សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ចូលជួប​ជូនពរ​និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​

245
ចែករម្លែក

​ដោយ​តារា​រិ​ទ្ធ​/​ឥណ្ឌូនេស៊ី​៖​ក្នុង​ដំណើរ​អញ្ជើញ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​របស់​ឯកឧត្តម​ចូ​កូ​វី​ដូ​ដូ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៩​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលជួប​ជូនពរ​និង​ពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយ​ឯកឧត្តម ចូ​កូ វី​ដូ​ដូ​។​

ជា​កិច្ច​ចាប់ផ្តើម​នៃ​ជំនួប​នោះ​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ឯក​ឧ​ត្ត​ម​។​ឯកឧត្តម​ក៏បាន​អរគុណ​សម្តេច​តេ​ជោ ហ៊ុនសែន​ដែល​បាន​ជំរុញ​កិច្ចសហការ​ទ្វេភាគី​ដ៏​រឹងមាំ​រវាង​ឥណ្ឌូនេស៊ី​និង​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​អញ្ជើញសម្តេច និង​គណៈប្រតិភូ​ចូលរួម​ក្នុង​ពិធី​ហើយ​សម្តេច​ពិតជា​រីករាយ​ក្នុងការ​ចូលរួម​ពិធី​ដ៏​សែន​មាន​អត្ថន័យ​មួយ​នេះ​។​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​នាំយក​នូវ​ព្រះរាជបន្ទូល​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហនុ​ជាទីគោរព​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់​ជូន​ឯកឧត្តម​ប្រធានាធិបតី​ផងដែរ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បានបង្ហាញ​ក្តីសង្ឃឹម​ថា​ក្នុង​អាណត្តិ​ថ្មី​នេះ​ឯកឧត្តម​ប្រធានាធិបតី​នឹង​រក​ពេលវេលា​សមស្រប​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ខណៈដែល​អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ចំនួន​៤​រូប​មកហើយ​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​នៅក្នុង​ជំនួប​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​លើក​ពី​បញ្ហា​របស់​ទី​ម័​រ​ដែល​ចង់​ក្លាយជា​សមាជិក​អាស៊ាន​ផងដែរ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែង​បង្ហាញ​ក្តី​សង្ឃឹមថា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​នឹង​សម្រេច​ពី​ការចង់​ក្លាយជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាទី​ក្រុង​បាងកក​នៅ​ចុងឆ្នាំ​នេះ​។​សម្តេច​តេ​ជោ​បាន​ថ្លែងថា​ប្រទេស​ទី​ម័​រ​ខាងកើត​បាន​ខិតខំ​គ្រប់​លទ្ធភាព​ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន​ជាពិសេស​បាន​បើក​ស្ថានទូត​នៅ​ប្រទេស​ទាំង​១០​នៃ​សមាជិក​អាស៊ាន​។​សម្តេច​តេ​ជោ​សង្ឃឹមថា​ឯកឧត្តម​ប្រធានាធិបតី​នឹង​គាំទ្រ​ប្រទេស​ទី​ម័​រ​ជា​សមាជិក​របស់​អាស៊ាន​។

​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​គាំទ្រ​ការលើកឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងការ​អនុញ្ញាតឱ្យ​ទី​ម័​រ​ក្លាយជា​សមាជិក​ទី​១១​របស់​អាស៊ាន​ហើយ​ឥណ្ឌូនេស៊ី​គាំទ្រ​ប្រទេស​ទី​ម័​រ​។​ឯកឧត្តម​ប្រធានាធិបតី បាន​លើកឡើងថា ជា​រឿង​ដ៏​សម្រាប់​ការអនុញ្ញាតឱ្យ​ទី​ម័​រ​ក្លាយជា​សមាជិក​អាស៊ាន​។​

​សម្រាប់​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​វិញ​ឯកឧត្តម​ប្រធានាធិបតី​បាន​មើលឃើញ​មានការ​វិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ​។​ដូចជា​វិស័យ​សុខាភិបាល​ប្រទេស​ទាំងពីរ​មានការ​វិនិយោគ​រួមគ្នា​ហើយ​វិស័យ​ដឹកជញ្ជូន​វិញ​ប្រទេស​ទាំងពីរ​មានការ​ហោះហើរ​ត្រង់​ជាមួយគ្នា​ផងដែរ​។​ប៉ុន្តែ​ឯកឧត្តម​មើលឃើញថា​នៅមាន​វិស័យ​ជាច្រើន​ទៀត​ដែលមាន​សក្តានុពល​ហើយ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ដូចជា​ការដឹកជញ្ជូន​ផ្លូវដែក និង​តាម​ផ្លូវទឹក​ជាដើម​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៩​នេះ​ឯកឧត្តម​ប្រធានាធិបតី​ចូ​កូ​វី​ដូ​ដូ​នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ឥណ្ឌូនេស៊ី សម្រាប់​អាណត្តិ​ទី​២​របស់លោក​ពី​ឆ្នាំ​២០១៩ ដល់ ២០២៤ បន្ទាប់ពី​ឯកឧត្តម​បានឈ្នះ​ឆ្នោត​កាលពី​ខែមេសា​កន្លងទៅនេះ​។​ពិធី​ចូលកាន់​តំណែង​របស់​ឯក​ឧ​ត្ត​ម​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​អ​ធឹ​ក​អធម​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ជា​មិត្ត​មួយចំនួនទៀត​៕S/​