សម្តេច​តេ​ជោ​ហ៊ុនសែន ​អញ្ជើញ​សម្ពោធ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត​ តម្លៃ​ជាង​២៦​លាន​ដុល្លារ​

393
ចែករម្លែក
  • 17
    Shares

ដោយ​៖​តារា​រិ​ទ្ធ​/​កំពត​៖​ នៅ​ព្រឹក​ថ្ងៃទី​២​ខែមេសា ​ឆ្នាំ​២០១៩​នេះ ​សម្តេច​តេ​ជោ​ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត ​សាងសង់ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ តម្លៃ​ជាង​ ២៦​លាន​ដុល្លារ​សហរដ្ឋអាម៉េរិក​។​

​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត​នេះ​បានចាប់ផ្តើម​សាងសង់​កាលពី​ខែកក្កដា​ឆ្នាំ​២០១៦ ​ហើយ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​កាលពី​ខែសីហា​ឆ្នាំ​២០១៨​។​តាមរយៈ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ​នឹង​ជួយ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត មាន​សមត្ថភាព​ផលិត​ទឹកស្អាត​សរុប ប្រមាណ ១៣.២៦០ ម៉ែត្រគុប​ក្នុង​មួយថ្ងៃ គឺ​ស្មើនឹង​ជាង​២​ដង​នៃ​សមត្ថភាព​ផលិត​ពីមុន​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ឲ្យ​ដឹងថា ​វត្តមាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ថ្មី​នេះ​រួមជាមួយ​បណ្តាញ​ចែកចាយ​សរុប​ប្រវែង​១.៧៦៩​គីឡូម៉ែត្រ ​ធ្វើឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​គុណភាព​ សុវត្ថិភាព​ និរន្តរភាព​និង​តម្លៃ​សមរម្យ ដោយ​គិត​ជា​ថ្លៃ​មធ្យម ១.៤០០​រៀល​/​ម​៣ ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ សរុប​ជាង ១៣.០០០​គ្រួសារ​។​

​វត្តមាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ​ក៏​ជាការ​រួមចំណែក​ធ្វើឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​សម្រេចបាន​នូវ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដែល​បាន​កំណត់ថា​«​ត្រូវ​ពង្រីក​វិសាលភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង​ ទីប្រជុំជន​ឱ្យបាន​៩០​ភាគរយ​ត្រឹម​ឆ្នាំ​២០២៣​និង​១០០​ភាគរយ​ត្រឹម​ឆ្នាំ​២០២៥​ សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន ក៏ដូចជា​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា​»​។

​ខេត្តកំពត​គឺជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​ដែលមាន​សក្តានុពល​អភិ​វឌ្ឍន៍​ទេសចរណ៍​និង​កំពង់ផែ​សមុទ្រ​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ខេត្តកំពត​មានការ​ប្រែប្រួល​រីកចម្រើន​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គួរឱ្យកត់សម្គាល់​និង​កំណើន​នៃ​ការអភិវឌ្ឍសេដ្ឋកិច្ច​និង​សង្គម​។​ជាមួយគ្នា​នោះ​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ក៏មាន​ការកើនឡើង​ជាខ្លាំង​ផងដែរ ៕S/​Ha

#