សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​និវត្តន៍មកដល់មាតុប្រទេសប្រកបដោយសុវត្តិភាព

503
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានអញ្ជើញ​និវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ម៉ោង​២:៣០នាទី​ថ្ងៃទី​២៣ ខែមករា​ឆ្នាំ​២០១៩​នេះ​ប្រកបដោយសុវត្តិភាពបន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណ រដ្ឋ​ប្រជាមានិត​ចិន​រយៈពេល៣​ថ្ងៃ​ប្រកបដោយ​លទ្ធផល​ជា​វិ​ជ្ជមាន ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅលើ​ទឹកដី​ចិន​រយៈពេល ៣ ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ជួប​សំដែង​ការគួរសម​ជាមួយ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​,​ពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​,​ជួប​សំដែង​ការគួរសម​ជាមួយ លោក វ៉ាង យ៉ាង ប្រធានសភា ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​, ជួប​សំដែង​ការគួរសម​ជាមួយ​លោក លី ចាន់​ស៊ូ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន និង អនុញ្ញាត ឲ្យ​លោក​សុង តាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​, លោកស្រី Gu Xiulian ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា​, ប្រ​ធា ន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ចិន​លោក ឆេន ស៊ី​ឈី​ង (Chen Siqing), ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (China Road and Bridge Comrp oration CRBC), ក្រុមហ៊ុន​វិស្វកម្ម​និង​ដែក​ថែម​ចិន​, ក្រុមហ៊ុន ហួ​ណេង គ្រុប ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ ។ ក្រៅពីនេះ​សម្តេច​តេ ជោ ហ៊ុន សែន ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន និង បាន​អញ្ជើញ​ទស្សនា​ពិ​ព័រ​ណ៌​រូបថត​ស្តីពី​ខួប ៤០ ឆ្នាំ​នៃ​កំណែទម្រង់ និង ការបើក​ទូលាយ​របស់​របស់​ប្រទេស​ចិន ។

​នៅក្នុង​ជំនួប​ជាមួយ​បណ្តា​មេដឹកនាំ​កំពូលៗ​របស់​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ទទួល​យ៉ាង​រាក់​បំផុត ដោយបាន​ចាត់ទុកថា ជា​មិត្ត​ចាស់ មិត្ត​ដ៏​ស្មោះត្រង់ និង ជា​មិត្ត​ដៃ​ថែប របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ។ជាមួយ​ភាពជា​មិត្ត​នេះ​មេដឹកនាំ​ចិន​សុទ្ធតែ​បានបង្ហាញ​នូវ​ការ​គាំ ទ្រ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ​ប្រទេ ស​កម្ពុជាដោយ​ភ្ជាប់​មកជា​មួយ​នូវ​ការផ្តល់​ជំនួយឥតសំណង កម្ចីសម្បទាន ការ​ផ្ត​លើ​កូតា​ នាំចេញ​ទំនិញ ការជំរុញ​ទំហំ​ពាណិជ្ជកម្ម ការជំរុញ​វិនិយោគនិងទេសចរ​ចិន​មកកាន់ ​ប្រទេ ស​កម្ពុជា​ឲ្យ​កាន់តែច្រើន ។​

​សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​មេដឹកនាំ​មួយរូប​ដែល​បានធ្វើ​ទស្សនកិច្ច​ដំបូង​គេ​ទៅកាន់​ប្រទេស​ចិន​នៅក្នុង​ឆ្នាំ​២០១៩ ក្នុងខណៈ​ពេលដែល​ប្រទេស​ចិន កំពុង​ជាប់​រៀបចំខ្លួន​ទទួល​ឆ្នាំ​ថ្មី (​ចូលឆ្នាំ​ចិន​របស់ខ្លួន​នៅ​ទូទាំងប្រទេស​) ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​៦​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​ចិន ក្រៅពី​ទស្សនកិច្ច​ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នៅបាន​បំពេញ​ទស្សនកិច្ច​ការងារ​ចំនួន ៦ ដង​ផងដែរ​ទៅកាន់​ប្រទេស​ចិន៕ BR