សម្តេច​តេ​ជោ​ហ៊ុនសែន​នៅក្នុង​”​យុទ្ធសាស្ត្រ​កំណើន​ថ្មី​”រាជរដ្ឋាភិបាល​បានកំណត់​ឧស្សាហកម្ម​ចំនួន ៥ ជា​អាទិភាព

306

ដោយៈតារារិទ្ធ/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​ក្រុម​អ្នកវិនិយោគ​វៀតណាម​ប្រមាណ​៥០០​នាក់ នៅក្នុង​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា កាលពី​ព្រលប់​ថ្ងៃទី​៦​ខែធ្នូ​នេះ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ថា​៖​ដើម្បី​សម្រេចបាន​នូវ​គោល​បំ​ណង​ឈានទៅ​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ២០៣០និងជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០និងស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤,រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​និង​កំពុង​អនុវត្ត“​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សា​ហ​កម្ម​កម្ពុជា​២០១៥-២០២៥” សំដៅ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ នៅ​រង្វង់​ឆ្នាំ​២០២៥ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖គោលនយោបាយ​នេះ​ជា​“​យុទ្ធសាស្ត្រ​កំណើន​ថ្មី​”និង​បានកំណត់​ឧស្សាហ កម្ម​ចំនួន ៥ ជា​អាទិភាព រួមមាន​៖(១)​ឧស្សាហកម្ម​ឬ​កម្មន្តសាល​ថ្មីៗ​ដែលមាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ ផ្ដល់​តម្លៃបន្ថែម​ខ្ពស់មាន​ភាព​ច្នៃប្រឌិត​និង​ភាព​ប្រកួត​ប្រ ជែង​ខ្ពស់​,(២)​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​គ្រប់​វិស័យ​,(៣)​ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញនិងទីផ្សារ​ក្នុងស្រុក​, (៤) ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ ដែលជា​ឧស្សាហ​កម្មត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែចង្វាក់​តម្លៃ​សកល​, និង​(៥)​ប្រភេទ​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង មាន​ចរិត យុទ្ធសាស្ត្រ​នាពេល​អនាគត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកចូលរួម​ថា​៖​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា​មានការ​ផ្លាស់ប្ដូរ​យ៉ាង​ល្អប្រសើរ​ទាំង​ទិដ្ឋភាព​នយោបាយ​,សន្តិសុខ​,សេដ្ឋកិច្ច​និង​សង្គម​ជាមួយនឹង​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រមាណ ៧% ។សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០១៨ ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​កំណើន​ក្នុង​អត្រា​៧,៣% ហើយ​សម្រាប់​រយៈពេល​ម​ធ្យ​ម​ខាងមុខ​កម្ពុជា​អាច​រក្សា បាន​អត្រាកំណើន​ប្រមាណ​៧%​ក្នុង​មួយឆ្នាំ​។​កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បានធ្វើឱ្យ​កម្ពុជា​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត ទាប​នៅ​ឆ្នាំ​២០១៥និង​ស្ថិតនៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន​នូវ​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ​២០៣០ និង ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ៕