សម្តេច​តេ​ជោ​ហ៊ុនសែន​៖​កម្ពុជា​នេ​ប៉ាល់​នៅ​មិន​ឆ្ងាយ​ពីគ្នា​ទេ​គួរ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​សក្តានុពល​ដែលមាន​

744
ចែករម្លែក

ភ្នំពេញ​៖​លោកស្រ៊ី​ថាមរុង្គ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រ​ហ៊ុន សែន ជាមួយនឹង​លោក ប្រា​ឌី​ព គូ​ម៉ា ហ្គែ​វ៉ា​លី (Pradeep Kumar Gyawali )​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​នេ​ប៉ាល់ ថា​នៅក្នុង​ជំនួប​នោះ លោក​រដ្ឋមន្ត្រីការបរទេស​នេ​ប៉ាល់​បាន​សំដែង​នូវ​ការ​ការរីករាយ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​ប្រទេស​ទាំងពីរ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែលមាន​បញ្ហា​ប្រឈម​ប្រហាក់ប្រហែលគ្នា​ហើយ​យើង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា ។​

​លោក​ក៏បាន​អបអរសាទរ​ចំពោះ​ជ័យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បានទទួល​ជ័យជម្នះ​ផ្លូ​ក​ទឹក ផ្លូ​កដី​លើ​ការបោះឆ្នោត​នាពេល​កន្លងមក​។​បាន​នាំមក​នូវ​សុខសន្តិភាព​ស្ថេរភាព​និង​ការអភិវឌ្ឍន៍​សម្រាប់​ប្រទេស​កម្ពុជា​។​លោក​រដ្ឋមន្ត្រី ក៏បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ដែល​បានទទួល​យក​នូវ​សំណើ​របស់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​នៅក្នុង​ជំនួប​កាលពី​ខែកញ្ញា​នៅ​ទីក្រុង​ញូវយ៉ក​ក្នុងការ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេ​ប៉ាល់ ។​ ​លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ផងដែរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​កសាង​ប្រទេស​ឡើងវិញ​ដោយ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ទទួលបាន​ជោគជ័យ​និង​មានការ​អភិវឌ្ឍ​ដូច​បច្ចុប្បន្ននេះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ដ៏​ល្អ​របស់​រដ្ឋាភិបាល​ប្រទេស​នេ​ប៉ាល់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ដែលជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ ។ សម្ដេច​បាន​បន្តថា​ប្រវត្តិ​នៃ​ប្រទេស​យើង​ទាំងពីរ​មាន​ភាព ស្មុគស្មាញ​មិន​ដូចគ្នា​ទេ ប៉ុន្តែ​យើង​បាន​ឆ្លងកាត់​ការលំបាក​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​។​សម្ដេច​ក៏បាន​អបអរសាទរ​ចំពោះ ប្រទេស​នេ​ប៉ាល់​ដែល​បានទទួល​ជោគជ័យ​ក្នុងការ​បង្រួបបង្រួម​ជាតិ ។​

សម្តេច​បាន​ជម្រាប​ថា​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​ជាច្រើន​ពី​ប្រទេស​ដែលមាន​ការបែកបាក់​ហែកហួរ​គ្នា​មកជា​ប្រទេស​ដែល​រួមគ្នា​ជា​ធ្លុង​មួយ​ដែល​ពីមុន​ជា​ប្រទេស​ដែរ​មាន​បក្សពួក​ច្រើន មានការ​បែងចែក​ពី​ទឹកដី​និង​វាយ​ប្រ​យុ​ទ្ឌ​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ។ ពេល នេះ​យើង​បាន​បង្រួបបង្រួម​ជាតិ​ឲ្យ​មក​នៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ រដ្ឋាភិបាល​តែមួយ​កងទ័ព​តែមួយ​ហើយ​កំពុង​ជំរុញ​ការអភិវឌ្ឍ ប្រទេស​ឲ្យ​ឈានឡើង ។

​សម្តេច​តេ​ជោ​បន្តថា​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​ប្រមាណ ២០ឆ្នាំ​កន្លងមកនេះ យើង​កំពុង​ប្រែក្លាយ​ប្រទេស​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​ដែលមាន​ ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ សម្តេច​តេ​ជោ​បន្តថា​ប្រទេស​យើង​ទាំងពីរ​មានបទពិសោធន៍​ក្នុងការ​អភិ វឌ្ឍ​ប្រទេស​ដែល​អាច​ផ្លាស់ប្ដូរ​គ្នា​បាន​។​សម្ដេច​បានស្នើ​ថា​ពី​ប្រទេស​នេ​ប៉ាល់​ទៅ​កម្ពុជា​និង​ពី​កម្ពុជា​មក​ប្រទេស​នេ​ប៉ាល់​មិន​ឆ្ងាយ​គ្នា​ទេ​យើង​គួរតែ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ទៅលើ​សក្តានុពល​ដែល យើង​មាន ។

​សម្តេច​តេ​ជោ​បាន​បន្តថា​ប្រទេស​នេ​ប៉ាល់​មាន​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ជូន​សារ​តាំងនៅ​ភ្នំពេញ ហើយ​សម្ដេច​ក៏មាន​បំ ណង​បញ្ជូន​ឯកអគ្គរដ្ឋទូត​កម្ពុជា​ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូ​វ​ដេលី​មកកាន់​ប្រទេស​នេ​ប៉ាល់​ផងដែរ​ហើយ​នៅពេលដែល​យើង មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​យើង​នឹង​បើក​ស្ថានទូត​នៅ​ប្រទេស​នេ​ប៉ាល់ ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ចំពោះ​ប្រទេស​នេ​ប៉ាល់​ផងដែរ​ដែល​បានរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី ប៉ាស៊ីហ្វិក​ឆ្នាំ ២០១៨ នេះ ។ សម្ដេច​បាន​មានប្រសាសន៍ថា​សម្ដេច​នឹង​ចូលរួម​វិភាគទាន​ដើម្បី​ឲ្យ​កិច្ចប្រជុំ​នេះ​ទទួលបាន​ជោគជ័យ ។​

​លោក Pradeep Kumar Gyawali បាន​ឆ្លៀតឱកាស​នោះ​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល បានធ្វើការ​អភិវឌ្ឍន៍​ប្រទេស​មានការ​រីកចម្រើន​ជឿនលឿន​ហើយ​លោក​សូម​គាំទ្រ​និង​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ពិសេស​លើ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ហើយ​និង​វិស័យ​ផ្សេងទៀត​ដែល​ប្រទេស​ទាំងពីរ​មាន ។ លោក​រដ្ឋមន្ត្រីការបរទេស​បាន​ជម្រាប ជូន​សម្តេច​ថា​ប្រទេស​នេ​ប៉ាល់​និង​និង​បើក​ព្រលានយន្តហោះ​ថ្មី​មួយ​នៅ​ឆ្នាំក្រោយ​នេះហើយ​យើង​នឹងមាន​ជើងហោះហើរ​ត្រង់​ពី​នេ​ប៉ាល់ ទៅកាន់​កម្ពុជា​។ លោក​បន្តថា​ពេលនោះ​ប្រជាជន​នេ​ប៉ាល់​អាច​នឹងធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​អង្គរវត្ត​របស់​កម្ពុជា​ហើយ​ប្រជាជន​កម្ពុជា ក៏​អាចធ្វើ​ដំណើរ​មក​ទស្សន​កិច្ច​នៅ​ប្រទេស​នេ​ប៉ាល់​ដែលជា​កន្លែង​ព្រះពុទ្ធ​ប្រសូត្រ​ផងដែរ ៕