សម្តេច​តេ​ជោ​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​ថ្នាក់ជាតិ​ខែ​រ៉ា​ម៉ា​ឌន​នៃ​សាសនា​អ៊ីស្លាម​កម្ពុជា​

1363
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​អ៊ីស្លាម​កម្ពុជា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ ។ នេះ​ជា​លើក​ទី​៥ ហើយ​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​ថ្នាក់ជាតិ ដែល​បានចាប់ផ្តើម តាំង​ឆ្នាំ ២០១៤ មក ។

លោក​អូស្មាន​ហាស្សាន់​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​អ៊ីស្លាម​កម្ពុជា​បាន​ឲ្យ​ដឹងថា​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៥​ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ជា​អធិបតីភាព​។​នៅក្នុង​ពិធី​ស្រាយ​បួស​នៅ​រាត្រី​នេះ​មាន​ចំនួន​សរុប​ចំនួន​៤.៧៥០​នាក់​ក្នុងនោះ​មាន​មកពី​បណ្តា​ខេត្ត​នានា​ចម្ងាយ​ជាង ២៥ គីឡូម៉ែត្រ រហូតដល់ ៣៦០ គីឡូម៉ែត្រ ទូទាំងប្រទេស​ចំនួន ២.៤២០​នាក់​។ ក្នុងនោះ​រាជធានី​ភ្នំពេញ ២០៨០​នាក់ និង​មកពី​បរទេស​ចំនួន ១៥០​នាក់ ។​

​លោក អូស្មាន ហាស្សាន់ បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៧ ខែឧសភា ត្រូវ​នឹង​ថ្ងៃទី​១ ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៣៩ មូ​ហាំ​មាត់ សករាជ សាសនិក​អ៊ី​ស្ថា​ម​កម្ពុជា ក៏ដូចជា​សាសនិក​ឥស្លាម​ក្នុង​ពិភពលោក កំពុង​បួស តម​អាហារ​ពី​ព្រឹក​ព្រលឹម រហូតដល់​ថ្ងៃ​លិច ប្រមាណ​ជាង​១៤​ម៉ោង ដោយមាន​ការប្រែប្រួល​តា​ម​តំបន់​ខ្លះ រយៈពេល​មួយខែ​ក្នុង​មួយឆ្នាំ ដែលជា​កាតព្វកិច្ច​ទី​៤ ក្នុងចំណោម​កាតព្វកិច្ច​ទាំង​៥ នៃ​អ្នក​កាន់សាសនា​អ៊ីស្លាម​នៅលើ​សកលលោក ។
​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៥​ហើយ បន្ទាប់ពី​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានសម្រេច​រៀបចំ​កម្ម​វិធី​ស្រាយ​បួស​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០១៤ ដែលជា​កម្មវិធី​មួយ​ពុំ​ធ្លាប់​មាននៅ​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក ៕​មន​

#