សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ ពីថ្ងៃ​ទី​២២,២៣​ខែមិថុនា​ នៅ​បាងកក​

552
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​តប​តាម​ការអញ្ជើញ​របស់លោក​ប្រា​យុទ្ធ​​ ច័ន្ទ​អូ​ឆា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក​។

អញ្ជើញ​អមដំណើរសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក​បណ្ឌិត​ហង់ ​ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រី​អប់រំ​យុវជន​និង​កីឡា​​ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ ក្រោម​មូលបទ​«​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»​នឹង​ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​ពង្រឹង​កុងសង់ស៊ុស​ក្នុងចំណោម​សមាជិក​អាស៊ាន​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មីៗ​។​

កិច្ចប្រជុំ​កំពូល​ក៏​នឹង​រិះរក​មធ្យោបាយ​នានា​ក្នុងការ​ធ្វើ​ឲ្យ​អាស៊ាន​ឈានទៅ​កាន់​ក​ម្រិត​ខ្ពស់​ថែមទៀត​ប្រកបដោយ​ចីរភាព​និង​មាន​ការតភ្ជាប់​ដោយ​រលូន​។​ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញចូលរួម​កិច្ចប្រជុំ និង​កម្មវិធី​មួយចំនួន ដូចខាងក្រោម ៖

  • កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន
  • កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​ផ្តល់យោបល់​ធុរកិច្ច​អាស៊ាន និង
  • កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​តំណាង​យុវជន​អាស៊ាន​។

​ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នេះ ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ​កិច្ចប្រជុំ​លើក​ទី​១៩​ របស់​ក្រុមប្រឹក្សា​សហគមន៍ នយោបាយ​-​សន្តិសុខ​អាស៊ាន និង​កិច្ចប្រជុំ​លើក​ទី​២៣​របស់​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ដែល​កិច្ចប្រជុំ​ទាំងនេះ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២១-២២ ខែមិថុនា ឆ្នាំ ២០១៩​។

​មានការ​រំពឹងទុក​ថា​ លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ នឹង​ឆ្លុះបញ្ចាំង​ពី​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​ក្នុងការ​ជំរុញ​ដំណើរ​ការកសាង​សហគមន៍​និង​លើកកម្ពស់​ភាពជា​ដៃគូ​របស់​អាស៊ាន​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព យូរអង្វែងក្នុង​តំបន់ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន​៕S/​Ha

#