្រតិភូ ទាំងមូល អំពី មូលហេតុ ដែល កម្ពុជា យើង ដាក់ អាទិភាព ចូល ជា សមាជិក អាស៊ាន នោះ គឺ ផ្អែក លើ កត្តា ៤ កត្តា ទី ១ គឺ គោលការណ៍ មិន ជ្រៀតជ្រែក កិច្ចការ ផ្ទៃក្នុង កត្តា ។​ទី ២ .​គឺ ស្មារតី សហគមន៍ នោះ​គឺ​អ្វីៗ​សម្រេច​ដោយ​កុងសង់ស៊ីស មិនមែន សម្រេច ដោយ ការបោះឆ្នោត ឬ មិនមែន សម្រេច ដោយ ការដាក់ទណ្ឌកម្ម នោះទេ​។​

​ទី​៣. ផលប្រយោជន៍ នៃ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ។ ក​ត្ នេះ​នៅពេលដែល​យើង​ចូល​សមាជិក សមាគមន៍ អាស៊ាន ហើយ អាស៊ាន មាន ដៃគូ ជា ច្រើន ពេលដែល យើង ចូល ហើយ ដៃគូ អាស៊ាន ក៏ ជា ដៃគូ របស់ យើង ដែរ រីឯ កត្តា​។​ទី​៤ គឺ ជា ច្រក ចេញ ការទូត របស់ កម្ពុជា យើង ។​

​សម្ដេច តេ​ជោ នាយករដ្ឋមន្ត្រី ក៏ បាន ធ្វើ ការណែនាំ ដល់ ប្រតិភូ ទាំងមូល​សូមឱ្យ​ក្នុងការ​ធ្វើដំណើរ នេះ ប្រឹងប្រែង ធ្វើយ៉ាងណា រៀបចំខ្លួន ជា កូន ខ្មែរ ពិត ពិត ព្រោះ ប្រតិភូ ទាំងមូល​ជា​តំណាងអោយ ប្រជាជន ខ្មែរ ប្រមាណ​១៦ លាន នាក់ ដែល នៅ​ពីក្រោយ​។​ធ្វើយ៉ាងណា​កសាង មិត្ត​ឱ្យបាន ច្រើន ដើម្បី ថ្ងៃ អនាគត​ទៅ​អាច​ក្លាយទៅជា​ដៃគូរ​សហប្រតិបត្តិការ ផងដែរ ។​សម្ដេច ក៏ បាន​ជូនពរ ដល់ ចៅៗ ដែល ជា យុវជន​នឹង រួម ដំណើរ ក្នុង នាវា យុវជន អាស៊ីអាគ្នេយ៍ ជប៉ុន​នេះ ឲ្យ​បានទទួល សុខ​សប្បាយ​និង ជោគជ័យ គ្រប់ ភារកិច្ច ។​

​កញ្ញា​សុ​គុណ​សុ​ភ័​គ្រ​រាសី​ប្រធាន​ប្រតិភូ​នាវា​យុវជន​អាស៊ី​អ​គ្នេ​យ៍​បានឱ្យដឹងថា​ក្នុងឆ្នាំនេះ​ក៏ដូចជា​ឆ្នាំមុនៗ​ដែរ​យុវជន​កម្ពុជា​ចំនួន​២៩​នាក់​ត្រូវបាន​ប្រឡង​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឱ្យធ្វើជា​តំណាង​យុវជន​កម្ពុជា​។​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង ជប៉ុន លើក​ទី​៤៦ នៅតាម​បណ្តា​ប្រទេស​អាស៊ាន​និង​ជប៉ុន​។​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​៥២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣​ខែតុលា​រហូតដល់​ថ្ងៃទី​១៣​ធ្នូ​ឆ្នាំ​២០១៩​។​

​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៧៤​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​ជប៉ុន​និង​សមាជិក​ស្ថាបនិក​ទាំង​៥​របស់​ក្នុងនោះ​រួមមាន​ឥណ្ឌូនេស៊ី​ម៉ាឡេស៊ី​សិង្ហបូរី​ហ្វីលីពីន​និង​ថៃឡង់​ដ៍​។​សម្រាប់​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​លើក​ទី​៤៦​ឆ្នាំ​២០១៩​នេះ​ប្រតិភូ​នាវ​យុវជន​នៅ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​នឹងធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ប្រារព្ធ​កម្មវិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៩ ។

​បន្ទាប់មក​ប្រតិភូ​នាវា​យុវជន​ទាំងអស់​នឹងត្រូវ​បែងចែក​ជា​ក្រុម​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​ជប៉ុន​មុននឹង​ប្រតិភូ​នាវា​យុវជន​ចុះ​នាវា​ដើម្បី​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ពី​ប្រទេស​ជប៉ុន​ទៅកាន់​ប្រទេស​វៀតណាម​ហឹ​ង្ហ​បូរី​មី​យ៉ាន់​ម៉ា​និង​ម៉ាឡេស៊ី​ហើយ​ជា​ចុងក្រោយ​នាវា​នឹង​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ដើម្បី​ប្រារព្ធ​កម្មវិធី​បិទ​។​ថ្ងៃទី​១២​ធ្នូ​នឹង វិលត្រឡប់​ទៅ​ប្រទេស​រៀងៗ​ខ្លួន​វិញ​នៅ​ថ្ងៃទី​១៣ ខែធ្នូ​ឆ្នាំ​២០១៩​។​

​គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​រឹតចំណង​មិត្តភាព​និង​ការយល់ដឹង​រវាង​យុវជន​ជប៉ុន​និង​យុវជន​អាស៊ាន​ទាំង​ដប់​ប្រទេស​។​ពង្រីក​ចំណេះដឹង​និង​ទស្សនវិស័យ​របស់​យុវជន​ស្ដីពី​ចំណេះដឹង​សកល​។​បង្កើន​ស្មារតី​និង​ជំនាញ ច្បាស់លាស់​របស់​យុវជន​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​បណ្តុះ ភាពជា​អ្នកដឹកនាំ​សម្រាប់​ប្រតិភូ​យុវជន​ក្នុង​វិស័យ​ផ្សេងៗ​របស់​ពួកគេ​ដែល​ចូលរួម​លើ​ការអភិវឌ្ឍន៍​យុវជន និង​សង្គមជាតិ​៕S/​