សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​«​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩»​នៅ​ប្រទេស​ស្វី​ស​

634
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃទី​០២ ខែកក្កដា​ឆ្នាំ​២០១៩ នេះ​សម្តេច​តេ​ជោ ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩»​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃទី ៣ ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅថ្ងៃនេះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក រ៉ូ​បឺ​តូ អា​ហ្សេ​វេ​ដូ  (Roberto Azevêdo)  អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បានឱ្យដឹងថា​កិច្ចប្រជុំ​«​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ »​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​គាំទ្រ​ពិពិធ​កម្ម​និង​ការលើកកម្ពស់​សេដ្ឋកិច្ច​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» មាន​គោលបំណង​ពិនិត្យមើល​ពី​របៀបដែល​ជំនួយ​ពាណិជ្ជកម្ម អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ការធ្វើ​ពិ​ពិធ​កម្ម​សេដ្ឋកិច្ច។អាស្រ័យ​ដោយ​សមិទ្ធផល​ដ៏​ធំធេង​របស់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈពេលប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផងដែរ​និង​គូសបញ្ជាក់​ពីបទ​ពិសោធន៍​កិច្ចប្រឹងប្រែង និង​យុទ្ធសាស្ត្រ​របស់​កម្ពុជាក្នុងការ​ជម្នះ​ឧបសគ្គ​នានានិង​នាំមក​នូវ​កំណើនសេដ្ឋកិច្ចគួរ​ឲ្យ​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​។សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម ពាណិជ្ជកម្ម​របស់​កម្ពុ​ជា ឆ្នាំ​២០១៩-២០២៣ ព្រមទាំង​អញ្ជើញ​ថ្លែងសុន្ទរកថា​នៅក្នុង​កម្មវិធី​សង្គម ដែល​រៀបចំ​ដោយ WTO ផងដែរ​។​

​ក្រៅពី​កិច្ចប្រជុំ​ខាងលើ​ សម្តេច​តេ​ជោ ហ៊ុន សែន ​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​នឹង​ផ្តល់​សារ​ដ៏​សំខាន់​និង​ច្បាស់លាស់​មួយ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

​ក្នុងឱកាស​ស្នាក់នៅ​ទីក្រុង​ហ្សឺ​ណែវ​​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រំពឹងថា​នឹងមាន​ជំនួប​ទ្វេភាគី​ដោយឡែក​ពីគ្នា​ជាមួយ​លោកវិល ស្គី​ន​ណា​រី រដ្ឋមន្ត្រី សហប្រតិបត្តិ​ការអភិវឌ្ឍ និង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ប្រទេស​ហ្វាំ​ង​ឡង់​, លោក រតនា​ការ អា​ឌី​ការី នាយក​ប្រតិបត្តិ​នៃ​ក្របខ័ណ្ឌ​ពង្រឹង​សមា​ហរ​ណកម្ម​ពាណិជ្ជកម្ម​នៃ WTO, លោកស្រី មី​សែ​ល បា​ឆេ​ឡេ​ត ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​ ព្រមទាំង​ជាមួយ​ថ្នាក់ដឹកនាំផ្សេងៗ​ទៀត​។ សម្តេច​តេ​ជោ​ហ៊ុន សែននឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ពី​តំណាង​ក្រុមហ៊ុន​អឺរ៉ុប​មួយចំនួន​និង​ឆ្លៀតឱកាស​ទទួល​ជួប​សំណេះសំ​ណា​ល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ស្វី​ស​និង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​ស្វី​ស​នាពេលនេះ រួមមាន​៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិ​រញ្ញ​វត្ថុ​,​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ឥស្សរជន​ជាន់ខ្ពស់​មួយចំនួនទៀត​របស់​រាជរដ្ឋាភិបាល​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​សម្តេច​គ្រោង​ទៅដល់​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​នៅ​ម៉ោង ៤៖៣០ នាទី​ល្ងាច​នេះ ហើយ​សម្តេច​នឹង​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ម៉ោង ៦៖៣០ នាទី​ព្រឹក​ថ្ងៃទី ៦ ខែកក្កដា ៕​/Ha