សម្តេច​តេ​ជោ​ហ៊ុនសែន ​នឹង​អញ្ជើញ​​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​របស់លោក ចូ​កូ វី​ដូ​ដូ ជា​ប្រ​ធានាធិបតី​ឥណ្ឌូណេស៊ី

192
ចែករម្លែក

ដោយ:តារា​រិ​ទ្ធ-មុនីរ័ត្ន:​ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជ រដ្ឋាភិបាល​អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​របស់លោក​ចូ​កូ វី​ដូ​ដូ (Joko Widodo) ជា​ប្រធានាធិបតី និង​លោក ម៉ា​រូ​ហ្វ អា​ម៉ឺន (Marut Amin) ជា​អនុ​ប្រ​ធានា​ធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សា​ការ​តា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ង​ទី១៨ ខែតុលា​នេះ។​

​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល និង​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ឯទៀត ក៏​នឹងមាន​វត្តមាន​នៅក្នុង​ពិធីនោះផងដែរ​។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​​ រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ជួប​ដោយឡែក​ជាមួយ​លោក ចូ​កូ វី​ដូ​ដូ ដើម្បី​ជូនពរជ័យ​ដល់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ហើយ​និង​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​បញ្ហា​នានា​ដែលមាន​ការចាប់អារម្មណ៍​ដូចគ្នា​។​

​លោក ចូ​កូ វី​ដូ​ដូ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២ នៅក្នុង​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០១៩ កន្លងមកនេះ សម្រាប់​អាណត្តិ ២០១៩-២០២៤​។

​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឥស្សរជន​អាស៊ាន​ផ្សេងទៀត​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​ជា​ផ្លូវការ​របស់​ប្រ​ធានា​ធិ​បតី​ឥណ្ឌូណេស៊ី ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គីភាព និង​មិត្តភាព​ក្នុងចំណោម​ប្រជាជាតិ​អាស៊ាន​។​

​តាម​គ្រោង​ សម្តេច​តេ​ជោ​ហ៊ុនសែន​ នឹង​អញ្ជើញ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី១៩ ខែតុលា និងអញ្ជើញ​និវត្តន៍​វិញ​នៅ​ព្រលប់​ថ្ងៃទី២០ ខែតុលា៕​B/Ha