សម្តេច​តេ​ជោ​អញ្ជើញ​អបអរសាទរ​ខួប​ ១០០​ឆ្នាំ​ថ្ងៃកំណើត​អង្គការ​ILO​និង​ខួប​៥០​ឆ្នាំ​ដែល​កម្ពុជា​ក្លាយជា​សមាជិក ILO

765
ចែករម្លែក
  • 2
    Shares

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ​ ថ្ងៃ​បង្កើត​បង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ខួប ៥០​ឆ្នាំ ដែល​កម្ពុជា​ក្លាយជា​សមាជិក​អង្គការ ILO​។

​អង្គការ​អន្តរជាតិ​ខាង​ការងារ គឺជា​ទីភ្នាក់ងារ​ត្រីភាគី​ឯកទេស​ផ្នែក​ពិភព​ការងារ​នៃ​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩១៩ ​ដើម្បី​កំណត់​បទដ្ឋាន​ការងារ​និង​រៀបចំ​គោលនយោបាយ​នានា​ក្នុង​គោលបំណង​បង្កើន​យុត្តិធម៌​សង្គម និង​លើកកម្ពស់​ការងារ​សមរ​ម្យ​សម្រាប់​ស្ត្រី និង​បុរស​។​

ក្នុង​រយៈពេល​១០០​ឆ្នាំ​កន្លងមកនេះ​អង្គការ​អន្តរជាតិ​ខាង​ការងារ​បានអនុម័ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ចំនួន​១៨៩​ ពិធីសារ​ចំនួន​៦​ និង​អនុសាសន៍​ចំនួន​២០៥ ​ដើម្បី​ជា​បទដ្ឋាន​រួម​សម្រាប់​ប្រទេស​ជា​សមាជិក​ក្នុងការ​អភិវឌ្ឍ​ពិភព​ការងារ​ប្រកបដោយ​សុខដុមរមនា និង​ចីរភាព​។​

​លោក​អ៊ិត ​សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​១៩៦៩​។​លោក​រដ្ឋមន្ត្រី​បន្តថា​ក្នុង​រយៈពេល​៥០​ឆ្នាំ​មកនេះ​កម្ពុជា​បានផ្តល់​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ចំនួន​១៣ ។​

ក្នុងនោះ​មាន​អនុសញ្ញា​ស្នូល​ទាំង​៨ គឺ​អនុសញ្ញា​លេខ​២៩, លេខ​៨៧, លេខ​៩៨, លេខ​១០០, លេខ​១០៥, លេខ​១១១, លេខ​១៣៨, លេខ​១៨២, និង​អនុសញ្ញា​បច្ចេកទេស​ចំនួន​៤ គឺ​អនុសញ្ញា​លេខ​៤, លេខ​៦, លេខ​១៣, លេខ​១៥០ ព្រមទាំង​អនុសញ្ញា​អាទិភាព​ចំនួន​១ គឺ​អនុសញ្ញា​លេខ​១២២​។​

​លោក​រដ្ឋមន្ត្រី​អ៊ិត​សំហេង​បាន​ឲ្យ​ដឹង​ដែរ​ថា​ខ្លឹមសារ​នៃ​អនុសញ្ញា​អន្តរជាតិ​ទាំងនេះ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​កម្ពុជា​។​ក្នុងនោះ​កម្ពុជា​ធ្លាប់បាន​ជាប់ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(GoverningBody)​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៧​។​

ជាមួយ​នោះបាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​យន្តការ​នេះ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​និង​បាន​បំពេញ​នូវ​កាតព្វកិច្ច​របស់ខ្លួន​ទៅតាម​អនុសញ្ញា​ដែល​បានផ្តល់​សច្ចាប័ន ​ព្រមទាំង​បានសម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ​និង​បាន​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ដល់​ប្រ​​ទេស​ជា​មិត្ត​មួយចំនួន​។​

​កាលពី​ថ្ងៃទី​២៥​ខែមីនា​កន្លងទៅ​ថ្មីៗ​នេះ​ សម្តេច​តេ​ជោ​ហ៊ុន សែន ​ក៏បាន​ចេញ​សារា​ចរណ៍​ណែនាំ​មួយ​ស្តីពី​ការរៀបចំ​ខួប ១០០​ឆ្នាំ របស់​អង្គការ ILO និង​ខួប ៥០​ឆ្នាំ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់ ILO ផងដែរ​។​ក្នុង​សារា​ចរណ៍​នោះ​សម្តេច​តេ​ជោ​បាន​ណែនាំ​ឲ្យ​តាម​ក្រសួង ​ស្ថាប័ន​របស់​រដ្ឋ​និង​នៅតាម​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​ការងារ​រួមគ្នា​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​លើកកម្ពស់​វិស័យ​ការងារ​និង​ការយល់ដឹង​ពី​សិទ្ធិ​ការងារ​ជាដើម​៕S/​Ha