សម្តេច​តេ​ជោ​ហ៊ុនសែន​៖«​សូមកុំ​រង់ចាំ​ខ្មោច​ដែល​វា​ងាប់​ហើយ ថា​វា​អាច​រស់​ឡើងវិញ​បាន​នោះ​»

484
ចែករម្លែក

​កំពង់ស្ពឺ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​  បានធ្វើ​ការបញ្ជា​ក់ដោយ​ភាពច្បាស់លាស់​មួយ​ទៅកាន់​អ្នក​ដែល​កំពង់តែ ដេក​ស្រ​ម៉ៃ​ថា​នឹងមាន​ការបោះឆ្នោតជាតិ​ឡើងវិញ​នៅពេល​ខាងមុខ​ថា​៖  «​សូមកុំ​រង់ចាំ​ខ្មោច​ដែល​វា​ងាប់​ហើយ ថា​វា​អាច​រស់​ឡើងវិញ​បាន នោះ​»​។ សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ កម្ម ករ​-​កម្មការិនី នៅ​ខេត្តកំពង់ស្ពឺ ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​កម្ពុជា​នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​និង​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ​នៅ​ឆ្នាំ ២០២៣ ហើយ​ក្រៅពីនេះ​គឺ​គ្មាន​ការបោះឆ្នោត​អ្វី​ទាំងអស់​សូម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័ន្ដច្រឡំ​ឲ្យ​សោះ ។​

សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​សូមកុំ​មានការ​ភ័ន្ដច្រឡំ​ឲ្យ​សោះ ហើយ​ខ្ញុំ​ក៏​សូមបញ្ជាក់ថា ការបោះឆ្នោត​នឹងត្រូវ​ធ្វើ ការបោះឆ្នោត​សម្រាប់​ឃុំ​-​សង្កាត់​នៅ​ឆ្នាំ ២០២២ និង ធ្វើការ​បោះឆ្នោត​សម្រាប់​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ឆ្នាំ​២០២៣​ខុសពី​នេះ​គឺ​គ្មាន ទេ សូមកុំ​រង់ចាំ​ខ្មោច​ដែល​វា​ងាប់​ហើយ​ថា​វា​អាច​រស់​ឡើងវិញ​បាន​នោះ​»​។​

​កន្លងទៅនេះ​ពួក​អ្នកនយោបាយ​ប្រឆាំង​មួយចំនួន​នៅតែ​ចិញ្ចឹមចិត្ត​គិតថា​នឹងមាន​ការបោះឆ្នោត​ឡើងវិញ​ដោយមាន​គណបក្ស​សង្គ្រោះ ជាតិ​ចូ​ម​រួម ដោយ​ពួកគេ​សង្ឃឹមថា​សហគមន៍​អន្តរជាតិ​និង​ធ្វើការ​កៀបសង្កត់​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ដោះលែង​លោក គឹម សុខា និង រៀបចំ​ការបោះឆ្នោត​ឡើងវិញ ។ បញ្ហា​នេះ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​មាន​ភាពជ្រុលនិយម​ក៏​នៅតែ​សង្ឃឹម​តាម​ការឃោសនា​បោកប្រាស់​របស់​អ្នកនយោបាយ​ប្រឆាំង ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​លើកឡើង​ផងដែរ​ថា​អ្នក​ដែលជា​ជឿ​ទៅលើ​ការ​ភូត​កុ​ហស​របស់គេ​លើក​ទី​១ គឺអាច​លើកលែង​បាន ។ លើក​ទី​២ ក៏​នៅតែ​អាច​យោគ​យល់បាន តែបើ​នៅតែ​ជឿ​លើក​ទី​៣ ទៀត​នោះ​គឺ​អ្នក​ដែល​ត្រូវគេ​បោក​នោះ​គឺជា កំហុស​ខ្លួនឯង​តែម្តង ។​

​គួរ​បញ្ជាក់ថា​គណបក្ស​ស​ង្ក្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​កាត់ទោស​រំលាយចោល​នៅ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ បន្ទាប់ពី​រក ឃើញថា​គណបក្ស​មួយ​នេះ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋា ភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ជាមួយ គ្នា​នេះ​តុលាការ​ក៏បាន​ហាមឃាត់​មេដឹកនាំ​បក្ស​នេះ​ចំនួន ១១៨ នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផងដែរ​៕