ដោយ: តារារិទ្ធ / ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកឡើងវិញអំពីវឌ្ឍនភាព នៃការភ្ជាប់ទំនាក់ទំនាងការទូតជាមួយសាធារណៈរដ្ឋកូរ៉េ។ ដោយសម្តេចលើកឡើងថា ប្រសិនជាមិនមានការខិតខំប្តូរផ្តាច់របស់សម្តេចនៅក្នុងឆ្នាំ១៩៩៦ ទេនោះតើទំនាក់ទំនងការទូតរវាងកម្ពុជានិងកូរ៉េខាងត្បូង មកដល់ពេលនេះ អាចមានលទ្ធផលបែបនេះទេ?
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងអំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងដំណើរការនៃការភ្ជាប់ទំនាក់ទំនងការទូតនេះ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារមិត្តភាពកម្ពុជាកូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េមានតម្លៃប្រមាណជាង ៧ លានដុល្លារអាមេរិក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ប្រសិនបើខ្ញុំមិនធ្វើការប្តូរផ្តាច់នៅក្នុងឆ្នាំ ១៩៩៦ ទេនោះ សួរថាតើទំនាក់ទំនងរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េមកដល់ពេលនេះ។ តើមានទំនាក់ទំនងបែបម៉េច។ ខ្ញុំបានខិតខំធ្វើការងារនេះតាំងពីនៅទីក្រុងញ៉ូវយ៉ក នៅមុនពេលចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅទៀត”។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ពេលនោះកៅអីនៅអង្គការប្រជាជាតិកាន់កាប់ដោយពួកខ្មែរក្រហមតាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ រហូតដល់ឆ្នាំ ១៩៩១ ទើបក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលហៅថា អេសអិនស៊ី ចូលទៅកាន់កាប់។ តែក៏នៅតែមានវត្តមានខ្មែរក្រហមនៅក្នុងក្របខណ្ឌក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ប៉ុន្តែនៅពេលនោះកូរ៉េខាងជើង និង កូរ៉េខាងត្បូងក៏បានចូលទៅក្នុងអង្គការ សហប្រជាជាតិជាមួយគ្នា។
សម្តេចតេជោបានបន្ថែមថាដោយសារប្រទេសទាំងពីរ បានចូលទៅអង្គការសហប្រជាជាតិដូចគ្នា ដូចនេះ វាគឺជាប្រទេស ២ ហើយត្រូវដាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដូចគ្នា។ ក៏ប៉ុន្តែមិនទទួលបានផលទេ។ ឆ្នាំ១៩៩២ សម្តេចបានព្យាយាមសាជាថ្មីទៀតនៅពេលដែលពេលនោះអគ្គរដ្ឋទូតនានា ដែលបានដាក់ទំនាក់ទំនងការទូតជាមួយរដ្ឋកម្ពុជា ត្រូវបានប្ដូរទៅជាទំនាក់ទំនងការទូតជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ឯឯកអគ្គរដ្ឋទូតដែលដាក់ទំនាក់ទំនងការទូតជាមួយត្រីភាគី ក៏ត្រូវបានផ្ទេរមកដាក់ទំនាក់ទំនងជាមួយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖ “ខ្ញុំព្យាយាមសាជាថ្មីម្ដងទៀតប៉ុន្តែមិនបានសំរេច ទីចុងបំផុតខ្ញុំមានះចុះហត្ថលេខាភ្ជាប់ទំនាក់ទំនង ការទូតជាមួយសាធារណរដ្ឋកូរ៉េនេះនៅឆ្នាំ ១៩៩៦ ។ បន្ទាប់ពីចុះហត្ថលេខាហើយខ្ញុំបានធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋកូរ៉េ”។ សម្ដេចតេជោហ៊ុនសែនក៏បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋកូរ៉េ ដែលបានទទួលយកនូវភាពអយុត្តិធម៌មួយរយៈ ដោយម្ខាងទទួលស្គាល់កូរ៉េខាងជើងជាស្ថានឯកអគ្គរដ្ឋទូត និង កូរ៉េខាងត្បូងក្នុងថ្នាក់ជាស្ថានបេសកកម្មប្រចាំនៅកម្ពុជា។ ក៏ប៉ុន្តែមួយឆ្នាំក្រោយដូចការគិតទុក បញ្ហាសេដ្ឋកិច្ចការភ្ជាប់ទំនាក់ទំនង បញ្ហាដទៃទៀត វាបានជំរុញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្នាក់អគ្គរដ្ឋទូតប្រចាំកម្ពុជានៅឆ្នាំ ១៩៩៧ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានគាំទ្រជាមួយនឹងការជំរុញទំនាក់ទំនងដ៏ល្អប្រសើរ ជាមួយកម្ពុជាដែលធ្វើឲ្យការសម្រេចចិត្តខាងនយោបាយជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងការទូត របស់សម្តេចជាមួយសាធារណរដ្ឋកូរ៉េ មិនត្រូវបានទទួលនូវការខាតបង់ណាមួយសម្រាប់ប្រជាជនកម្ពុជានោះទេ ។
ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបច្ចុប្បន្ននេះប្រជាជនកម្ពុជារស់នៅកូរ៉េមានប្រមាណ ៥ ម៉ឺននាក់ទាំងនិស្សិតទៅសិក្សា ទាំងអ្នកទៅធ្វើការ និង អ្នករៀបការទៅនៅកូរ៉េ ។ គ្រាន់តែកូនកាត់មានជាង ១ ម៉ឺននាក់។ ប្រទេស ទាំងពីរប្រៀបបានដូចជាដន្លងនឹងគ្នាទៅហើយ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការកត់សំគាល់ថាការហោះហើរត្រង់ពីក្រៅប្រទេសចូលមកកម្ពុជាគឺមានតែសាធារណរដ្ឋកូរ៉េមួយប៉ុណ្ណោះដែលមានចំនួនច្រើនជាងគេ។ប្រជាជនខ្មែរភាគច្រើនធ្វើ ដំណើរទៅកាន់ប្រទេសអាមេរិកឬក៏ទៅកាន់តំបន់អឺរ៉ុបភាគច្រើនគឺតែងឆ្លងកាត់សាធារណៈរដ្ឋកូរ៉េ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថានយោបាយថ្មីការធ្វើសកម្មភាពទិសខាងត្បូង របស់លោកប្រធានាធិបតីកូរ៉េ កម្ពុជានឹងទទួលបានផលប្រយោជន៍លើសពីអ្វីដែលខ្លួនបាននិងកំពុងទទួល។ ដូចជាផែនការមួយចំនួនបានកំពុងអនុវត្តទៅលើការកសាងបណ្ដាញផ្លូវ ដូចជាផ្លូវភ្ជាប់ពីខេត្តកណ្ដាលទៅព្រំដែនកម្ពុជាវៀតណាម។ផ្លូវជាតិលេខ ២ ។ ផ្លូវលេខ ២២។ ផ្លូវជាតិលេខ ៤៨ សុទ្ឌតែជាគម្រោងល្អៗ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញអំពីបំណងចង់ឲ្យមានស្ពានមិត្តភាពកម្ពុជាកូរ៉េ មួយកើតមានឡើងនៅកម្ពុជាផងដែរ ស្របពេលដែលនៅកម្ពុជាមានស្ពានមិត្តភាពកម្ពុជាចិន,ស្ពាន មិត្តភាពកម្ពុជាជប៉ុន ដូចនេះយើងគួរតែមានស្ពានមិត្តភាពកម្ពុជាកូរ៉េមួយផងដែរ ។ ព្រោះប្រទេសទាំងនេះសុទ្ធ តែជាប្រទេសដៃគូដ៏ល្អនៅក្នុងក្របខ័ណ្ឌអាស៊ានបូក មួយ និង អាស៊ានបូកបី ។ សម្តេចបានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េនិងមិត្តកូរ៉េទាំងអស់ថាសម្ដេចមិនបានសុំអ្វីដែលលើសពីផលប្រយោជន៍ប្រជាជនកម្ពុជានោះទេ។ ដូចនេះសូមមិត្តកូរ៉េពិនិត្យលទ្ធភាពជួយកសាងស្ពានឆ្លងទន្លេរបស់កម្ពុជា នៅតំបន់ណាមួយ ដើម្បីជានិមត្តិរូបនៃសាមគ្គីភាពរវាងប្រទេសទាំងពីរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាក្រៅពីទំនាក់ទំនងទ្វេភាគី និង យន្តការក្នុងក្របខ័ណ្ឌអាស៊ានបូកបីនិងអាស៊ានបូកមួយ ។ យើងនៅមានទំនាក់ទំនងនៅក្នុងក្របខ័ណ្ឌនៃមេគង្គកូរ៉េ ដែលខ្ញុំកំពុងស្នើលើកម្រិតពីក្របខ័ណ្ឌកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសទៅ ជាកម្រិតកិច្ចប្រជុំថ្នាក់កំពូលគឺថ្នាក់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ។ ដើម្បីលើកកម្រិតដែលវាគាប់ជូនគ្នាទៅនឹងនយោបាយមកទិសខាងត្បូងរបស់ប្រធានា ធិបតីកូរ៉េខាងត្បូងផងដែរ។មិត្តកូរ៉េអាចពិចារណាដើម្បីលើកកំរិតទំនាក់ទំនងរវាងមេគង្គកូរ៉េ ។ ដោយសារថា ឡាងឆានមេគង្គ បានឈានដល់កម្រិតកំពូលហើយ និង មេ គង្គជប៉ុន ក៏បានឈានដល់កម្រិតកំពូលផងដែរ ដូច នេះ មេគង្គកូរ៉េ ក៏គួរឈានដល់កម្រិតកំពូលផងដែរ ។
លោក អ៊ូ ណាយ៉ង់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េនិងប្រជាជនកូរ៉េដឹងច្បាប់ថា ការស្តារទំនាក់ទំនងការទូតឡើងវិញ និង ការរីកចំរើនទំនាក់ ទំនងរបស់ប្រទេសទាំងពីរពឹងផ្អែកយ៉ាងខ្លាំងលើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ក្តីស្រលាញ់វិសេស វិសា ល និង ការជួយគាំទ្រដល់សាធារណរដ្ឋកូរ៉េរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ លោកទូតបន្តថា រដ្ឋាភិបាលកូរ៉េមានបំណងបង្កើតនូវអ្វីដែលលើសពីតួលេខ លើវិស័យជាច្រើនដែលប្រទេសទាំងពីរបានសម្រេចកន្លងមកជាមួយរាជរដ្ឋាភិបាលរាជកម្ពុជាដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងដឹកនាំប្រទេសដ៏ឈ្លាសវៃតាមរយៈគោលនយោបាយទិសដៅតំបន់ខាងត្បូងថ្មី ។ “គោលនយោបាយទិសដៅតំបន់ខាងត្បូងថ្មី” គឺជាចក្ខុវិស័យដែលចង់ស្វែងរកនូវ “សហគមន៍ សន្តិភាដែលភ្ជាប់មនុស្សនិងមនុស្ស ” ហើយបច្ចុប្បន្នរដ្ឋាភិបាលរបស់ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងដោយមានក្តីសុបិន្តដែលចង់ឱ្យមានវិបុលភាពជាមួយគ្នា ។ គួរបញ្ជាក់ថាចំពោះការវិនិយោគរបស់កូរ៉េមានទំហំទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ។ ចំណែកឯអ្នកទេសចរកូរ៉េមានចំនួនប្រហាក់ប្រហែល ៣៥ ម៉ឺននាក់ ក្នុងឆ្នាំ២០១៦។ថ្មីនេះរដ្ឋាភិបាលកូរ៉េបានផ្ដល់ ហិរញ្ញប្បទានឥតសំណង កម្ចីការប្រាក់ទាបចំនួនជាង ៦៧ លានដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ និង ទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិកសម្រាប់គម្រោងផ្សេងៗទៀត ។
កម្ពុជានិងកូរ៉េមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធទាំងទ្វេភាគីនិងនៅក្នុងក្របខណ្ឌអាស៊ានព្រមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ។លើស ពីនេះទៅទៀតកូរ៉េបានទទួលពលករកម្ពុជាចំនួនជិត ៦ ម៉ឺននាក់ហើយដោយនារីជនជាតិខ្មែររៀបអាពាហ៍ ពិពាហ៍ជាមួយបុរសកូរ៉េមានចំនួនជិត ១ ម៉ឺននាក់ដែរ៕ ល