សម្តេច​នាយករដ្ឋមន្រ្តី​បាន​អញ្ជើញ​ដល់ទី​ក្រុង​ហ្សឺ​ណែវ​​ដើម្បី​ចូលរួម​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​

1072
ចែករម្លែក

ដោយៈតារារិទ្ធ/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅវេលា​ម៉ោង ១០ ព្រឹក (​ម៉ោង​នៅ​ប្រទេស​ស្វី​ស​)​ត្រូវ​នឹង​ម៉ោង ៣រសៀល ម៉ោង​នៅ​កម្ពុជា​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ដល់​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ហើយ​ដើម្បី​ចូលរួម​«​សន្និសីទ អង្គការសហ​ប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ នៃ​វេទិកា​វិនិយោគ​ពិភពលោក ឆ្នាំ​២០១៨ » ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២២ ដល់ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោម​មូលបទ​រួម «​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​អ្នកយកព័ត៌មាន​ទូរទស្សន៍​ជាតិ កម្ពុជា ។​

​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​តំណាង​អង្គការ​សហ ប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្សឺ​ណែវ​,​លោក ណី សំអុល ឯកអគ្គរាជ​ទូត​អចិ​ន្រៃ្ត​យ៍រ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ហ្សឺ​ណែវ ព្រមទាំង​វត្តមាន​អស់លោក លោក ស្រី​ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​ជាច្រើនរូប​។

​ដោយឡែក​នៅ​សណ្ឋាគារ​ស្នាក់អាស្រ័យ​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​ទីក្រុង​ហ្សឺ​ណែវ វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​ត្រូវបាន​ទទួល​នូវ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​ស្និទ្ធស្នាល​បំផុត​ពី​សំណាក់​ប្រជាពលរដ្ឋ​មកពី​ទីជិត​ឆ្ងាយ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​និង​តំបន់​មួយចំនួន ទៀត​ក្នុងប្រទេស​ស្វី​ស និង​ក្នុង​តំបន់​អឺរ៉ុប​ទាំងមូល​ផងដែរ ។

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​,​លោក​ទេសរដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់និង​នេសាទ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​និង​ថ្នាក់​ដឹកនាំ​ធុរកិច្ច​នៃ​សភា ពាណិជ្ជកម្ម​កម្ពុជា​ជាច្រើនរូប​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សកល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ លើ​ប្រធានបទ «​កិច្ច​វិនិយោគ​នៅក្នុង​យុគសម័យ​ថ្មី នៃ​សាកលភាវូបនីយកម្ម និង​ឧស្សាហូបនីយកម្ម និង​កាលានុវត្តភាព​ធុរកិច្ច​នៅ​កម្ពុជា ក្នុង​បរិបទ​ទីផ្សារ​ដែល​បានធ្វើ​សមាហរណកម្ម​»​។​

​សម្តេច​តេ​ជោ​​ក៏​នឹង​អញ្ជើញ​ចូលរួម​ពិសា​អាហារ​ការងារ​ថ្ងៃត្រង់​សម្រាប់​ថ្នាក់ដឹកនាំ​ជាមួយ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​លើ​ការវិនិយោគ​ដែល​ក្នុង ឱកាស​នោះ​សម្តេច​ នឹង​ចែករំលែក​ចក្ខុវិស័យ និង​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ដូចខាងលើ ។​

​ក្រៅពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹងមាន​ជំនួប​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​ស្ថាប័ន​អង្គការ​អន្តរជាតិ​សំខាន់ៗ មួយចំនួន​ដូចជា លោក ហ្វ្រា​ន​ស៊ី​ស ហ្គា​រី អគ្គនាយក​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​, លោកស្រី អា​រ៉ា​ន​ឆា ហ្គ​ង​ហ្សា​ឡែ​ស នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​អន្តរជាតិ ,​លោក រ៉ូ​ប៊ែ​តូ កា​វ៉ាល់​ហូ អា​ហ្ស៊ែ​វ៉េ​ដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង លោក ម៉ុ​ឃី​សា គី​ទុ​យី អគ្គលេខាធិការ​សន្និសីទ អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​។​

​សម្តេច​តេ​ជោ​​នឹង​ជួប​ជាមួយ​លោកស្រី មី​សែ​ល បា​សែ​ឡែ​ត ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​។ ក្រោយ​បញ្ចប់ ជំនួប​សម្តេច​តេ​ជោ​នឹង​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី មី​សែ​ល បា​សែ​ឡែ​ត លើ «​អនុ ស្សរណៈ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស​ដើម្បី​អនុវត្ដ​កម្មវិធី​កិច្ច​សហ​ប្រតិ​ប​តិ្ដ​ការ​បច្ចេកទេស​ស្ដីពី​បញ្ហា​សិ​ទិ្ធ​មនុស្ស​»​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ស្វី​ស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ​និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់ នៅ​និង​សិក្សា​នៅ​ប្រទេស​ស្វី​ស​ផងដែរ​៕​រិទ្ធ/សរន