សម្តេច​តេ​ជោ​អញ្ជើញ​ចាក​ចេញពី​កម្ពុជា​ដើម្បី​ចូលរួម​ខួប​ទី​៥០ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​ប្រ៊ុយណេ ​

1338

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧​នេះ ដើម្បី​ចូលរួម​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​ប្រ៊ុយណេ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (SULTAN HAJI HASSANAL BOLKIAH) ។​


​ ​
​តាម​ការប្រកាស​របស់​ក្រសួងការបរទេស បានឱ្យដឹងថា ការអញ្ជើញ​ទៅ​ប្រទេស​ប្រ៊ុយណេ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​មាន​រយៈពេល​៣​ថ្ងៃ ដែល​ធ្វើឡើង​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៧ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ ។​
​ ​
​ក្រសួងការបរទេស បាន​គូស​បញ្ជាក់ទៀតថា កម្ពុជា និង​ប្រ៊ុយណេ មាន​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​។ ការអញ្ជើញ​របស់​ព្រះករុណា ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់​បុល​គី​យ៉ា​ស់ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ការអញ្ជើញ​ចូលរួម​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​ដ៏​សំខាន់​នេះ​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រ​​ទេស​ទាំងពីរ ដើម្បី​ពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី រវាង​ព្រះរាជាណាចក្រ​ទាំងពីរ​៕​ដោយ​៖​វិបុល​/sn