សម្តេច​តេ​ជោ​ហ៊ុនសែន​នឹងចូលរួម​ក្នុង​វេទិកា​ខ្សែក្រវ៉ាត់​និង​ផ្លូវ​លើក​ទី​២​នៅ​ទីក្រុង​ប៉េកាំង​

816
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​តប​តាម​ការអញ្ជើញ​របស់លោក​ស៊ី​ជីន​ពីង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​ក្នុង​«​វេទិកា​ខ្សែក្រវ៉ាត់​និង​ផ្លូវ​លើក​ទី​២​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​»​។

​ក្នុងនោះ​កិច្ចប្រជុំ​សំខាន់ៗ​ផ្សេងទៀត​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៩​នៅ​ទីក្រុង​ប៉េកាំង​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បន្តថា​ឥស្សរជន​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក​ឧបនាយករដ្ឋមន្ដ្រី​ហោ ណាំហុង លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

លោក​ឧបនាយករដ្ឋមន្ដ្រី​អូន​ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន លោក​វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​សុខាភិបាល​។​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ទេសចរណ៍​សមាជិក​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២ នៅ​ថ្ងៃទី ២៦ ខែមេសា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាពីមូលបទរបស់វេទិកា«កិច្ចសហប្រតិបត្តិការ​ខ្សែក្រវ៉ាត់​និង​ផ្លូវៈ​បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។​

នៅ​ថ្ងៃ​បន្ទាប់​នៅក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ​«​ការ​ជម្រុញ​ការតភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន​»​។​

​បន្ទាប់ពី​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់​និង​ផ្លូវ​លើក​ទី​២​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ផ្សេងទៀត​នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​២០១៩​ដែល​នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​សម្ពោធ​ពន្លា​ជាតិ​របស់​កម្ពុជា​។​

ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង ឯកឧត្តម វ៉ាង ហ៊ុន​នី​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​ជាមួយ​លោក​លី​យ៉ុង​អគ្គនាយក​អង្គការ​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ ព្រមទាំង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ពី​តំណាង​ក្រុមហ៊ុន​ចិន​មួយចំនួន​។​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​មានការ​រំពឹងថា​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តីពី​ជំនួយ​របស់​ចិន ព្រមទាំង​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា ផងដែរ​។​

​លើសពីនេះទៅទៀត​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​នៅក្នុង​ពិធី​ជួប​ជាមួយ​និស្សិត​និង​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ប៉េកាំង​ក្នុងឱកាស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទទួលបាន​នូវ​ការប្រគល់​គោរមងារ​ជា​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ៕S/

​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ស៊ី ជីន​ពីង (​រូប​ថ​តៈ ឯកសារ​)​

#