ដោយៈសុផល/ភ្នំពេញ៖ថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃព្រះរាជាណាចក្រកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី,សម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា,និងសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានិងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។
សម្តេចទាំងបីនឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពេលបើកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF)លើកទី២៧ដែលធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ។
ពិធីបើកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ជាផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។
គួរជម្រាបថាកិច្ចប្រជុំ APPF ប្រារព្ធធ្វើឡើងក្រោមមូលបទ“ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព” (Strengthening Parliamentary Partnership for Peace, Security and Sustainable Development)។អញ្ជើញចូលរួមវេទិកានេះរួមមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភាបណ្តាប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកចំនួន២៧ប្រទេសព្រមទាំងវត្តមាននៃគណៈប្រតិភូភ្ញៀវកិត្តិយស និងប្រទេសជាអ្នកសង្កេតការណ៍។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២ ខែមករានេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា គណៈប្រតិភូប្រទេសទាំង២១ ដែលនឹងត្រូវមកចូលរួមក្នុងកិច្ចប្រជុំនេះ មានដូចជា៖ អូស្ត្រាលី ឡាវ សហព័ន្ធរុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ហ្វីជី ម៉ុងហ្គោលី ណូវ៉ែលហ្សឺឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈីលី ប៉ាពួញូហ្គីនៀ សិង្ហបូរី ជាដើម។
លោកបានបន្តថាគណៈប្រតិភូប្រទេសទាំងនេះមានសរុប២៣៩នាក់ក្នុងនោះស្ត្រី៨៩នាក់ដោយមិនទាន់គិតពីការចូលរួមពីគណៈប្រតិភូសភាកម្ពុជា។សភាកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ខែមករា ក្រោមមូលបទស្តីពី«ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាពសន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព»។
វេទិកាថ្នាក់តំបន់នេះនឹងត្រូវស្វាគមន៍ដោយព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមុនពិធីបើកជាផ្លូវការនៃមហាសន្និបាតរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលកំពូលៗរបស់កម្ពុជាមានដូចជា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧។
លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧បានឱ្យដឹងថាក្នុងនាមសភាកម្ពុជាជាប្រធានដឹកនាំនៃកិច្ចប្រជុំនេះគឺបានត្រៀមប្រធានបទសំខាន់ទាក់ទងនឹងវិស័យនយោបាយសេដ្ឋកិច្ចសង្គមកិច្ចសម្រាប់ដាក់ជូនអង្គប្រជុំពិភាក្សានិងសម្រេចក្នុងការកសាងទំនុកចិត្ត។
ដើម្បីសន្តិភាពសន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ការប្រយុទ្ធប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់និងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់សភាក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយការទទួលខុសត្រូវដើម្បីវឌ្ឍនភាពសង្គម។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum”បានបង្កើតឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៣ដើម្បីជំរុញយន្តការសភាក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។
សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះកាលពីឆ្នាំ១៩៩៥។បច្ចុប្បន្នAPPFមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស៕S/