សម្តេច​តេ​ជោ​ហ៊ុន សែន ​អញ្ជើញ​បើក​សន្និសីទ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ ឆ្នាំ​២០១៩

315
ចែករម្លែក
សម្តេច​តេ​ជោ​ហ៊ុន សែន​អញ្ជើញ​បើក​សន្និសីទ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​:​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក ​លើក​ទី​២ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ប្រទេស​កម្ពុជា​។​

​កិច្ចប្រជុំ​កំពូល​នេះ​គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ កើតចេញពី​ការសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​រាជ​រដ្ឋាភិ​បាល​និង​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ ក្រោម​ប្រធានបទ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នាពេល​បច្ចុប្បន្ន​៖ សន្តិភាព ការបង្រួបបង្រួម​ជាតិ ការពឹង​ពាក់​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញ​ទៅមក និង​គុណ​តម្លៃ​សកល​» ដែល​វេទិកា​សម្រាប់​ការពិភាក្សា​យ៉ាង​ទូលំទូលាយ​និង​ស៊ីជម្រៅ ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​នៅក្នុង​តំបន់​និង​ពិភពលោក​ តាមរយៈ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​លើកកម្ពស់គុណ​តម្លៃ​រួម​សន្តិភាព​និង​វិបុលភាព​សម្រាប់​ប្រជាជាតិ​ទាំងអស់​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២​នេះ ត្រូវបាន​គេ​រំពឹងទុក​ថា​ មាន​អ្នកចូលរួម​រហូតដល់​ទៅ​ជាង​៨០០​នាក់ មកពី ៤២ ប្រទេស​។ អ្នកចូលរួម​ទាំងនោះ ជា​ប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីត​ថ្នាក់ដឹកនាំ​ប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ច​ជន សាកលវិទ្យាល័យ អង្គភាព​សារព័ត៌មាន អ្នកសិល្បៈ និង​ស្ថាប័ន​នានា​ជាច្រើន​ទៀត​។​

​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃនេះ ​ក៏មាន​ការប្រគល់​ពានរង្វាន់ «​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​ល្អ​» ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ធ្វើឡើងដើម្បី​ពង្រឹង​ភាពជា​ដៃគូ រវាង​រដ្ឋាភិបាលនិង​សង្គម​ស៊ីវិល​ផង ហើយ​ដែលមាន​ខ្លឹមសារ​ស្នូលដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ ការប្រែប្រួល​អាកាសធាតុ និង​ជម្លោះ និង​ដំណោះស្រាយ​ក្នុង​គ្រា​សំខាន់​។

​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​នេ​ប៉ាល់ កាលពី​ឆ្នាំ​២០១៨​។ កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដោយ​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល (Universal Peace Federation–UPF)​។​

​អង្គការ UPF ជា​បណ្តាញ​អន្តរជាតិ និង​អន្តរ​ជំនឿ​របស់​ក្រុម​បុគ្គល និង​អង្គភាព រួមទាំង​អ្នកតំណាង​មកពី​សាសនា រដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ប្ដេជ្ញា​សម្រេច​ឱ្យបាន​នូវ​សន្តិភាព​ពិភពលោក ដែល​មនុស្ស​គ្រប់គ្នា​អាច​រស់នៅក្នុង​សេរីភាព ភាព​សុខដុម កិច្ចសហប្រតិបត្តិការ និង​វិបុលភាព ដែល​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥​។​

​អង្គការ UPF លើកទឹកចិត្ត​ឱ្យ​សាសនា​ទាំងអស់​ធ្វើ​កិច្ចសន្ទនា​និង​សហការ​ដើម្បី​សន្តិភាព​ ដោយ​ផ្អែកលើ​ការ​ទទួលស្គាល់ថា សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស​បានមកពី​ប្រភព​ទេវ​ភាព​សកល ដែលជា​មូលដ្ឋាន​នៃ​ភាព​សុខដុម​និង​ការបង្រួបបង្រួម​តាមរយៈ​ឯកអគ្គរដ្ឋទូត​ដើម្បី​សន្តិភាព​ដែលមាន​ជាង ៥​ម៉ឺន​នាក់​៕​សនរ/Ha