សម្តេច​តេ​ជោ​ហ៊ុនសែន​: “​យុវជន​គួរ​មាន​មោទនភាព​ជាមួយ​អ្វី​ដែលជា​ផ្លែផ្កា​កើតចេញពី​សុខសន្តិភាព​”

884
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា “​និស្សិត​ម្នាក់ៗ​ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ គប្បី​មាន​មោទនភាព​ជាមួយ​អ្វី​ដែលជា​សមិទ្ធផល​ផ្លែផ្កា​ដែល​កើតចេញពី​សន្តិភាព​”​។ ដោយ​សម្តេច​បានលើកឡើង​ថា សន្តិភាព​បាន​ផ្តល់ឱកាស​យ៉ាងច្រើន ដល់​យុវជន​សម័យកាល​នេះ ទាំង​ការរៀនសូត្រ និង​ការស្វែងរក​ការងារ​ធ្វើ​។ វា​ខុសពី​យុវជន​សម័យមុន ដែល​ពួកគេ​បាន​បាត់បង់​ឱកាស​ស្ទើរ​ទាំងស្រុង នៅក្នុង​សម័យកាល​នៃ​ប្រទេស​មាន​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ហើយ​បន្ត​មក​នៅក្នុង​តំបន់​ដែលមាន​សង្គ្រាម​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និ​ស្សត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ចំនួន​ជាង ៣​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា​នេះ នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​សំដៅទៅ​កាន់​ក្រុមនិស្សិត ជា​យុវជន​ជំនាន់​ក្រោយ ដែល​រស់នៅ​ក្នុងសម័យ​មួយ​ដែលមាន​សុខសន្តិភាព​ពេញលេញ ហើយ​មាន​សិទ្ធិ​គ្រប់បែបយ៉ាង ក្នុងការ​ជ្រើសរើស​ការ​រៀនសូត្រ និង​ការងារ​។ វា​ខុសពី​យុវជន​សម័យមុន ដែល​ស្ថិតក្នុង​ដំណាក់កាល​ប្រទេស​មាន​សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាស្ត្រ​។

​សម្តេច​បន្តថា យុវជន​សម័យមុន​គ្មាន​ផ្លូវ​ទី​៣ សម្រាប់​ជ្រើសរើស​នោះទេ ប្រសិនជា​ពួក​ស្ថិតក្នុង​របប​លន់​ណុល ក៏ត្រូវ​គេ​ចាប់​ឲ្យ​ធ្វើ​ទាហាន ហើយ​បើ​គេចខ្លួន​ចូលទៅក្នុង​តំបន់​រំដោះ​ក៏​ត្រូវតែ​ធ្វើជា​កងទ័ព​។ ដូចនេះ​គ្មាន​ជំរើស​ទី​៣ នោះទេ មានតែ​ចំណាប់ខ្មាំង​នៃ​សង្គ្រាម​នោះ​ហើយ ជា​ស្ថានភាព​នៃ​ប្រទេស​មាន​សង្គ្រាម ហើយ​នៅក្នុង​របប​ប៉ុលពត គឺ​គ្មានអ្វី​ឲ្យ​ជ្រើសរើស​ទាំងអស់ មានតែ​ធ្វើ​ទៅតាម​អង្គការ​តែប៉ុណ្ណោះ គ្មាន​សិទ្ធិ​ក្នុង​ការតវ៉ា ឬ​រត់គេច​នោះទេ​៕ ល​